រដ្ឋាភិបាលថៃកំពុងព្រួយបារម្ភពីជំងឺថ្មី ខណៈបាងកកជាគោលដៅទេសចរណ៍របស់ជនជាតិចិន​



ការរីករាលដាលយ៉ាងឆាប់រហ័សនៃវីរុសផ្លូវដង្ហើម បានក្លាយជាកង្វល់របស់រដ្ឋាភិបាលថៃខណៈប្រទេសខ្លួនពិសេសទីក្រុងបាងកកឆ្នាំនេះ គឺជាគោលដៅធំមួយនៃទេសចរណ៍ជនជាតិចិនក្នុងពេលបុណ្យចូលឆ្នាំប្រពៃណីចិននេះ នេះបើយោងតាមការលើកឡើងពីគេហទំព័រ Independent ចេញផ្សាយកាលពីយប់ថ្ងៃទី ២២ មករា ឆ្នាំ២០២០។ ការព្រួយបារម្ភនេះកើតឡើងខណៈប្រទេសចំនួន ៥ បានឆ្លងជំងឺមួយនេះ ភាគច្រើនឆ្លងតាមរយៈអ្នកដំណើរជនជាតិចិនចូលទៅកាន់ប្រទេសនីមួយៗ។ 

តាមរបាយការណ៍ពីក្រុមហ៊ុន OAG អ្នកផ្តល់ទិន្នន័យអ្នកធ្វើដំណើរសកលលោកបានឲ្យដឹងថា ចំនួនអ្នកដំណើរចាកចេញពីទីក្រុងវូហាន ខេត្តហ៊ុយបេ ប្រទេសចិនបានកំណត់ទិសដៅនៃការធ្វើដំណើររបស់ខ្លួនខ្លួនមកកាន់តំបន់សំខាន់ និងធំជងគេពីរគឺប្រទេសថៃ ដែលមានចំនួនប្រមាណជាង ១០៧,០០០នាក់ (អ្នកដំណើរជនជាតិចិន) និងជប៉ុនចំនួនប្រមាណ ៦៧,០០០នាក់ (អ្នកដំណើរជនជាតិចិនដូចគ្នា) តាមពីក្រោយដោយប្រទេសសឹង្ហបុរីមានចំនួន ៤២,០០០នាក់។ អ្នកវិភាគរបស់ក្រុមហ៊ុន OAG ដដែលក៏បានលើកឡើងទៀតថា ទិសដៅទេសចរណ៍របស់ជនជាតិចិនពីទីក្រុងវូហានមកកាន់ប្រទេសថៃនៅពេលនេះ មានអ្នកទេសចរជាមធ្យមប្រហែល ៥៤៥នាក់ក្នុងមួយថ្ងៃ។

គួរបញ្ជាក់ថា គិតមកត្រឹមព្រឹកថ្ងៃព្រហស្បត្តិ៍ទី ២៣ ខែមករា ឆ្នាំ២០២០នេះ អង្គការសុខភាពពិភពលោកបានចេញសេចក្តីប្រកាសថា នៅប្រទេសចិនមានករណីស្លាប់ដោយសារវីរុសផ្លូវដង្ហើមការ៉ូណានេះកើនឡើងដល់ ១៧ នាក់ហើយ ខណៈអ្នកផ្ទុកជំងឺនេះកើនដល់ ៥៥៣នាក់៕

ដោយ៖ យ៉ាយ៉ា

 

X
5s