ទម្លាប់៧ យ៉ាងរបស់ជនបរាជ័យ អ្នកត្រូវប្រយ័ត្នប្រយែង​



មនុស្សមួយចំនួនចូលចិត្តស្វែងយល់ពីទម្លាប់ជោគជ័យរបស់បុគ្គលជោគជ័យ ប៉ុន្តែបែរជាព្រងើយកន្តើយនឹងទម្លាប់បរាជ័យទៅវិញ។ ទម្លាប់ជោគជ័យ និងបរាជ័យប្រៀបដូចជាចំណូលនិងចំណាយអីចឹង។ ដូចនេះត្រូវប្រយ័ត្នប្រយែងឲ្យមែនទែន នៅពេលផ្នែកណាមួយមានបញ្ហាក៏អាចនឹងប៉ះពាល់ដល់ផ្នែកម្ខាងទៀតផងដែរ។ ខាងក្រោមនេះជាទម្លាប់ចម្បងទាំង៧ របស់បុគ្គលបរាជ័យ៖

  1. គ្មានការផ្តោតអារម្មណ៍
    គ្មានអ្វីដែលបានមកដោយងាយៗនោះទេ អ្វីៗត្រូវការការខិតខំប្រឹងប្រែង ការព្យាយាមធ្វើវាមិនបោះបង់។ ដើម្បីអាចបន្តការព្យាយាមបាន វាទាមទារឲ្យអ្នកត្រូវមានការផ្តោតអារម្មណ៍ ទៅលើអ្វីដែលអ្នកកំពុងតែធ្វើនោះ។ មនុស្សដែលគ្មានការផ្តោតអារម្មណ៍ កុំថាឡើយនិយាយដល់គោលដៅជីវិត សូម្បីតែស្តាប់គេនិយាយក៏ស្តាប់មិនយល់ផង។

  2. នៅជិតបុគ្គលបរាជ័យ
    មនុស្សយើងតែងតែរៀនសូត្រ និងត្រាប់តាមអ្វីនៅជុំវិញខ្លួនយើងជានិច្ចដឹងនិងមិនដឹងខ្លួន។ ឧទាហរណ៍ មនុស្សនៅក្នុងប្រទេសមួយ សង្គមមួយ សហគមន៍មួយ ឬគ្រួសារមួយ អ្នកនឹងអង្កេតឃើញថាមនុស្សមួយក្រុមនោះមានឥរិយាបទណាមួយដែលដូច ឬក៍ប្រហាក់ប្រហែលគ្នាជាមិនខាន។ ទាំងនេះគឺជាអ្វីដែលពួកគេបាន ចម្លងតាមគ្នាទាំងដឹងខ្លួន ឬមិនដឹងខ្លួនពីគ្នាទៅវិញទៅមក។ ដូចនេះ ការសេពគប់មនុស្សក៏ដូចគ្នាដែរ ការនៅជាមួយជនបរាជ័យ តិចឬច្រើនឥរិយាបទរបស់ពួកគេនឹងជះឥទ្ឋិពលដល់អ្នកជាមិនខាន។

  3. ពន្យាពេល
    ការពន្យាពេលជាការខាតបង់ពេលវេលាទាំងមិនដឹងខ្លួន ហើយយូរៗទៅក្លាយទៅជាការខាតបង់ជីវិតដោយមិនបានសម្រេចសមិទ្ឋិផលអ្វីជាដុំកំភួនសោះ។ គួរកាត់បន្ថយបាន កាត់បន្ថយខ្លះទៅការពន្យាពេលមិនល្អនោះទេ។

  4. មិនស្តាប់អ្នកដទៃ
    ការសា្តប់ជាការទទួលយកព័ត៌មានថ្មីៗ ដែលអាចឲ្យយើងមានការអភិវឌ្ឍខ្លួន។ ការមិនស្តាប់អ្នក ដទៃជាការបាត់បង់ឱកាសដ៏សំខាន់មួយដើម្បីទទួលយកការអភិវឌ្ឍខ្លួន។ មិនមែនស្ដាប់អ្នកដទៃគ្រប់ពាក្យសម្ដីនោះទេ ប៉ុន្តែស្ដាប់ដើម្បីយកមកគិតនិងរកជាមេរៀនដើម្បីការរីកចម្រើនបន្ថែម។

  5. ខ្ជិលច្រអូស
    ភាពខ្ជិលច្រអូស មិនខុសអីពីការពន្យាពេលនោះទេ វាធ្វើឲ្យអ្នកខ្ជះខ្ជាយពេលវេលា ថែមទាំងបាត់បង់កម្លាំងចិត្តក្នុងការតស៊ូព្យាយាមផងដែរ។ បើអ្នកប្រើប្រាស់ពេលវេលាតិចតួចក្នុងការពុះពារ ព្យាយាមក្នុងជីវិត លទ្ឋផលជីវិតរបស់អ្នកក៏តិចតួចឬធំដុំតាមនឹងដែរ។

  6. មិនព្រមអភិវឌ្ឍខ្លួន
    អ្វីៗតែងតែផ្លាស់ប្តូរជានិច្ចរាប់ចាប់តាំងពីចំណេះដឹង ជំនាញ ព័ត៌មាន។ អ្វីដែលយើងអាចធ្វើបានក្នុងថ្ងៃនេះមិនប្រាកដថាយើងអាចយកទៅអនុវត្តនៅស្អែកបាននោះទេ។ បញ្ហានឹងផ្លាស់ប្តូរ ឱកាសនឹងផ្លាស់ប្តូរ ស្ថានភាពដែលយើងកំពុងតែស្ថិតនៅក្នុងពេលនេះនឹងផ្លាស់ប្តូរ។ អីចឹង បើយើងមិនផ្លាស់ប្តូរ យើងនឹងក្លាយទៅជាជនរងគ្រោះនៃការផ្លាស់ប្តូរជាមិនខាន។

  7. ឆាប់បោះបង់
    គ្មានអ្វីមួយដែលអាចទទួលបានដោយងាយៗទេ គ្មានអ្វីមួយដែលគ្មានឧបសគ្គទេ ហើយក៏គ្មានបុគ្គល ជោគជ័យណាដែលមិនធ្លាប់បរាជ័យដែរ។ សូម្បីតែអ្នកប្រដាល់ដែលមិនធ្លាប់ចាញ់ ក៏ធ្លាប់បរាជ័យដូចគ្នា។ គេអាចមិនធ្លាប់បរាជ័យនៅលើសង្វៀន តែគេអាចធ្លាប់បរាជ័យក្នុងជីវិត ឬ ធ្លាប់បរាជ័យក្នុងពេលហ្វឹកហាត់ ឬ បានជួបនូវការលំបាកដទៃជាច្រើនទៀតដែលយើងមិនបានដឹង។ មនុស្សដែលបរាជ័យពិតប្រាកដ គឺជាមនុស្សដែលបោះបង់ការព្យាយាម៕

ដោយ៖ ជា ឧត្តម្ភ

 

X
5s