រឿងពិត ១៥ យ៉ាងដែលអ្នកគួរដឹងមុនពេលរៀបការ
ជីវិតគូជារឿងមួយដែលមនុស្សគ្រប់គ្នាជៀសមិនផុត ហើយពីព្រោះតែក្តីស្រលាញ់បានធ្វើឲ្យមនុស្សពីរនាក់មកពីកន្លែងផ្សេងគ្នាអាចចាប់ដៃគ្នាកសាងអនាគតថ្មីមួយដែលមិនធ្លាប់ដើរឆ្លងកាត់ពីមុនមក។ សូមអបអរ និងកោតសរសើរដល់អ្នកទាំងនោះដែលអាចកសាងជីវិតអាពាហ៍ពិពាហ៍មួយប្រកបដោយសុភមង្គលបាន។ ចុះអ្នកវិញតើអ្នកបានដើរដល់ចំណុចនេះហើយឬនៅ?
ការពិតទៅមិនយូរមិនឆាប់អ្នកគង់តែដើរដល់ជីវិតអាពាហ៍ពិពាហ៍។ ក៏ប៉ុន្តែនៅមុនពេលរៀបការ តើអ្នកគួរដឹងអ្វីខ្លះ? នេះហើយជាមូលហេតុដែលអត្ថបទនេះព្យាយាមសរសេរឡើងអំពីការពិត ១៥ ចំណុចសម្រាប់ប្រិយមិត្តយកទៅគិតពិចារណា។
១) រៀបការនៅអាយុកាន់តែចាស់ អត្រាលែងលះកាន់តែតិច
អ្នកដែលមិនអន្ទះសារក្នុងការរៀបការពោលគឺមានអាយុកាន់តែច្រើនមុនសម្រេចចិត្តរៀបការ មានអត្រាភាពជោគជ័យក្នុងជីវិតអាពាហ៍ពិពាហ៍ច្រើនជាងអ្នកដែលរៀបការទាំងវ័យក្មេង។ នេះជារបាយការណ៍ចេញផ្សាយដែលធ្វើឡើងដោយសារព័ត៌មាន The Atlantic។
២) ពាក្យ “លង់ស្នេហ៍ ឬ In Love” នរណាម្នាក់ អាចស្ថិតស្ថេរប្រហែលមួយឆ្នាំប៉ុណ្ណោះ
យោងតាមការសិក្សាធ្វើឡើងនៅក្នុងឆ្នាំ ២០០៥ របស់សាកលវិទ្យាល័យ Pavia នៅប្រទេសអ៊ីតាលីបានរកឃើញថា ការលង់ស្នេហ៍ ឬធ្លាក់ចូលក្នុងអន្លង់ស្នេហ៍ទៅលើនរណាម្នាក់របស់មនុស្សទូទៅគឺវាមិនអមតៈនោះទេ។ វាអាចស្ថិតស្ថេរក្នុងរយៈពេលប្រហែលជាមួយឆ្នាំតែប៉ុណ្ណោះ។ បន្ទាប់ពីនោះ វានឹងចាប់ផ្តើមរសាយបន្តិចម្តងៗ ហើយភាពធុញថប់ក៏ចាប់ផ្តើមកើតមានឡើងទន្ទឹមនឹងគ្នានេះ។
៣) ជីវិតអាពាហ៍ពិពាហ៍ដែលរីករាយបំផុតគឺមាននៅក្នុងចំណោមមិត្តភក្តិជិតស្និតរបស់អ្នក
ការសិក្សាមួយដែលធ្វើឡើងដោយការិយាល័យជាតិស្តីពីការស្រាវជ្រាវសេដ្ឋកិច្ចរបស់អាមេរិក (NBER) កាលពីឆ្នាំ ២០១៤ បានរកឃើញថា ការជ្រើសរើសដៃគូជីវិតផ្តើមចេញពីក្នុងចំណោមមិត្តភក្តិជិតស្និតរបស់អ្នក នឹងធ្វើឲ្យជីវិតអាពាហ៍ពិពាហ៍របស់អ្នករស់រវើក និងយល់ចិត្តយល់ថ្លើមគ្នាជាទីបំផុត។
អត្ថបទទាក់ទង៖ អ្នកចិត្តវិទ្យាបង្ហាញកំហុសទូទៅចំនួន ៥ ដែលធ្វើឲ្យទំនាក់ទំនងគូស្នេហ៍ឈានដល់ផ្លូវបំបែក
