តើគួរជួយសង្គ្រោះរថយន្តក្រុងរបៀបណា ខណៈបញ្ហាកកស្ទះកំពុងជាបញ្ហាឈឺក្បាល?
ជាមួយគ្នានឹងកំណើនមនុស្ស ជីវភាព ការងារ និងសកម្មភាពសេដ្ឋកិច្ចទាំងនេះបានធ្វើឱ្យតម្រូវការការធ្វើដំណើរ និងសកម្មភាពដឹកជញ្ជូនកើនឡើង។ ជាមួយគ្នានេះ គេមិនត្រូវមើលមកការដឹកជញ្ជូនសាធារណៈថាជាសកម្មភាពសេដ្ឋកិច្ចសុទ្ធសាធទេ វាក៏មានលក្ខណៈសង្គមកិច្ចដែរក្នុងហេតុផលជួយកាត់បន្ថយការកកស្ទះ ស្ត្រេសឬការមួម៉ៅរបស់អ្នកធ្វើដំណើរ ការកាត់បន្ថយការបញ្ចេញផ្សែងពុល ការខូចខាតសុខភាពប្រជាជននិងបរិស្ថានដែរ។
ប្រភពរូប៖ http://phnompenh.gov.kh/
បច្ចុប្បន្ននៅភ្នំពេញមានរថយន្តចំនួនប្រមាណកន្លះលាន និងទោចក្រយានយន្តជិត៣លានគ្រឿងហើយចំនួននេះនឹងបន្តកើនជាប់ជានិច្ច។ នៅចំពោះកំណើននេះ ភាពកកស្ទះចរាចរណ៍គឺជាបញ្ហា ហើយជារឿយៗការកកស្ទះនេះ មិនមែនកើតមានតែតាមមហាវិថីធំៗនោះទេ តាមផ្លូវតូចៗខ្លះក៍ប្រឈមនឹងបញ្ហានេះដែរ។ ដោយសារចង់ដោះស្រាយបញ្ហានេះ អាជ្ញាធរក្រុងដាក់ចេញនូវអាជីវកម្មរថយន្តដឹកជញ្ជូនក្នុងក្រុងដោយមានការឧបត្ថម្ភពីអង្គការ Jaica របស់ប្រទេសជប៉ុន។ ប៉ុន្មានឆ្នាំនេះ យើងឃើញសកម្មភាពដឹកជញ្ជូនអ្នកដំណើរតាមមធ្យោបាយសាធារណៈពោលឱ្យចំគឺរថយន្តក្រុងមានភាពសកម្មភាពច្រើនជាងមុន ទាំងចំនួនខ្សែ(គន្លងផ្លូវ)ដែលរថយន្តធ្វើការបើកបរ និងចំនួនរថយន្តតាមខ្សែនីមួយៗ។
ប្រភពរូប៖ RFI
ចំពោះខ្ញុំ ជាអ្នកគាំទ្រ (Advocator) តែងលើកទឹកចិត្តពលរដ្ឋទាំងឡាយឱ្យប្រើនូវមធ្យោបាយរថយន្តក្រុងនេះដោយសារហេតុផលមួយចំនួន៖
- កាត់បន្ថយការស្ទះចរាចរណ៍
- ធ្វើដំណើរតាមរថយន្តក្រុងមានសន្តិសុខជាងមធ្យោបាយដឹកជញ្ជូនឯកជន ដទៃ ដូចជាការឆក់ទូរសព្ទ ឬកាបូបពីសំណាក់ជនទុច្ចរិត ឬការកុហក បំភ័ន្ត បោកប្រាស់ពីអ្នកបើកបរខ្លះ។ល។
- បង្កើនសុវត្ថិភាពដោយអាចគេចចេញពីគ្រោះថ្នាក់ចរាចរណ៍ដែលបំផ្លាញ អាយុជីវិត (កន្លងមក៧០ ភាគរយនៃអ្នកជិះម៉ូតូ និង១២ភាគរយនៃអ្នកថ្មើរជើងជាអ្នករងគ្រោះ) និងបង្កពិការភាពប្រជាជនយើង
- យើងអាចសន្សំសំចៃកម្លាំង ថាមពលនិងពេលវេលានៅពេលដែលយើងធ្វើដំណើរលើរថយន្តក្រុងនិងយកពេលអានសៀវភៅ កាសែតបាន ជាងការបើកបរខ្លួនឯង។
- បទពិសោធន៍ប្រទេសដទៃបង្ហាញថា សេវារថយន្តក្រុងជាមធ្យោបាយដឹក ជញ្ជូនដែលអស់សោហ៊ុយតិចជាងមធ្យោបាយឯកជនដទៃ។
