៧ ជំហានរបស់មហាសេដ្ឋី Michael Bloomberg ជួយឲ្យជីវិតអ្នកឆ្ពោះទៅកាន់តំណែងកំពូល​



លោក Michael Bloomberg គឺជាមហាសេដ្ឋីដ៏ជោគជ័យមួយរូប និងជាអតីតចៅហ្វាយក្រុងញីវយ៉ករបស់អាមេរិកចាប់ពីឆ្នាំ ២០០២ ដល់ឆ្នាំ ២០១៣។ លោកជាឥស្សរជនដ៏ល្បីល្បាញម្នាក់ដែលជោគជាំទៅនឹងមុខជំនួញ និងនយោបាយដែលមានទ្រព្យសម្បត្តិរហូតដល់ទៅជាង ៦១ ពាន់លានដុល្លារគិតត្រឹមឆ្នាំ ២០២០ នេះ។

នៅក្នុងជ្រុងមួយនៃជីវិតរបស់លោក Bizkhmer សូមលើកយកនូវដំបូន្មានមួយដែលធ្វើឲ្យលោកក្លាយជាអ្នកដឹកនាំទាំងនៅក្នុងកិច្ចការជំនួញ និងកិច្ចការរាជការ។ លោកណែនាំថា អ្នកដែលចង់ឡើងតំណែងកំពូលឈានមុខគេ គួរអនុវត្តតាម ៧  ជំហាននេះ។

១.ធ្វើតាមបេះដូងរបស់អ្នក៖ ធ្វើអ្វីដែលអ្នកស្រឡាញ់បំផុត និងរកវិធីដើម្បីធ្វើឲ្យអ្នករកលុយបានកាន់តែច្រើន។ ទន្ទឹមនឹងនេះ ប្រសិនបើអ្នកត្រូវបានផ្តល់ឱកាសទទួលបានការងារល្អៗច្រើនក្នុងពេលតែមួយ សូមកុំធ្វើការយកតែប្រាក់ខែមួយមុខ។ ធ្វើយកបទពិសោធន៍ និងចំណេះគឺជារឿងសំខាន់ណាស់។ ស្តាប់តាមបេះដូងរបស់អ្នកមិនមែនសុទ្ធតែត្រឹមត្រូវទាំងអស់នោះទេ ប៉ុន្តែយ៉ាងហោចណាស់ក៏វាធ្វើឲ្យអ្នកគេងលក់ស្រួលដែរ។

២.ក្លាហានចេញមុខប្រណាំងប្រជែង៖ ការប្រកួតប្រជែងជួយឲ្យអ្នកដឹងថា នរណាខ្លាំងនរណាខ្សោយ។ ការប្រកួតប្រជែងធ្វើឲ្យអ្នកដឹងចំណុចខ្លាំងចំណុចខ្សោយរបស់អ្នក ហើយជួយឲ្យអ្នកព្យាយាមកាន់តែខ្លាំងឡើង។ ពេលចាប់ផ្តើមការងារដំបូង Michael Bloomberg  គឺជាមនុស្សទី១ដែលមានវត្តមាននៅការិយាល័យធ្វើការ និងជាមនុស្សចុងក្រោយដែលចេញពីការិយាល័យធ្វើការ។ ទីបំផុតលោកក្លាយជាបុគ្គលិកដែលក្តោបក្តាប់ព័ត៌មានក្រុមហ៊ុនបានច្រើនជាងបុគ្គលិកណាៗទាំងអស់។ 

៣.ពេលខ្លះត្រូវហ៊ានអួតខ្លួនឯងជាមនុស្សខ្លាំង៖ វាជាការពិតវាលំបាកណាស់មិនថាអ្នកមានអាជីពអ្វីក៏ដោយ។ លោកធ្លាប់ប្រឡូកក្នុងពិភពជំនួញ និងធ្វើការនៅក្នុងជួររដ្ឋាភិបាលដែរ។ មានគេសួរលោកថា តើការងារទាំងពីរនេះខុសគ្នាអ្វីខ្លះ? លោកតែងតែប្រាប់ពួកគេថា នៅក្នុងពិភពធុរកិច្ចឆ្កែស៊ីឆ្កែ ហើយនៅក្នុងរដ្ឋាភិបាលវាផ្ទុយស្រឡះពីនេះ។ យ៉ាងណាក៏ដោយ សូមកុំខ្លាចក្នុងការអួតអាងខ្លួនអ្នកថា អ្នកជាមនុស្សមានទំនុកចិត្តលើសមត្ថភាពខ្លួនឯង ហើយកុំទុកឱកាសឲ្យមនុស្សល្ងីល្ងើទន់ខ្សោយមកឆក់យកឱកាស ហើយជាន់ពន្លិចអ្នក។