៤) គម្លាតអាយុកាន់តែតិច អាត្រាលែងលះក៏កាន់តែតិច
សារព័ត៌មាន The Atlantic ដដែលបានចេញផ្សាយថា គូស្នេហ៍ដែលមានគម្លាតអាយុកាន់តែតិច ឬមានវ័យប្រហាក់ប្រហែលគ្នា មានអត្រាលែងលះតិចជាងគូស្នេហ៍ដែលមានគម្លាតខុសគ្នាខ្លាំង។ នេះមានន័យថា គម្លាតអាយុកាន់តែច្រើន អត្រាលែងលះក៏កាន់តែច្រើនដែរ។ នៅអាមេរិក អាយុខុសគ្នា ៥ ឆ្នាំ អត្រាលែងលះមាន ១៨% និង ១០ ឆ្នាំមានអាត្រាលែងលះ ៣៩%។
៥) បើអ្នកបង្ហាញអារម្មណ៍រំភើប ឬចាប់អារម្មណ៍ដំណឹងល្អដៃគូរបស់អ្នក ចំណងស្នេហ៍របស់អ្នកមានភាពរឹងមាំល្អ
មានការសិក្សាស្រាវជ្រាវជាច្រើនបានអះអាងថា គូស្វាម៉ីភរិយាដែលចេះយកចិត្តទុកដាក់ អបអរសាទរ ឬបង្ហាញអារម្មណ៍រំភើបចង់ដឹងរាល់ពេលមានដំណឹងល្អចេញពីគូស្នេហ៍របស់ខ្លួន មានអត្រាភាពជោគជ័យនៅក្នុងទំនាក់ទំនងជីវិតគូជាងគូស្នេហ៍ដែលមានភាពសោះកក្រោះក្នុងរឿងនេះ។
៦) ការអាក់អន់ចិត្តនឹងងាយកើតមានឡើងចំពោះគូស្នេហ៍ដែលមិនចេះជួយគ្នា
ការចេះជួយគ្នាធ្វើកិច្ចការផ្សេងៗក្នុងជីវិតប្រចាំថ្ងៃមានឥទ្ធិពលខ្លាំងណាស់ដល់ភាពជោគជ័យក្នុងជីវិតអាពាហ៍ពិពាហ៍។ សារព័ត៌មាន The Atlantic ក៏បានចេញផ្សាយផងដែរថា ពលរដ្ឋអាមេរិក ៦០% ក្នុងចំណោមគូស្នេហ៍ ៥០០គូ បានចាត់ទុកថា រឿងនេះពិតជាបានដើរតួយ៉ាងសំខាន់សម្រាប់សុភមង្គលរបស់ពួកគេ។
៧) ស្រលាញ់នរណាម្នាក់គ្រាន់តែចង់លេងសើច ឬសាកល្បងមានន័យថា អ្នកទំនងជាគ្មានទំនុកចិត្ត១០០%ទេ
មានហេតុផលជាច្រើនដែលមនុស្សម្នាក់ៗបានបង្កាត់ភ្លើងស្នេហ៍ជាមួយនរណាម្នាក់ ហើយមួយក្នុងចំណោមហេតុផលទាំងនោះគឺមានមនុស្សមួយចំនួនស្រលាញ់នរណាម្នាក់ទុកគ្រាន់តែជាការលេងសើច កំដរអារម្មណ៍ ឬសាកល្បងតែប៉ុណ្ណោះ។ ក៏ប៉ុន្តែការស្រាវជ្រាវរបស់សាកលវិទ្យាល័យ Denver កាលពីឆ្នាំ ២០០៩ បានរកឃើញថា ក្តីស្រលាញ់កម្រិតនេះទំនងជាមិនមានទំនុកចិត្ត១០០%នោះទេនៅក្នុងជីវិតគូរបស់ពួកគេ។
៨) បើចំណូលរបស់អ្នកពឹងលើដៃគូកាន់តែខ្លាំងជាងខ្លួនឯង អ្នកទំនងជាបោកប្រាស់ដៃគូកាន់តែច្រើនដែរ
