ចង់ដឹងថាអ្នកកំពុងធ្វើការក្រោមមេអន់ ឬខ្វះសមត្ថភាព មើលសញ្ញាណ៥នេះ
សាកគិតបន្តិចទៅមើលថា តើរាល់ថ្ងៃអ្នកកំពុងធ្វើការជាមួយមេខ្សោយដែរឬទេ? បើនេះជាការពិតមែននោះ នេះមានន័យថា អ្នកមិនមែនជួបរឿងបែបនេះតែម្នាក់ឯងនោះទេ។ ពេលខ្លះសម្ពាធការងារជារឿងមួយទៅហើយ ប៉ុន្តែឥរិយាបថចៅហ្វាយរបស់អ្នកគឺជារឿងមួយផ្សេងទៀតដែលបានធ្វើឲ្យអ្នកខកចិត្តនៅកន្លែងការងារ។ មិនយូរមិនឆាប់ អ្នកក៏លាឈប់ពីការងារ ទៅរកកន្លែងផ្សេងមួយទៀតដែលគិតថា បរិយាកាសប្រហែលជាល្អជាងនេះ។
គ្មាននរណាអាចដឹងមុនថា កន្លែងថ្មីអ្នកគ្រប់គ្រងអ្នកល្អឬក៏អត់។ មានតែអង្កេតមើលសញ្ញាណ ៥ ខាងក្រោមនេះតែប៉ុណ្ណោះដែលអាចជួយបង្ហាញផ្លូវអ្នកថា រាល់ថ្ងៃអ្នកកំពុងជួបអ្នកគ្រប់គ្រងអន់។
- មេគ្មានបទពិសោធន៍ ឬមានបទពិសោធន៍តិចតូច
ប្រសិនបើអ្នកគ្រប់គ្រងរបស់អ្នកមិនមានបទពិសោធន៍ធ្វើជាអ្នកគ្រប់គ្រងគេពីមុនមកនោះទេ ឬមានបទពីសោធន៍នៅស្ទើរ នេះអាចប៉ះពាល់ដល់របៀបគ្រប់គ្រងរបស់ខ្លួន និងក្រុមការងាររបស់អ្នកតែម្តង។ នេះក៏អាចមកពីចៅហ្វាយរបស់អ្នកធ្លាប់ឆ្លងកាត់ធ្វើការជាមួយអ្នកដឹកនាំខ្សោយរួចមកហើយដែរនៅពេលពីមុនមក។ នៅពេលអ្នកដឹកនាំខ្វះបទពិសោធន៍ ពួកគេនឹងមិនអាចបំពេញតួនាទីបានល្អក្នុងនាមជាអ្នកដឹកនាំនោះទេ។ អ្នកគ្រប់គ្រងខ្សោយនឹងជួបប្រទះបញ្ហាក្នុងស្ថាប័ន ខ្វះយន្តការដឹកនាំ មានទំនាក់ទំនងមិនល្អជាមួយបុគ្គលិកក្រោមបង្គាប់ និងមិនអាចបំពេញការងារដោយប្រសិទ្ធភាពនោះឡើយ ។ - មេមិនគោរពពេលវេលារបស់អ្នកដែលអាចមកពីខ្វះទំនុកចិត្តលើអ្នក
សាស្រ្តាចារ្យនៅសាកលវិទ្យាល័យ Stanford លោក Bob Sutton បានពន្យល់នៅក្នុងសៀវភៅរបស់លោក “Asshole Survival Guide” ថា បុគ្គលិកពិតជាមិនអាចចូលរួមចំណែកឲ្យការងារទទួលបានលទ្ធផលល្អប្រសើរ ចំនួន៣ ដងទេនៅពេលដែលចៅហ្វាយរបស់ខ្លួនបង្គាប់បញ្ជាមិនបានត្រឹមត្រូវ។ នេះដោយសារតែខ្វះការគោរពនេះឯងដែលធ្វើឲ្យការលើកទឹកចិត្តធ្លាក់ចុះខ្លាំង។ ប្រសិនបើចៅហ្វាយរបស់អ្នកមិនគោរពពេលវេលារបស់អ្នកនៅក្រៅក្រៅម៉ោងធ្វើការ នៅចុងសប្តាហ៍ ឬនៅវិស្សមកាល វាទំនងជាធ្វើឲ្យអ្នកមានអារម្មណ៍ថា អ្នកនៅមានចំណុចខ្វះខាត ឬនិយាយដោយត្រង់គឺធ្វើឲ្យអ្នកមានអារម្មណ៍ខកចិត្តតែម្តង។ វាក៏ធ្វើឲ្យអ្នកមានអារម្មណ៍ផងដែរថា អ្នកមិនត្រូវបានផ្តល់ទំនុកចិត្តគ្រប់គ្រាន់ក្នុងការបំពេញការងាររបស់អ្នក។ - មេខ្សោយខាងស្តាប់