- ប្រសិនបើប្រើវាពេញលេញ(ដូចនៅស្រុកគេ) គ្រួសារមួយអាចសន្សំប្រាក់ពីការទិញម៉ូតូ រថយន្ត មិនលំបាកក្នុងការរកចំណត ឬផ្ញើយានយន្ត។
- បន្ថយការប្រើនិងនាំចូលប្រេងឥន្ធនៈ និងកែលម្អបរិស្ថានក្នុងក្រុង។
- ការនាំគ្នាប្រើរថយន្តក្រុងក៏ជាការគាំទ្រចំពោះសហគ្រាសដឹកជញ្ជូនរាជធានី និងជួយអង្គភាពនេះអាចរស់រាន និងពង្រីកសកម្មភាពទៅថ្ងៃមុខ។
- ការផ្តល់សេវាដឹកជញ្ជូនដោយមធ្យោបាយសាធារណៈជាកិច្ចការដែល
ប្រភពរូប៖ vayofm.com
ប្រទេសអភិវឌ្ឍនិងកំពុងអភិវឌ្ឍយកចិត្តទុកដាក់ណាស់ ដើម្បីសម្រួលការរស់នៅរបស់ប្រជាជន ក៏ដូចជាទេសចរណ៍បរទេសដែលទៅទស្សនាផងដែរ ជាសកម្មភាពសេដ្ឋកិច្ចសំខាន់មួយ ហើយក៍ជាការជួយឱ្យមានសណ្តាប់ធ្នាប់តាមដងផ្លូវ និងកាត់បន្ថយការបំពុលដោយផ្សែងនិងសម្លេងក្នុងក្រុងដែរ។ ការគ្រប់គ្រងបានល្អនូវការដឹកជញ្ជូនក្នុងក្រុងជាមុខមាត់សំខាន់មួយបង្ហាញពីចិត្តគំនិតប្រជាពលរដ្ឋ និងការចាត់ ចែងរបស់អាជ្ញាធរ។
ប៉ុន្តែ ថ្មីៗនេះ ស្ថានភាពពីរផ្ទុយគ្នាកើតមានគឺការប្រើរថយន្តក្រុងមិនអស់លទ្ធភាពពីសំណាក់ប្រជាជនយើង និងការកកស្ទះតាមដងផ្លូវមិនថមថយឡើយ។ តាមដងផ្លូវសំខាន់ៗខ្លះអាចមានអ្នកជិះតែនៅម៉ោងសំខាន់ៗតែប៉ុណ្ណោះ។ នៅតាមផ្លូវមួយចំនួន មានមនុស្ស ២ -៣នាក់ជិះ ឬជួនកាលទទេផងក៏មាន។ កត្តានេះអាចប៉ះពាល់ស្ថានភាពហិរញ្ញវត្ថុរបស់សហគ្រាសដឹកជញ្ជូនស្វ័យ័តចំពោះមុខក៏ដូចជានិរន្តភាពនៃសេវានេះ។
ដំបូងគួរយល់ថា ហេតុអ្វីបានជាដូច្នេះ?
ក/ មូលហេតុមានលក្ខណៈបច្ចេកទេស
១. រថយន្តក្រុងមានចំនួនខ្សែឬគន្លងផ្លូវនៃការបើកបរមានកម្រិត។ ដោយសារតែការធ្វើដំណើររបស់មនុស្សមានភាពបត់បែនឬក៏មិនស្របតាមគន្លងផ្លូវបេះបិតរបស់ខ្សែរថយន្តក្រុងនោះ ប្រការនេះធ្វើឱ្យអ្នកធ្វើដំណើរជាទូទៅមិនអាចបោះបង់ការប្រើនូវមធ្យោបាយដឹកជញ្ជូនដទៃទៀតជាបន្ថែម ដូចជា ម៉ូតូឌុប ឬមធ្យោបាយដឹកជញ្ជូនភ្ជាប់បណ្តាញអ៊ិនធឺណែតដូចជា Grab Pass -App បានឡើយ ហើយម្យ៉ាងទៀតមធ្យោបាយក្រោយនេះផ្តល់សេវាបែប One- stop service ព្រមទាំងអាចសម្របតាមតម្រូវការ ( Customization) និងអាចទាំងរហ័សផងជាពិសេសក្នុងការឆ្ពោះទៅគោលដៅខ្លះ។ ហេតុផលពីខាងលើក៏ធ្វើឱ្យអ្នកមួយចំនួនដែលមានចេតនាគាំទ្រសេវារថយន្តក្រុងក៏ដោយមិនអាចបោះបង់ចោលមធ្យោបាយផ្ទាល់ខ្លួនដែរ។
