កំណើនសេដ្ឋកិច្ចចិនមានការថមថយត្រឹម ៤.៥ ភាគរយ ក្នុងត្រីមាសទី១
សេដ្ឋកិច្ចចិននឹងមានកំណើនក្នុងអត្រាទាបចាប់តាំងពីការផ្ទុះវីរុសកូរ៉ូណាក្នុងត្រីមាសទីមួយឆ្នាំ២០២០ នេះបើយោងតាមការស្ទង់មតិពីអ្នកជំនាញសេដ្ឋកិច្ច ដែលបានបង្ហាញថាការដាំក្បាលចុះនេះនឹងនៅបន្តក្នុងរយៈពេលខ្លីនៃប្រសិនបើការផ្ទុះវីរុសនេះអាចទប់ស្កាត់បាន។
ការសែត Reuters បានធ្វើការស្ទង់មតិលើអ្នកជំនាញសេដ្ឋកិច្ចចំនួន៤០រូបក្នុងប្រទេសចិន ហុងកុង សិង្ហបុរី តំបន់អ៊ឺរ៉ុប និងសហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី ៧ដល់១៣ ខែកុម្ភះ ដោយបានធ្វើការព្យាករណ៍ថាកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំរបស់ប្រទេសចិនក្នុងត្រីមាសដំបូងឆ្នាំ២០២០ នឹងធ្លាក់ចុះក្នុងកំណើន ៤.៥ភាគរយ ដែលក្នុងឆ្នាំ២០១៨ មានកំណើតរហូតដល់ ៦ភាគរយ។
ការធ្លាក់ចុះក្នុងត្រីមាសដំបូងនេះនឹងអាចទាញឲ្យកំណើនសេដ្ឋកិច្ចទាំងមូលធ្លាក់ចុះដូចគ្នាក្នុងអត្រា ៥.៥ភាគរយ ដែលចំនួននេះធ្លាក់ចុះពី ៦.១ ភាគរយក្នុងឆ្នាំ២០១៩ ដែលនេះចាត់ទុកថាជាការធ្លាក់ចុះទាបបំផុតគិតចាប់ពីឆ្នាំ១៩៩០ មក។
ប៉ុន្តែ អ្នកសេដ្ឋកិច្ចនៅមានសុទិដ្ឋិនិយមថាសេដ្ឋកិច្ចប្រទេសយក្សអាស៊ីមួយនេះនឹងត្រលប់ប្រសើរឡើងវិញនៅត្រីមាសទី២ ដែលនឹងមានកំណើន ៥.៧ភាគរយ។
លោក Bingnan Ye អ្នកវិភាគម៉ាក្រូសេដ្ឋកិច្ចជាន់ខ្ពស់របស់ធនាគារ Bank of China International ក្នុងទីក្រុងប៉េកាំង បានមានប្រសាសន៍ថា៖ «ខ្ញុំគិតថាវីរុសកូរ៉ូណានេះនឹងអាចគ្រប់គ្រងបានត្រឹមខែមេសា ប៉ុន្តែកំណើនសេដ្ឋកិច្ចនឹងមានការធ្លាក់ចុះចន្លោះពី ២ ទៅ ៣ភាគរយក្នុងត្រីមាសទី១ក្នុងឆ្នាំ២០២០»។
ជាមួយគ្នានោះដែរ លោក Iris Pang អ្នកជំនាញសេដ្ឋកិច្ចរបស់ ING ក្នុងទីក្រុងហុងកុង បានលើកឡើងថា៖ យើងមិនរំពឹងថាកំណើនសេដ្ឋកិច្ចប្រទេសនេះនឹងមានសន្ទុះឡើងវិញនោះទេ បើទោះបីជាករណីឆ្លងវីរុសថ្មីនេះស្រាកស្រានក៏ដោយ។ ប្រសិនបើការរីករាលដាលជំងឺនេះត្រូវបានទប់ស្កាត់ ប្រហែលជាចិនត្រូវការពេលវេលា៤ត្រីមាសទៀតដើម្បីមានការសន្ទុះសេដ្ឋកិច្ចនឹងធឹងឡើងវិញ។
វីរុសកូរ៉ូណាបានវាយប្រហារទីក្រុងវូហានប្រទេសចិនដែលជាទីតាំងធ្វើពាណិជ្ជកម្មផ្គត់ផ្គង់ ដែលមានចំនួនប្រជាជនជិត១១លាននាក់ ដែលធ្វើឲ្យមនុស្សជាង ១៣០០នាក់បានស្លាប់។
ការផ្ទុះវីរុសកូរ៉ូណានេះបានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងទៅលើសេដ្ឋកិច្ច ធ្វើឲ្យក្រុមហ៊ុមមួយចំនួនត្រូវបង្ខំសម្រេចចិត្តផ្អាកដំណើរការមួយរយៈ ជាពិសេសក្រុមហ៊ុនអាកាសចរណ៍តែម្តង៕