Covid19 ផ្ទុះតាំងពីឆ្នាំ២០១៩​ ​ហេតុអ្វីបានប្រើពេលយូរម្ល៉េះ​ មិនទាន់រកឃើញ វ៉ាក់សាំង ផ្លូវការនៅឡើយ?​



បន្ទាប់ពីមានការរីក​រាតត្បាត​យ៉ាងឆាប់រហ័សនៃវីរុសកូរ៉ូណាក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ​នៅ​ទូទាំង​ពិភពលោក​  ខណៈ​ដែល​ប្រទេស​ចិន​បាន​អះអាង​ថា​ ខ្លួនបានគ្រប់គ្រងស្ថានការណ៍ក្នុងស្រុកបានទាំងស្រុង។ កូវីដ១៩ ត្រូវបានគេរកឃើញថា​ ផ្ទុះតាំងពីឆ្នាំ២០១៩មក​ម្ល៉េះ ខណៈរឿងចចាមអារ៉ាមមួយចំនួនបានលេចចេញតាមសារព័ត៌មានជប៉ុន ថា​ វីរុស​នេះ​ផ្ទុះពីដើមឆ្នាំ២០១៩ ​មក​ម្ល៉េះ​ ប៉ុន្តែខាងលោកខាងលិច ចោទ​ប្រកាន់​ថា​ រដ្ឋាភិបាលក្រុង​ប៉េកាំង បាន​លាក់បាំងព័ត៌មាននេះ។ 

​បណ្តាប្រទេសជាច្រើន កំពុងតែព្យាយាមយ៉ាងខ្លាំងដើម្បីបង្កើតវ៉ាក់សាំង​ប្រឆាំងនឹងជំងឺរាតត្បាតជាសកលមួយនេះ ខណៈបច្ចុប្បន្ន​ វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យាកាន់តែទំនើប និង​កាន់តែសម្បូរធនធាន​មនុស្ស​ក្នុ​ងវិស័យវិជ្ជសាស្ត្រ​ និង​វិទ្យាសាស្ត្រ​ ប៉ុន្តែរឿងវ៉ាក់សាំងការពារ មិនទាន់រកឃើញឱ្យជាក់លាក់ និង​អះអាង​ថា​ មាន​ប្រសិទ្ធភាព ១០០%​ប្រើប្រាស់ជាផ្លូវការបាននៅឡើយទេ។ សហរដ្ឋ​អាមេរិក​ ទើបនឹង​បានធ្វើតេស្តទៅលើមនុស្ស ៤៥នាក់កាលពីថ្ងៃចន្ទ ដើមសប្ដាហ៍​នេះ​ និងអាល្លឺម៉ង់ ក៏​អះអាងថា ខ្លួន​ផលិតបានដែរ។ ប៉ុន្តែរបកគំឃើញទាំងអស់នេះ​ សុទ្ធ​តែនៅក្នុងដំណាក់កាលតេស្តទាំងអស់។ 

អ្វីដែលជាចម្ងល់របស់មនុស្សម្នាជាច្រើននោះគឺថា ហេតុអ្វីបានជាមកដល់​ពេល​​នេះទៅហើយ នៅតែមិនទាន់មានវ៉ាក់សាំង​ ដែល​ផលិតដោយ​ក្រុម​អ្នកវិទ្យាសាស្ត្រណាមួយ ឬប្រទេស​ណា​មួយ​ដែល​ត្រូវ​បាន​អង្គការសុខភាពពិភពលោកទទួលស្គាល់ និង​អះអាង​ជា​ផ្លូវការ​ថា​ អាច​​ប្រើ​ប្រាស់​បានប្រសិទ្ធភាព ១០០% សូម្បីតែប្រទេស​ចិន​​ដែល​ជា​មហាអំណាច​សេដ្ឋកិច្ច​ទីពីរក្នុង​លោក ដែល​បាន​ជះលុយច្រើនកោដិដុល្លារអភិវឌ្ឃន៍វិស័យបញ្ញាសិប្បនិម្មិត និង​វិស័យស្រាវជ្រាវនិងអភិវឌ្ឍន៍ និង​ជាប្រទេស​ដែល​​ផ្ទុះវីរុស​ដ៏កាច​សាហាវនេះមុនគេ ក៏​មិន​ទាន់ប្រកាស​រកឃើញវ៉ាក់សំាងនោះដែរ។

ខាងក្រោមនេះ ​អាច​ជាហេតុផល សំខាន់ដែលធ្វើ​ឱ្យការបង្កើតវ៉ាក់សាំងការពារវីរុសកូរ៉ូណាត្រូវ ចំណាយពេលយូរយ៉ាងនេះ៖

 -ប្រភេទវ៉ាក់សាំង

វ៉ាក់សាំងការពារជំងឺមានច្រើនប្រភេទ ហើយមានសមត្ថភាពក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺតាម មធ្យោបាយផ្សេងៗពីគ្នា។ ដូចជាប្រភេទវ៉ាក់សាំងការពារជំងឺផ្ដាសាយទូទៅ វ៉ាក់សាំង Inactivated vaccines, Toxoid vaccines, Subunit vaccines, Conjugate vaccines ជាដើម។ ក្នុងការស្រាវជ្រាវទៅលើវ៉ាក់សាំងការពារវីរុសកូរ៉ូណា គឺគេ នឹងស្រាវជ្រាវទៅលើវ៉ាក់សាំងជាច្រើនប្រភេទ​ឱ្យ​តែមានលទ្ធភាព​អាច​ធ្វើ​ឱ្យ​ភាពស៊ាំ​របស់​មនុស្ស​ទប់ទល់បាននឹងវីរុសថ្មីនេះ អីចឹង ហើយ ទើបធ្វើឱ្យការស្រាវជ្រាវត្រូវចាយពេលកាន់តែយូរ។