២. ធ្វើដំណើរតាមរថយន្តក្រុងមិនមានអាទិភាពនិងលទ្ធភាពនៃភាពរហ័សជាងគេនៅលើដងផ្លូវឡើយ។ រថយន្តនេះជាប់ស្ទះចរាចរណ៍ដូចគេ ឬជាងគេផងដោយសារទំហំធំរបស់វា នៅពេលដែល ម៉ូតូ ឬយានយន្តប្រភេទ Pass-App ឬ Grab អាចរុករុល ត្បុលតាមលទ្ធភាពដែលមាន។ ទើបតែប៉ុន្មានថ្ងៃមុននេះ សាលាក្រុងដាក់ចេញនូវគន្លងអាទិភាពលើដងវិថីពីផ្សារថ្មីទៅចំណុចច្រមុះជ្រូកស្ទឹងមានជ័យ។ តាមពិតគួរមានច្រើនជាងនេះ។
៣. ការរង់ចាំរថយន្តក្រុងរវាងរថយន្តពីរបន្តបន្ទាប់មានរយៈកាលយូរអាចពី១៥នាទី ទៅកន្លះម៉ោងឬយូរជាងនេះដោយសារចំនួនរថយន្តតិច ឬ ការស្ទះចរាចរណ៍តាមដងផ្លូវផង ដែលធ្វើឱ្យអ្នកដំណើរមិនអាចមានភាពកក់ក្តៅនិងទំនុកចិត្ត (Reliability) របស់រថយន្តក្រុងបាន។
៤ . ការធ្វើដំណើរដោយរថយន្តក្រុងទាមទារឱ្យមាន«ចិញ្ចើមផ្លូវ»ដែលអ្នកដំណើរអាចដើរបានដោយស្រួលនិងសុវត្ថិភាព ក្នុងការប្តូរពីចំណតមួយទៅកាន់ចំណតមួយទៀត ឬពីចំណតទៅគោលដៅរបស់គេជាកន្លែងធ្វើការ ហាងឬលំនៅដ្ឋានជាដើម។ កត្តានេះជាចំណោទសំខាន់ដែរដោយសារ៖
ក. ចិញ្ចើមផ្លូវត្រូវបានម្ចាស់ដី ឬផ្ទះ ឬហាងចាក់ដីនិងក្រាលនីវោខុសៗគ្នាតាមទំនើងចិត្ត។
ខ. មានសភាពចង្អៀតឬត្រូវបានរំលោភធ្វើជាទីតាំងដាក់របស់តាំងទំនិញ លក់អាហារឬចំណតរថយន្តតែម្តង។
គ. ភាពមិនអំណោយផលនៃចិញ្ចើមផ្លូវក៏អាចបង្កជាគ្រោះថ្នាក់ឬភាពងាយស្រួលដល់ការលួចប្លន់ផងដែរ។
ឃ. អនាម័យនៅរដូវវស្សា ឬសូម្បីតែរដូវប្រាំងផង ចិញ្ចើមថ្នល់ខ្លះជាពំនូកសំរាម លិចទឹក ឬភាពក្រខ្វក់ដោយសារការចាក់ចិញ្ចើមមុខផ្ទះមិនគិតដល់លំហូរទឹក មាត់បង្ហូររេហ្កា ឬការបង្ហូរទឹកចេញពីចំណុចអាជីវកម្មលើផ្លូវតែម្តង។
ខ/ មូលហេតុមានលក្ខណៈវប្បធម៌ និងចិត្តសាស្ត្រប្រជាជនយើងមានផ្នត់គំនិតមិនចង់ហត់នឿយនិងយល់ថាការដើរក្នុងរយៈកាលប្តូរយានជំនិះជាលំហាត់ប្រាណទេ។ ពលរដ្ឋយើងយល់ថាការមាននិងប្រើមធ្យោបាយផ្ទាល់ខ្លួនល្អៗ ជាកាលើកមុខមាត់ ភាពថ្លៃថ្នូរផ្ទាល់ខ្លួន និងផ្តល់ភាពងាយស្រួល។ ខ្លះក៏មានក្តីបារម្ភពីសុវត្ថិភាពដែរ នៅពេលធ្វើដំណើរតាមមធ្យោបាយសាធារណៈ និងការប្តូរពីយានមួយទៅមួយ។
តើគួរធ្វើដូចម្តេចដើម្បីលើកកម្ពស់ការប្រើសេវានេះ?
