បើអ្នកទម្លាប់ធ្វើរឿងរ៉ាង ៧ យ៉ាងនេះជីវិតអ្នកនឹងមានរស្មីហើយមានន័យបំផុត
មនុស្សគ្រប់គ្នាសុទ្ធតែមានក្តីស្រមៃ ហើយក្តីស្រមៃទាំងអស់ដែលគ្រប់គ្នាមានកាលនៅពីក្មេង គឺសុទ្ធតែចង់ឃើញអនាគតខ្លួនបានល្អប្រសើរត្រចះត្រចង់ រស់នៅស្រណុកសុខស្រួល។ មនុស្សមួយចំនួនតូចបានធ្វើឲ្យក្តីស្រមៃនៃអនាគតដ៏ស្រស់បំព្រងរបស់ខ្លួនក្លាយទៅជាងងឹតសូន្យសុង ដោយសារភាពព្រងើយកន្តើយលើបេសកកម្មជីវិតរបស់ខ្លួន ខណៈមនុស្សជាច្រើនផ្សេងទៀតបានធ្វើឲ្យជីវិតគេបានប្រសើរ។
តើធ្វើយ៉ាងណាទើបអាចឲ្យជីវិតរបស់អ្នក ដើរលើបេសកកម្មមួយឆ្ពោះទៅរកអ្វីដែលជាក្តីសុបិនផ្ទាល់ខ្លួនបាន?
១) បង្កើតសុបិនដ៏អស្ចារ្យមួយ
វាមិនមែនជាកំហុសនោះទេ បើអ្នកគ្រាន់តែបង្កើតក្តីសុបិនដ៏អស្ចារ្យមួយសម្រាប់ខ្លួនឯង ទោះបីជាមនុស្សទូទាំងផែនដីរិះគន់អ្នកពីក្តីសុបិនមួយនោះក៏ដោយ តែត្រូវចាំថាបង្កើតក្តីសុបិននិងដាក់ចិត្តឲ្យមានមោះមុតថាអ្នកនឹងទទួលបានអ្វីដែលជាសុបិនរបស់អ្នកនៅថ្ងៃណាមួយយ៉ាងជាក់ច្បាស់។ សុបិននៅទីនេះមិនសំដៅដល់តែបំណងអនាគតថាចង់ក្លាយជាវេជ្ជបណ្ឌិត វិស្វករ ឬអ្វីមួយនោះទេ តែវាសំដៅដល់កិច្ចការងារទាំងឡាយណាដែលអ្នកត្រូវសម្រេចដូចជា ការប្រលងបញ្ចប់ថ្នាក់បរិញ្ញាបត្រអមដោយលទ្ធផលល្អ (A) ឬការដាក់អាហារូបករណ៍ទៅសិក្សានៅបរទេស ឬបំណងនៃការបង្កើតជំនួញដ៏ធំមួយសម្រាប់ខ្លួនឯងជាដើម អ្នកត្រូវដាក់ចិត្តដាក់គំនិតថាខ្លួនឯងនឹងធ្វើវាឲ្យបាននៅថ្ងៃណាមួយ។ ឧទាហរណ៍ថាអ្នកប្រាថ្នាថា ថ្ងៃណាមួយអ្នកនឹងរកគ្រាប់ពេជ្រមួយគ្រាប់យ៉ាងមានតម្លៃដោយស្នាដៃខ្លួនឯង។
២) បង្កើតផ្លូវដើរទៅកាន់ក្តីសុបិននោះ
ទើបបង្កើតក្តីសុបិនមួយ វាដូចជាអ្នកចាប់យកថ្មកំរោលគគ្រីមគគ្រើមមួយដុំធំដែលមានបង្កប់គ្រាប់ពេជ្រលើសពីមួយគ្រាប់ខាងក្នុង។ អ្នកអាចនឹងមិនបោះដុំថ្មមួយដុំនោះចោល ដោយសារអ្នកដឹងថាវាមានគ្រាប់ពេជ្រនៅខាងក្នុង តែបើអ្នកបានត្រឹមកាន់ថ្មមួយដុំនោះក្នុងដៃមិនបំបែក ចាំង ឬដុះខាត់វាទេ យូរៗទៅអ្នកនឹងលែងមើលឃើញពីតម្លៃនៃថ្មមួយដុំនោះជាមិនខានព្រោះវាធ្វើឲ្យអ្នកធ្ងន់ទៅៗ ឥតប្រយោជន៍អ្វីសោះ។ អ្នកត្រូវរកគ្រប់វិធីដើម្បីបំបែកថ្មមួយដុំដ៏ធំនោះ ហើយកុំខ្លាចហត់បើអ្នកពិតជាចង់បានគ្រាប់ពេជ្រនោះមែន។
៣) បើមិនដើរលើផ្លូវដែលមានបន្លា អ្នកមិនអាចយកបន្លាចេញពីផ្លូវនោះបានទេ
គ្រប់ផ្លូវដែលអ្នកត្រូវដើរទៅកាន់សុបិនសុទ្ធតែមានឧបសគ្គ ដូចបានលើកឡើងក្នុងចំណុចខាងលើបើអ្នកមិនបំបែកថ្មមួយដុំដ៏ធំទេ ហើយនៅតែបន្តកាន់វាក្នុងដៃ ថ្ងៃណាមួយអ្នកនឹងបោះវាចោលព្រោះគិតថាវាធ្ងន់ឥតប្រយោជន៍។ ដូច្នេះអ្វីដែលអ្នកត្រូវធ្វើគឺ រកវិធីយ៉ាងណាបំបែកដុំនោះជាបំណែកតូចៗដើម្បីយកគ្រាប់ពេជ្រ ហើយច្បាស់ណាស់ថាបំណែកតូចៗដែលអ្នកបំបែកបានក៏មានកំទេចគ្រាប់ពេជ្រតូចៗ ជួយឲ្យអ្នកមានកម្លាំងចិត្តបំបែកបន្តទៀតដែរ។
