ខណៈ​ផ្ទុះ​ជំងឺ​កូរ៉ូណា មន្ត្រី​អ្នកនាំ​ពាក្យ​បារម្ភ​ចំនួន​ភ្ញៀវទេសចរ​មក​កម្ពុជា​ធ្លាក់​ចុះ​



ខណៈ​ជំងឺ​រលាក​សួត​ដែល​បង្ក​ដោយ​វីរុស​កូរ៉ូណា​ប្រភេទ​ថ្មី​កំពុង​តែ​ផ្ទុះ​រាល​ដាល​លើ​មនុស្ស​រាប់ពាន់​នាក់​នា​បណ្ដា​ប្រទេស​ជា​ច្រើន រហូត​ធ្វើ​រដ្ឋាភិបាល​ចិន​សម្រេច​​បិត​មធ្យោបាយ​ធ្វើដំណើរ តាម​រថភ្លើង និង​យន្តហោះ ចូល​ទីក្រុង វូហាន ដែល​ជា​ប្រភព​ចេញ​ដំបូង​នៃ​មេរោគ​ផ្លូវ​ដង្ហើម កូរ៉ូណាវីរុស នៅ​ប្រទេស​ចិន​តែ​ម្ដង កាល​ពី​ថ្ងៃ​ទី០៨ មករា ឆ្នាំ​២០២០​។ 

តាម​ប្រភព​ពី​វិទ្យុ​បារាំង លោក ជុក ជំនោរ អ្នក​នាំ​ពាក្យ​ក្រសួង​ទេសចរណ៍​បាន​ឲ្យ​ដឹង​ថា​ នៅ​ពេល​នេះ​គេ​មិន​ទាន់​អាច​វាយ​តម្លៃ​ពី​ទំហំ​នៃ​ផល​ប៉ះពាល់​ដល់​វិស័យ​ទេសចរណ៍​ដោយ​សារ​តែ​ការ​ផ្ទុះ​ជំងឺ​Coronavirusបាន​នៅ​ឡើយ​ទេ។ លោក​បន្ត​ថា លោក​មាន​ក្ដី​បារម្ភ​ពី​ការ​ថយ​ចុះ​នៃ​ចំនួន​ភ្ញៀវ​ទេសចរណ៍​មក​កម្ពុជា ខណៈ​ប្រទេស​ចិន​បាន​ចេញ​បម្រាម​មិន​ឲ្យ​មាន​ការ​ធ្វើ​ដំណើរ​ចេញ​ចូល​ក្រៅ​ប្រទេស ដើម្បី​ទប់​ស្កាត់​ការ​ឆ្លងរីរាល​ដាល​នៃ​ជំងឺប្រភេទថ្មី​នេះ។

គួរ​បញ្ជាក់​ផង​ដែរ​ថា តួលេខ​អ្នក​ស្លាប់​ដោយ​​ជំងឺ​រលាក​សួត​ដែល​បង្ក​ដោយ​វីរុស​កូរ៉ូណា​ប្រភេទ​ថ្មី​ក្នុង​ប្រទេស​ចិន បាន​ហក់​ឡើង​ដល់ ១០៦ នាក់​ហើយ​។ នេះ​បើ​តាម​អាជ្ញាធរ​សុខាភិបាល​ចិន នា​ថ្ងៃ​អង្គារ ២៨ ខែ​មករា ខណៈ​ករណី​ថ្មី​ជិត ១៣០០ បាន​បញ្ជាក់​ថា​កើតឡើង​ក្នុង​ប្រទេស​ចិន​ផង​ដែរ​។ សម្រាប់​តួលេខ​ថ្មី ករណី​ឆ្លង​វីរុស​ដ៏​កាច​សាហាវ​នេះ ដែល​ត្រូវ​បាន​រក​ឃើញ បាន​កើន​ដល់ ៤០០០​ករណី នៅ​ទូទាំង​ពិភពលោក​។ នេះ​បើ​តាម​ការ​ចុះផ្សាយ​របស់​ទូរទស្សន៍​សិង្ហ​បុរី Channel News Asia ៕ 

ដោយ៖ ជួប ស្រីរ័ត្ន

 

X
5s