ក្រោមទស្សនៈម៉ាឃីធិង(កិច្ចទីផ្សារ) គេត្រូវយល់ថា មនុស្សជាអ្នកធ្វើដំណើរត្រូវការសេវាដឹកជញ្ជូនមួយដែលផាសុកភាព មានសុវត្ថិភាព រហ័ស និងតម្លៃធូរថ្លៃ។
ដូចនេះ ក្រសួងសាធារណការនិងដឹកជញ្ជូន សាលាក្រុង សហគ្រាសដឹកជញ្ជូន ស្ថាប័នសមត្ថកិច្ច អ្នកបើកបរទាំងឡាយ ព្រមទាំងអ្នកធ្វើដំណើរគួរតែចូលរួម ៖
១. ការបង្កើតជាគន្លងអាទិភាពបន្ថែមសម្រាប់រថយន្តក្រុង
២. ការបន្ថែមចំនួនខ្សែជាបណ្តាញតភ្ជាប់យ៉ាងមមាញឹក (ថ្ងៃក្រោយអាចបន្សំជាមួយប្រភេទមធ្យោបាយផ្សេងៗទៀត) និងបង្កើនចំនួនរថយន្តក្រុងតាមខ្សែនីមួយៗជាមួយនឹងភាពញឹកញាប់(Frequency) របស់វា ជាពិសេសនៅពេលម៉ោងមមាញឹកដូចជាពេលព្រលឹម ពេលចេញពីធ្វើការ ចេញពីសាលា។ល។
៣. ចំណតរថយន្តក្រុងតាមដងផ្លូវមិនត្រូវអនុញ្ញាតឱ្យមធ្យោបាយដឹកជញ្ជូននានាឈប់ឬសំចតឡើយ។
៤. កែលម្អការលក់ដូរ ការឈប់របស់មធ្យោបាយធ្វើដំណើរទាំងឡាយ ដើម្បីកាត់បន្ថយការកកស្ទះតាមដងវិថី
៥. កែលម្អចិញ្ចើមថ្នល់សម្រាប់អ្នកថ្មើរជើងឱ្យមានលក្ខណៈស្មើ ឬមិនខ្ពស់ទាបខុសគ្នាខ្លាំង មានទទឹងដែលអាចធ្វើដំណើរងាយស្រួល ពង្រឹងអនាម័យ។ដាក់គម្របឬជួសជុលគម្របលូតាមចិញ្ចើមថ្នល់។
៦. មិនត្រូវឱ្យរ៉ឺម៉កកែឆ្នៃខ្លះពង្រីកទទឹងរបស់ខ្លួនធំហួសហេតុ (មធ្យោបាយនេះហាក់កែឆ្នៃតាមទំនើងចិត្ត ដែលជារឿយៗរារាំងលំហូរចរាចរណ៍)
៧. ពង្រឹងការហាមរថយន្តដឹកទំនិញធំៗចូលក្នុងក្រុងពេលថ្ងៃ។
៨. អ្នកបើកបរមធ្យោបាយដទៃចូរចូលរួមក្នុងការធ្វើឱ្យការបើកបរមានរបៀប និងសណ្តាប់ធ្នាប់ ការប្រកាន់គន្លង (Lane) ការចតឬបញ្ឈប់រថយន្ត ឬមធ្យោបាយផ្សេងទៀតតាមគំនូសបង្កភាពងាយស្រួលដល់អ្នកថ្មើរជើងឆ្លងកាត់។
៩. បន្តឹងលើការធ្វើរោងបុណ្យឬពិធីតាមដងផ្លូវ ក៏ដូចជាការបិតផ្លូវពេលមានធុរៈដែរ ជាពិសេសផ្លូវដែលមានរថយន្តក្រុងបើកបរ។
១០. ទៅអនាគត គួរបង្កើនរយៈពេលផ្តល់សេវារថយន្តក្រុង ឧទាហរណ៏ពីម៉ោង៤កន្លះព្រឹករហូតម៉ោង១១យប់។
ក្នុងករណីដែលសកម្មភាពរថយន្តក្រុងមានភាពប្រសើរ ចំណូលរបស់សហគ្រាសនឹងកើន ដោយសារចំណូលពីការដឹកជញ្ជូន និងការជួលផ្សាយពាណិជ្ជកម្មតាមរថយន្តខ្លួននឹងកើនឡើងដែរ។
យើងមានការសោកស្តាយដែរដោយវិធានការទាំងនេះនឹងប៉ះពាល់ដល់អាជីវកម្មគ្រួសារដូចជាម៉ូតូឌុប Pass –App, Grab ជាដើម រួមទាំងអាជីវកម្មតាមចិញ្ចើមថ្នល់ខ្លះដែលគ្មានសណ្តាប់ធ្នាប់ដោយចៀសមិនរួច៕
ដោយ៖ បណ្ឌិត យិន ឆេងស៊ន