សូមកុំយល់ថា នេះជារឿងមួយមិនពិត។ ការស្រាវជ្រាវពីសាកលវិទ្យាល័យ Connecticut បានបង្ហាញថា គូស្នេហ៍ដែលភរិយាពឹងលើចំណូលស្វាម៉ី ឬស្វាម៉ីពឹងលើចំណូលភរិយាទំនងជាមិនមានភក្តីភាពជាមួយគ្នានោះឡើយ ជាពិសេសសម្រាប់ស្វាម៉ីដែលពឹងផ្អែកលុយកាក់លើភរិយាតែម្តង។
អត្ថបទទាក់ទង៖ ដំណាក់កាលទាំង ៤នៃស្នេហាដែលគូស្នេហ៍នីមួយៗ ត្រូវឆ្លងកាត់
៩) អ្នកអាចគិតថា មនុស្សគ្រប់គ្នាសុទ្ធតែបោកប្រាស់លួចទាក់ទងអ្នកផ្សេងលើកលៃងតែដៃគូរបស់អ្នក
អ្នកមិនជឿទេថា មនុស្សគ្រប់គ្នាមិនកុហក់លួចលាក់ទាក់ទងអ្នកផ្សេងក្រៅពីដៃគូរបស់ខ្លួន លើកលែងតែដៃគូរបស់អ្នកប៉ុណ្ណោះ។ មែនអត់? សម្រាប់សង្គមអាមេរិក ការសិក្សានៃសាកលវិទ្យាល័យ Calgary បានរកឃើញថា គូស្នេហ៍ត្រឹម ៥% ប៉ុណ្ណោះដែលគិតថា ដៃគូរបស់ខ្លួនលួចទាក់ទងអ្នកផ្សេង ខណៈដែលការពិតអត្រានេះមានរហូតដល់ទៅ ៤០% ឯណោះ។
១០) គូស្នេហ៍ដែលចេះឲ្យតម្លៃគ្នាទៅវិញទៅមកទំនងជាអាចរស់នៅជាមួយគ្នាបានយូរអង្វែង
គូស្នេហ៍ដែលចេះឲ្យតម្លៃ គោរពកោតសរសើរ និងលើកទឹកចិត្តគ្នាទៅវិញទៅមក នឹងធ្វើឲ្យទំនាក់ទំនងរបស់ពួកគេកាន់តែរឹងមាំស្ថិតស្ថេរបានយូរអង្វែង។ នេះជាការស្រាវជ្រាវធ្វើឡើងដោយសាកលវិទ្យាល័យ North Carolina។
១១) ជីវិតអាពាហ៍ពិពាហ៍ គឺជាជីវិតខ្លួនពីរបេះដូងមួយ
លោកស្រី Ellyn Bader អ្នកចិត្តវិទ្យាអាមេរិកនិយាយថា ជីវិតដែលថាអ្វីៗដើម្បីតែខ្លួនឯងគឺលែងដូចមុនទៀតហើយនៅក្រោយពេលរៀបការ។ អ្នកទាំងពីរអាចមានអត្តចរិត ចំណង់ចំណូលចិត្ត ឬមានទម្លាប់ជីវិតខុសៗគ្នា។ ប៉ុន្តែការកសារកសាងជីវិតអាពាហ៍ពិពាហ៍ដ៏រឹងមាំមួយគឺអ្នកទាំងពីរត្រូវដឹងដៃធ្វើដំណើររួមគ្នានៅលើមាគ៌ាជីវិតថ្មីដែលមិនមែនដើម្បីតែមនុស្សជាទីស្រលាញ់របស់អ្នកតែម្នាក់ ឬដើម្បីតែអ្នកតែម្នាក់គត់ ពោលគឺអ្វីៗដើម្បីទាំងអស់គ្នាដែលជាជីវិតខ្លួនពីរបេះដូងមួយ។
១២) គូស្នេហ៍ដែលមានសុភមង្គលបំផុតផ្តើមចេញក្តីស្រលាញ់ មិនមែនមកពីសម្ពាធសង្គម ឬ គ្រួសារឡើយ
ការស្រាវជ្រាវរបស់ក្រុមហ៊ុនស្វែងរកគូស្នេហ៍ eHarmony បានរកឃើញថា គូស្នេហ៍ដែលមានសុភមង្គលបំផុតគឺផ្តើមចេញពីក្តីស្រលាញ់ និងការព្រមព្រៀងរបស់មនុស្សពីរនាក់។ ជីវិតអាពាហ៍ពិពារហ៍ដែលកើតឡើងដោយសារសម្ពាធគ្រួសារ ឬសង្គម មិនធ្វើឲ្យមនុស្សពីរនាក់អាចរួមរស់រួមទុក្ខនៅជាមួយគ្នាប្រកបដោយសុភមង្គលឡើយ។