៤.ការងារជាក្រុមគឺជាអ្វីៗគ្រប់យ៉ាង៖ លោកថា លោកមិនអាចបង្កើតក្រុមហ៊ុនរបស់លោកបានទេ បើគ្មានបុរសពូកែៗបីនាក់ដែលលោកចាប់ផ្តើមជាមួយគ្នា។ ហើយអ្វីដែលធ្វើឲ្យលោកទទួលបានភាពជោគជ័យនៅពេលក្លាយជាចៅហ្វាយក្រុង គឺដោយសារតែលោកមានសមត្ថភាពអាចជ្រើសរើសមនុស្សពូកែៗមកដាក់នៅជុំវិញខ្លួន។ មនុស្សដែលពូកែធ្វើការ ហើយធ្វើការជាមួយអ្នកផ្សេងទៀតបានយ៉ាងល្អបំផុត ហើយប្រើពាក្យថា "យើង" ជំនួសពាក្យ "ខ្ញុំ" គឺជាមនុស្សដែលស័ក្តិសមនឹងទទួលបានជ័យជំនះ។

៥.មិនខ្លាចប្រឈមមុខនឹងឧបសគ្គ៖ ជីវិតគឺខ្លីណាស់ ហេតុដូច្នេះហើយអ្នកមិនគួរចំណាយពេលយករួចខ្លួនទៅគេចចេញពីភាពបរាជ័យដែលនៅចំពោះមុខឡើយ។  មិនមែនរាល់ឧបសគ្គ និងហានិភ័យទាំងអស់សុទ្ធតែមិនល្អចំពោះអ្នកនោះទេ។ ប៉ុន្តែការមិនអើពើទៅនឹងឧបសគ្គរបស់អ្នកទៅវិញទេដែលកំហុសធ្ងន់ធ្ងរបំផុត និងធ្វើឲ្យអ្នកបរាជ័យ។

៦.កុំឈប់សិក្សាស្វែងយល់ពីគូប្រជែង និងកុំបោះបង់ការរៀនសូត្រ៖ រៀនពីគូប្រជែងរបស់អ្នក តាមដានពួកគេធ្វើអ្វីខ្លះ។ ទន្ទឹមនឹងនេះ កុំបោះបង់ការរៀនសូត្រផងដែរដរាបណានៅមានជីវិត។ ទាំងពីរនេះ គឺជាដំណើរជីវិតមួយរបស់មនុស្សខ្លាំង។ សួរសំនួរជាប្រចាំដើម្បីស្វែងរកការពិតចំពោះខ្លួនឯង។ កុំឲ្យការធ្វេសប្រហែសមកដុតបំផ្លាញឱកាស និងការខិតខំប្រឹងប្រែងរបស់អ្នក។ គិតដើម្បីខ្លួនឯង ហើយសម្រេចចិត្តដើម្បីខ្លួនឯង។ ថ្វីត្បិតតែរឿងទាំងនេះមិនមែនជារឿងគួរឲ្យពេញចិត្តសម្រាប់អ្នកធ្វើក៏ដោយ តែយ៉ាងហោចណាស់ វាក៏មិនធ្វើឲ្យជីវិតរបស់អ្នកដើរធ្លាក់ផ្លូវក្នុងជ្រោះមរណៈនោះដែរ។ 

៧.កុំពន្យារពេលបង្អែរបង្អង់ ធ្វើឲ្យជីវិតខុសប្លែកពីអ្នកដទៃ៖ គ្មានអ្វីល្អប្រសើរជាងធ្វើឲ្យជីវិតរបស់ខ្លួនឯងខុសប្លែកពីអ្នកដទៃឡើយ។ សូមធ្វើអ្វីដែលអ្នកអាចធ្វើបានតាមសមត្ថភាពរបស់អ្នក ហើយប្រឹងប្រែងឲ្យដល់ទីបញ្ចប់។ សូមប្រើទេព្យកោសល្យ ពេលវេលា កម្លាំងកាយចិត្ត និងថវិកា ដើម្បីសម្រេចគោលដៅជីវិតរបស់អ្នក ធានាថា លទ្ធផលនឹងធ្វើឲ្យអ្នកសប្បាយចិត្ត៕

ប្រភព៖ Entrepreneur 

 

X
5s