៨ ចំណុចបង្ហាញកាន់តែច្បាស់ថា តើសមុទ្រចិនខាងត្បូងមានលក្ខណៈពិសេសអ្វីខ្លះ?
ជម្លោះសមុទ្រចិនខាងត្បូងគឺជាបញ្ហាចម្រូងចម្រាស់ដ៏ក្តៅគគុកបំផុតមួយនៃភូមិសាស្រ្តនយោបាយ និងសេដ្ឋកិច្ចក្នុងតំបន់ក៏ដូចជានៅក្នុងពិភពលោកផងដែរ។ ចិន ហ្វីលីពីន វៀតណាម ម៉ាឡេស៊ី ប្រ៊ុយណេ តៃវ៉ាន់ និងឥណ្ឌូណេស៊ីសុទ្ធតែបានអះអាង និងចង់ក្រសោបយកចំណែកមួយភាគធំនៃដែនសមុទ្រនេះរៀងៗខ្លួនដែលជាហេតុធ្វើឲ្យជម្លោះមួយនេះបន្តកើតមានរហូតមកដល់សព្វថ្ងៃ។
ខាងក្រោមនេះនឹងលើកឡើងពីលក្ខណៈពិសេសនៅពីក្រោយដែនសមុទ្រដ៏រសើបពោរពេញដោយជម្លោះមួយនេថា តើវាមានអ្វីគួរឲ្យចាប់អាមរ្មណ៍ខ្លះ?
១. សមុទ្រចិនខាងត្បូងគឺជាច្រកផ្លូវទឹកដ៏សំខាន់បំផុតមួយសម្រាប់កាប៉ាល់នាវាដឹកទំនិញដែលតភ្ជាប់ពីមហាសមុទ្រប៉ាស៊ីហ្វិក និងអាស៊ីខាងកើត រួចឆ្ពោះទៅកាន់មហាសមុទ្រឥណ្ឌា ហើយតភ្ជាប់បន្តទៅតំបន់មជ្ឈឹមបូព៌ា និងអឺរ៉ុប ។ ទន្ទឹមនឹងនេះ វាក៏ត្រូវបានគេចាត់ទុកថា ជាច្រកសមុទ្រដ៏មមាញឹកជាងគេបំផុតទី៣នៅលើពិភពលោកផងដេរ។
២. គេបានវាយតម្លៃថា ការដឹកជញ្ជូនទំនិញនាំចេញនាំចូលទៅកាន់ប្រទេសផ្សេងៗនៅក្នុងតំបន់ និងទៅកាន់ជុំវិញពិភពលោក មានទំហំទឹកប្រាក់រហូតដល់ទៅ ៥,៣ ពាន់ពាន់លានដុល្លារក្នុងមួយឆ្នាំៗបានឆ្លងកាត់ច្រកសមុទ្រមួយនេះ។ នេះមានន័យថា ការដឹកជញ្ជូនទំនិញតាមផ្លូវទឹកដែលឆ្លងកាត់សមុទ្រចិនខាងត្បូង គឺមានចំនួនជិតដល់ទៅ ១ភាគ៣នៃការដឹកជញ្ជូនទំនិញតាមផ្លូវទឹកសរុបរបស់ពិពភលោកទាំងមូល។
ផែនទីបង្ហាញពីការដណ្តើមកាន់កាប់សមុទ្រចិនខាងត្បូង ប្រភពរូបភាព៖ Zero Hedge
៣. កោះ Natuna Regency ដែលជាដែនកោះមួយប្រមូលផ្តុំដោយប្រជុំកោះតូចៗផ្សេងទៀតដល់ទៅ ២៧២ កោះ ត្រូវបានគេចាត់ទុកថា ជាតំបន់កោះមួយដែលសំបូរទៅដោយឧស្ម័នធម្មជាតិបម្រុងទុកធំជាងគេបំផុតនៅក្នុងតំបន់។
៤. ស្របពេលដែលអាមេរិកមានវាយតម្លៃថា សមុទ្រចិនខាងត្បូងមានធនធានប្រេងបម្រុងទុកប្រមាណ ១១ ពាន់លានបារ៉ែល និងមានឧស្ម័នធម្មជាតិប្រហែល ៥ ពាន់ពាន់លានម៉ែត្រគីប ក្រុមហ៊ុនប្រេងរបស់ចិនវិញ អះអាងថា ដែនសមុទ្រមួយនេះផ្ទុកទៅដោយប្រេងកាតរហូតដល់ទៅ ១២៥ ពាន់លានបារ៉ែល និងមានធនធានឧស្ម័នធម្មជាតិប្រហែលជាង ១៤ ពាន់ពាន់លានម៉ែត្រគីប។
៥. យោងតាមមន្ទីព័ត៌មានថាមពលអាមេរិក (EIA) បានឲ្យដឹងថា ការនាំចូលប្រេងរបស់ចិនប្រមាណ ៨០% បានឆ្លងកាត់សមុទ្រចិនខាងត្បូងតាមរយៈច្រកសមុទ្រម៉ាឡាកា។ រីឯការផ្គត់ផ្គង់ថាមពលប្រេងរបស់កូរ៉េខាងត្បូងចំនួន ២ភាគ៣ ក៏ត្រូវពឹងផ្អែកលើការដឹកជញ្ជូនតាមច្រកសមុទ្រមួយនេះដែរ ខណៈដែលការនាំចូលប្រេងរបស់ជប៉ុន និងតៃវ៉ាន់ចំនួន ៦០% ត្រូវធ្វើឡើងតាមច្រកសមុទ្រដូចគ្នានេះ។
ប្រភពរូបភាព៖ straitstimes
៦. ថ្វីត្បិតតែសមុទ្រមួយនេះ គ្របដណ្តប់ត្រឹមតែ ២,៥% នៃផ្ទៃសមុទ្រសរុបរបស់ពិភពលោក ក៏ប៉ុន្តែផលនេសាទដែលទទួលបានពីសមុទ្រចិនខាងត្បូងគឺមានចំនួនដល់ទៅ ១២% នៃផលនេសាទសរុបរបស់ពិភពលោក និងបានផ្តល់ការងាររាប់លាននាក់ដល់ប្រជាជនរបស់បណ្តាប្រទេសដែលព័ន្ធជុំវិញសមុទ្រនេះ។
៧. ដោយមានទំហំ៣,៥ លានគីឡូម៉ែត្រការ៉េ ចំនួនទឹកប្រាក់ដែលទទួលបានពីផលនេសាទក្នុងដែនសមុទ្រមួយនេះ ត្រូវបានគេប៉ានប្រមាណថា មានចំនួន ២១ ពាន់លានដុល្លារក្នុងមួយឆ្នាំៗ។
៨. ប្រហែលជា ៣៧% នៃប្រភេទត្រីថ្ម និង ៧៦% នៃប្រភេទផ្កាថ្មរបស់ពិភពលោក ត្រូវបានគេរកឃើញនៅក្នុងដែនសមុទ្រចិនខាងត្បូងដែលនេះធ្វើឲ្យការអភិរក្សរបស់វាគឺពិតជាមានសារៈសំខាន់ណាស់សម្រាប់ពេលបច្ចុប្បន្ន និងពេលអនាគត៕
ប្រភព៖ businessinsider&cnbc&news.abs-cbn