១៣) សូមត្រៀមខ្លួនជាមុនដើម្បីការផ្លាស់ប្តូរ ពីព្រោះដៃគូរបស់អ្នកក៏អាចផ្លាស់ប្តូរតាមពេលវេលាដែរ
មនុស្សគ្រប់គ្នាសុទ្ធតែផ្លាស់ប្តូរ ហេតុដូច្នេះហើយសូមកុំគិតថា ដៃគូរបស់អ្នកមិនផ្លាស់ប្តូរឲ្យសោះ។ ពីមួយថ្ងៃទៅមួយថ្ងៃ ឥរិយាបថដៃគូរបស់អ្នកចំពោះអ្នកនឹងមានខុសប្លែកពីគ្រាដំបូងដែលអ្នកធ្លាប់ស្គាល់គ្នា។ ក្តីស្រលាញ់អាចមិនផ្អែមល្ហែមដូចមុន ហើយភាពខ្វែងគំនិតគ្នាក៏អាចចាប់ផ្តើមដើរទន្ទឹមនឹងគ្នានេះ។ យ៉ាងណាក៏ដោយរឿងមួយដែលអ្នកត្រូវចាំគឺអ្នកត្រូវតែត្រៀមខ្លួនដើម្បីទទួលយកការផ្លាស់ប្តូរថ្មីៗដែលនឹងចូលមកដល់។
១៤) សម័យនេះ អ្នកគួរជជែកគ្នាបន្តិចរឿងប្រើប្រាស់បណ្តាញសង្គមមុនពេលរៀបការ
ហេតុអ្វី? មានគូស្នេហ៍ជាច្រើនចាប់ផ្តើមងប់ងល់នឹងការប្រើប្រាស់បណ្តាញសង្គមរហូតដល់ភ្លេចគិត និងយកចិត្តទុកដាក់ដៃគូរបស់ខ្លួន។ លោកស្រី Rachel Sussman អ្នកជំនាញខាងទំនាក់ទំនងដៃគូជីវិត និងអ្នកប្រឹក្សាយោបល់ផ្នែកជីវិតអាពាហ៍ពិពាហ៍បានលើកឡើងថា មានគូស្នេហ៍កាន់តែច្រើនឡើងចាប់ផ្តើមខ្វែងគំនិតគ្នាទៅនឹងទំនោរប្រើប្រាស់បណ្តាញសង្គមនានានៅពេលបច្ចុប្បន្ននេះ។
អត្ថបទទាក់ទង៖ ឬកពា៤យ៉ាងដែលបង្ហាញថា គូស្នេហ៍អស់ចិត្តពីគ្នា
១៥) បើអ្នក និងគូស្នេហ៍របស់អ្នកឲ្យតម្លៃសម្ភារៈនិយមកាន់តែតិច ជីវិតគូស្នេហ៍របស់អ្នកកាន់តែរីករាយ
ការសិក្សាមួយដែលត្រូវបានចុះផ្សាយនៅក្នុងទិនានុប្បវត្តិស្តីពីបញ្ហាគ្រួសារ និងសេដ្ឋកិច្ច (Journal of Family and Economic Issues) បានរកឃើញថា សម្ភារៈនិយម ឬការឲ្យតម្លៃកាន់តែខ្ពស់ទៅលើលុយកាក់ និងទ្រព្យសម្បត្ដិ ធ្វើឲ្យភាពរីករាយក្នុងជីវិតគូធ្លាក់ចុះ។ គេអាចនិយាយម៉្យាងទៀតថា ប្រសិនបើអ្នក និងដៃគូចង់មានសុភមង្គលយូរអង្វែង វាជារឿងសំខាន់ដែលអ្នកត្រូវផ្តោតលើរឿងរ៉ាវមួយចំនួនក្នុងជីវិតដែលលុយមិនអាចទិញបានដូចជា ពេលវេលា ក្តីស្រលាញ់ ការយកចិត្តទុកដាក់ចំពោះគ្នា និងការបង្កើតការសន្ទនាដ៏ផ្អែមល្ហែមរបស់អ្នកទាំងពីរជាដើម៕
ប្រភព៖ Businessinsider