៤) ប្តូរផ្លូវដើរ តែមិនបោះបង់គោលដៅ
អ្នកអាចមិនទទួលបានជោគជ័យលើការជ្រៀកថ្មមួយដុំធំ ដោយប្រើវិធីសាស្រ្តតែមួយនោះទេ ព្រោះថ្មមួយដុំមានកំហាប់ខុសគ្នាតាមផ្នែក កាន់តែជិតដល់ស្នូលខាងក្នុងកំហាប់កាន់តែណែន ហើយវាក៏កាន់តែលំបាកបើអ្នកបន្តយកញញួរតូចមួយទៅវាយបំបែក ដូច្នេះអ្នកត្រូវរកមធ្យោបាយផ្សេង តែក្នុងគោលបំណងដដែលគឺចង់បានគ្រាប់ពេជ្រនៅខាងក្នុង។ ត្រូវចាំថា រាល់វិធីដែលអ្នកបំបែកដុំថ្មបន្តិចម្តងៗ ទោះមិនទាន់បានដល់ស្នូលខាងក្នុងយកគ្រាប់ពេជ្រធំក្តី តែអ្វីដែលអ្នកបានជំហានដំបូងគឺកំទេចថ្មរួមជាមួយគ្រាប់ពេជ្រតូច រីឯផលដែលអ្នកទទួលបានបន្ថែមគឺមធ្យោបាយដើម្បីបំបែកថ្មនោះ។
៥) អ្នកមិនអាចជោគជ័យគ្រប់ពេលទេ បើហត់ខ្លាំងសម្រាកបន្តិចសិនទៅ
ទោះបីអ្នកបានរៀបចំផ្លូវដើរបានល្អយ៉ាងណា វាចៀសមិនផុតពីឧបសគ្គដែរព្រោះវាជារឿងធម្មជាតិមិនអាចយកឈ្នះបានទេ ហើយត្រូវចាំថាព្រោះឧបសគ្គទាំងនោះជាអ្នកមានគុណរបស់អ្នក ព្រោះតែឧបសគ្គទើបអ្នកអាចទទួលបានគ្រាប់ពេជ្រដ៏មានតម្លៃ។ ចំណាយពេលបំបែកថ្មកាន់តែយូរ អ្នកកាន់តែហត់ កម្លាំងក៏កាន់តែខ្សោយ ដូច្នេះអង្គុយចុះសម្រាកសិន ដកដង្ហើមឲ្យវែងៗ រកអាហារនិងអុកស៊ីសែនបំពេញថាមពលឲ្យរាងកាយសិន ឬសម្រាកគេងមួយស្របក់ដើម្បីមានកម្លាំងបំបែកថ្មនោះទៀត ទោះបីអ្នកខ្លាំងយ៉ាងណាក៏កុំបន្តទាំងរាងកាយកំពុងចុះខ្សោយឲ្យសោះ។ ត្រូវដឹងថា ការសម្រាករបស់អ្នកគឺដើម្បីស្រូបយកថាមពលដើម្បីវាយបំបែកថ្មបន្ត តែអ្នកមិនដែលមានបំណងបោះបង់បេសកកម្មមួយនេះទេ។
៦) គ្រប់សម្លេងខ្យល់ផាត់ប៉ះត្រចៀកអ្នក សុទ្ធតែត្រូវស្តាប់ដោយយកចិត្តទុកដាក់
ទទួលស្គាល់ថាអ្នកពិតខ្លាំង ហើយអ្នកពិតជារវល់ខ្លាំងក្នុងបេសកកម្មនៃការបំបែកថ្មរបស់អ្នក តែគ្រប់សម្លេងដែលខ្យល់ផាត់មកប៉ះត្រចៀករបស់អ្នក អ្នកត្រូវស្តាប់ដោយយកចិត្តទុកដាក់ហើយយកសម្លេង (ពាក្យសម្តី) ទាំងនោះមកពិចារណា យកវាជាកញ្ចក់ដើម្បីឆ្លុះរកចំណុចខ្សោយខ្លួនឯង។ ទោះបីជាពាក្យចាក់ដោតរបស់អ្នកដទៃធ្វើឲ្យចុកចាប់ ឬគ្រាំទ្រូងយ៉ាងណា តែវាបានជួយឲ្យអ្នកតស៊ូ រឹងមាំ និងជោគជ័យខ្លាំង។
៧) បន្តពង្រីកទំហំនៃក្តីសុបិនឲ្យបានកាន់តែធំ
វាហាក់ដូចជាអ្នកកំពុងមានមហិច្ឆតាខ្ពស់បន្តិច តែភាពលោភលន់ដើម្បីអនាគតខ្លួនឯង ហើយវាមិនប៉ះពាល់ ឬបង្កការក្តៅក្រហាយដល់នរណាម្នាក់ផងហេតុអ្វីអ្នកត្រូវព្រងើយកន្តើយពីវា។ បន្តធ្វើអ្វីដែលអ្នកគិតថាល្អសម្រាប់ខ្លួនឯងនិងមនុស្សជុំវិញខ្លួន បន្សល់ស្នាដៃល្អ ធ្វើជាគំរូល្អដើម្បីអាចផ្លាស់ប្តូរសង្គមមួយឲ្យមានភាពរីកចម្រើន វាជាកាតព្វកិច្ចរបស់អ្នក៕
ដោយ៖ យ៉ាយ៉ា