ប្រសិនបើអ្នកគ្រប់គ្រងរបស់អ្នកចូលចិត្តនិយាយច្រើន ហើយស្តាប់តិចបំផុត វាអាចមកពីពួកគេមិនយកចិត្តទុកដាក់ ឬគ្មានពេលដើម្បីសន្ទនាជាមួយអ្នក។ ការទំនាក់ទំនងប្រកបដោយប្រសិទ្ធភាពមានន័យថា អាចបង្ហាញច្បាស់នូវតម្រូវការរបស់អ្នក និងរបស់អ្នកដទៃផងដែរ។ អ្នកដឹកនាំត្រូវមានហេតុផល និងជំរុញឲ្យការសន្ទនាប្រព្រឹត្តិទៅដោយតម្លាភាព ហើយទទួលបានលទ្ធផលផ្លែផ្កា។ ក៏ប៉ុន្តែអ្នកគ្រប់គ្រងដែលមិនអាចធ្វើរឿងនេះបាន ឬនៅខ្វះខាតលើជំនាញស្តាប់ គឺជាអ្នកដឹកនាំដែលខ្វះសមត្ថភាពដែលគេហៅជាទូទៅថា អ្នកដឹកនាំខ្សោយនោះឯង។ - មេដែលលាក់ទុកព័ត៌មានគ្រប់រឿងមិនឲ្យកូនចៅដឹង
នៅកន្លែងការងារ មិនមែនសុទ្ធតែព័ត៌មានសំខាន់ៗ ឬព័ត៌មានមិនល្អត្រូវបានលាក់ទុកទាំងអស់នោះទេ។ ទោះបីជាពេលខ្លះព័ត៌មានទាំងនោះអវិជ្ជមានក៏ដោយ សម្រាប់អ្នកគ្រប់គ្រងដែលមានសមត្ថភាព គឺជំរុញកាន់តែខ្លាំងឲ្យមានការចែករំលែកព័ត៌មានសំខាន់ៗ និងរក្សាតម្លាភាពជាមួយបុគ្គលិកក្រោមបង្គាប់របស់ខ្លួន។ ថ្វីបើបុគ្គលិកគ្រប់គ្នាមិនចាំបាច់ដឹងអ្វីៗទាំងអស់ ប៉ុន្តែវាជាការសំខាន់ណាស់ដែលរក្សាចំណាប់អារម្មណ៍របស់ពួកគេនៅក្នុងក្រុមហ៊ុន។ អ្នកដឹកនាំខ្សោយនឹងធ្វើឲ្យរឿងសម្ងាត់កាន់តែរស៊ើប និងគ្មានតម្លាភាពសម្រាប់បុគ្គលិកក្រោមបង្គាប់ឡើយ។ - មេដែលកេងប្រវ័ញ្ញញើសឈាមរបស់កូនចៅ
រឿងដ៏គួរឲ្យស្អប់ខ្ពើមបំផុតមួយទៀតរបស់មេខ្សោយ គឺមេដែលកេងប្រវ័ញ្ញលើញើសឈាមរបស់កូនចៅ។ មេប្រភេទនេះនឹងឆក់ឱកាសយកការខិតខំប្រឹងប្រែងរបស់អ្នកធ្វើជារបស់ខ្លួន។ លទ្ធផលការងាររបស់អ្នកនឹងក្លាយជាគ្រឿងក្លែមសម្រាប់ចៅហ្វាយរបស់អ្នកយកមុខ ហើយទីបំផុតសមត្ថភាពរបស់អ្នកត្រូវបានមើលរំលង។ ការធ្វើការក្រោមបង្គាប់របស់ចៅហ្វាយបែបនេះ ប្រយោជន៍របស់អ្នកមិនត្រូវបានផ្តល់ឲ្យប្រកបដោយតម្លាភាពទៅតាមសមត្ថភាពរបស់អ្នកនោះទេ។ អ្នកអាចសន្សំចំណេះបានតិច ប៉ុន្តែទទួលបានបញ្ហាច្រើនពីអ្នកគ្រប់គ្រងប្រភេទនេះ៕
ប្រភព៖ Businessinsider