ជីវិតអ្នកនឹងកាន់តែប្រសើរឡើង បើយកមនុស្ស៤ប្រភេទនេះមកដាក់ជុំវិញខ្លួន​



ភាពជោគជ័យមិនអាចកើតឡើងនៅកន្លែងណាមួយដែលគ្មានសកម្មភាពអ្វីនោះឡើយ។ ការពិតជាក់ស្តែង វាមានកត្តាមួយចំនួនដែលអាចនាំទៅរកភាពជោគជ័យរបស់អ្នកក្នុងនោះ ការខិតខំប្រឹងប្រែង និងប្តេជ្ញាចិត្ត តែងតែមានភាពចាំបាច់ជាងគេនៅក្នុងចំណោមកត្តាផ្សេងៗទៀត។ ទន្ទឹមនឹងនេះ ការមើលមនុស្សដើម្បីរាប់អានក៏មានឥទ្ធិពលដល់ភាពជោគជ័យក្នុងជីវិតប្រចាំ ថ្ងៃរបស់អ្នកផងដែរ។ 

សូមជ្រើសរើសមនុស្សដោយប្រុងប្រយ័ត្នមុននឹងសម្រេចចិត្តថា អនុញ្ញាត្តឲ្យពួកគេចូលមកក្នុងចំណែកណាមួយក្នុងជីវិតរបស់អ្នក។ មនុស្សដែលអ្នកចង់រាប់អានទាំងនោះ គួរតែជាប្រភេទមនុស្ស៤ប្រភេទខាងក្រោមនេះ៖  

១.មនុស្សដែលខិតខំតស៊ូប្រឹងប្រែង
នៅជុំវិញអ្នក អ្នកប្រហែលជាបានស្គាល់នរណាម្នាក់ដែលមើលទៅជាមនុស្សតស៊ូធ្វើការយ៉ាងសកម្មមិនចេះនឿយហត់ ឬម្នាក់នោះប្រហែលជាអ្នកក៏ថាបាន។ បើអ្នកមានទំនាក់ទំនងល្អជាមួយមនុស្សប្រភេទនេះ ពួកគេនឹងជំរុញឲ្យអ្នកខិតខំប្រឹងប្រែងធ្វើការយ៉ាងសកម្មរៀងរាល់ថ្ងៃដូចពួកគេដែរ។ មនុស្សប្រភេទនេះនឹងនាំផ្លូវអ្នកឲ្យមានភាពអត់ធ្មត់ និងព្យាយាមឲ្យដល់ទីបញ្ចប់។ ពួកគេនឹងអូសទាញអ្នកឲ្យមានមហិច្ឆតា និងការប្តេជ្ញាចិត្តពិតប្រាកដសម្រាប់នាំមកនូវភាពជោគជ័យក្នុងជីវិត។ឲ

២.មនុសុ្សដែលមានឥរិយាបថវិជ្ជមាន
មនុស្សដែលមានអាកប្បកិរិយាវិជ្ជមានអាចបណ្តុះក្រមសីលធម៌ក្នុងជីវិត ហើយពួកគេអាចផ្តល់ការលើកទឹកចិត្តសម្រាប់ភាពជោគជ័យ ឬភាពច្នៃប្រឌិតរបស់អ្នក។ ការប្រឡូកខ្លួនជាមួយមនុស្សប្រភេទនេះ នឹងនាំមកនូវគំនិតអភិវឌ្ឍ និងភាពសុទិដ្ឋិនិយមសម្រាប់អ្នកជាពិសេសសហគ្រិនតែម្តង។ នៅពេលអ្នករាប់អានមនុស្សមានឥរិយាបទវិជ្ជមានកាន់តែច្រើន អ្នកនឹងក្លាយជាមនុស្សមានក្រមសីលធម៌កាន់តែខ្ពស់ និងអាចដឹកនាំ ជីវិតប្រកបដោយវិជ្ជាជីវៈ។

៣.មនុស្សដែលពូកែមានចម្ងល់
អ្នកប្រាជ្ញអាល្លឺម៉ង់លោក Albert Einstein ធ្លាប់បាននិយាយថា “ប្រការដ៏សំខាន់បំផុតគឺកុំឈប់សួរសំនួរ”។ មិនថាអ្នករកស៊ី ឬអ្នកធ្វើការឲ្យគេក៏ដោយ អ្នកគួរឧស្សាហ៍លើកជាចម្ងល់ចោទសួរខ្លួនឯង និងអាជីវកម្មរបស់អ្នក។ ទោះជាយ៉ាងណាក៏ដោយ មិនមែនមនុស្សគ្រប់គ្នាគិតថា សំណួរទាំងនោះសុទ្ធតែសំខាន់សម្រាប់ពួកគេនោះទេ ។ អ្នកដែលពូកែសួរសំណួរអាចផ្តល់នូវទស្សនៈផ្សេងៗគ្នា ឬគំនិតមួយលើបញ្ហាអ្វីមួយ ហើយនៅទីបំផុតសំណួរទាំងនោះអាចនាំឆ្ពោះទៅរករបកគំហើញដ៏សំខាន់មួយសម្រាប់អ្នក ឬអាជីវកម្មរបស់អ្នក។ សូមចាំថា ទស្សនៈគឺជាអ្វីៗគ្រប់យ៉ាង។

៤.មនុស្សដែលមានក្តីសុបិន្ត
មនុស្សជាច្រើនដែលមិនមែនជាសហគ្រិនអាចនឹងចាត់ទុកសហគ្រិនទាំងអស់ថា ជាមនុស្សមាន “ ក្តីសុបិន” ។ ទោះជាបែបនេះក្តី អ្នកត្រូវដឹងថា ការកំណត់គោលដៅ និងការព្យាយាមខិតខំប្រឹងប្រែងនឹងជួយអ្នកឲ្យសម្រេចបាននូវអ្វីដែលមនុស្សជាច្រើនគិតថា វាមិនអាចទៅរួច។ ប៉ុន្តែដើម្បីឲ្យក្តីសុបិន្តនោះអាចទៅរួច អ្នកក៏គួរតែចូលឲ្យកៀកទៅនឹងមនុស្សដែលមានគោលដៅ និងផ្នត់គំនិតស្រដៀងប្រហាក់ប្រហែលនឹងអ្នកដែរ។ រាប់អានមនុស្សប្រភេទនេះ ធ្វើឲ្យអ្នកកាន់តែស្រេកឃ្លានក្នុងការសម្រេចក្តីស្រមៃឲ្យក្លាយជាការពិត និងចង់បានជ័យជំនៈដូចពួកគេដែរ៕

ប្រភព៖ Businessinsider 

 

 

 

X
5s