-ទិន្ន័យអំពីវីរុស

មុននឹងប្រព័ន្ធភាពស៊ាំរបស់មនុស្សអាចកំចាត់វីរុសណាមួយបាន វាត្រូវស្គាល់ពីវីរុសនោះជាមុនសិន។ អីចឹងហើយមុននឹងអ្នកវិទ្យាសាស្រ្តអាចបង្កើតវ៉ាក់សាំងការពារវីរុសកូរ៉ូណាបាន ពួកគេត្រូវការពេល វេលាដើម្បីយល់ដឹងពីវីរុសនេះ​ឱ្យបានច្រើនជាមុនសិន ​ខណៈដែល​ការ​ផ្ទុះនៅចិន ត្រូវ​ពួកបស្ចឹមប្រទេស​អះអាង​ថា​ ចិន​បាន​លាក់បាំងព័ត៌មានជា​ច្រើន​ដែល​ក្នុង​នោះ​ ក៏​មិន​ងាយ​អនុញ្ញាតឱ្យពួក​លោកខាងលិចជួយ​ រហូត​ដល់​ចំនួន​​ករណី​ផ្ទុះ​ឡើង​គ្រប់គ្រងលែងជាប់ ទើប​អនុញ្ញាត ឱ្យ​អង្គការសុខភាព​ពិភពលោក​ ចូល​ទៅ​ធ្វើ​ការបាន ហើយសូម្បីក្រុមគ្រូពេទ្យអាមេរិក ក៏មិនអនុញ្ញាតឱ្យចូលទៅដែរ លើកលែងតែក្នុងក្របខណ្ឌអង្គការសុខភាពពិភពលោកប៉ុណ្ណោះ។ បញ្ហានេះ​ ហើយ​ទើប​ធ្វើ​ឱ្យ​បណ្ដា​ប្រទេស​ភាគ​ច្រើន​ ខ្វះព័ត៌មានលម្អិត និង​បាន​បណ្ដាលឱ្យ​ប្រទេស​ភាគ​ច្រើន​ជា​ពិសេស​នៅ​លោក​ខាងលិច​ ត្រៀម​ខ្លួន​មិន​ទាន់ពេល​​ លើ​ការ​រៀបចំ​ផែនការ ក៏​ដូចជា​ចំណាត់ទប់ស្កាត់បានទាន់ពេលវេលា។ អីចឹងហើយបានជា អឺរ៉ុប កំពុងស្ថិតនៅក្នុងស្ថានការណ៍ដុនដាបខ្លាំង។ 

-ការធ្វើតេស្ត

បន្ទាប់ពីវ៉ាក់សាំងត្រូវបានបង្កើតឡើងហើយ គេត្រូវការពេលវេលាជាច្រើនខែបន្ថែមទៀតដើម្បីធ្វើតេស្ត សាកល្បងអំពីប្រសិទ្ធ និង សុវត្ថិភាពនៃការប្រើប្រាស់។ តាម​ការ​អះអាង​របស់​អ្នក​ជំនាញ​គឺ​ថា​ យ៉ាង​ហោចណាស់​ក៏​ចំណាយ​ពេល​ ៦​ខែ​យ៉ាង​តិច​ទើប​អាច​វាយ​តម្លៃ​បាន​នូ​វ​ប្រសិទ្ធភាព​ទាំង​ស្រុង​នៃ​វ៉ាក់សាំង​ដែល​ផលិតបាន។ ដូច្នេះ​ បើ​ទោះ​បី ជា​សហរដ្ឋ​អាមេរិក​ ឬ អាល្លឺម៉ង់ ឬ​បណ្ដា​ប្រទេស​ផ្សេង​ទៀត​ដែល​ផលិតបាន​វ៉ាក់សាំង​នា​ពេល​នេះ​ ក៏​វា​ត្រូវ​ការ​ពេល​ច្រើន​ខែ​ទៀត​ដែរ​សម្រាប់​ការ​ធ្វើ​តេស្ត និង​វាយ​តម្លៃ​ប្រសិទ្ធភាព។ ប្រធានក្រុម​អ្នក​ស្រាវជ្រាវវ៉ាក់សាំងរបស់ក្រុមហ៊ុន Sanofi ដ៏ធំរបស់​សហរដ្ឋ​អាមេរិក​ ដែល​បាន​និង​កំពុង​ធ្វើ​ការ​ជា​មួយ​នឹង​ស្ថាប័នពាក់ព័ន្ធ​សហរដ្ឋ​អាមេរិក​ បាន​វាយ​តម្លៃ​ថា​ យ៉ាងហោចណាស់ចាយពេល ១ឆ្នាំ​ ទៅ​ ១ឆ្នាំ​កន្លះ​ទើប​អាច​ផលិតវ៉ាក់សាំង បូក​នឹង​ការ​ធ្វើ​តេស្ត បាន។ 

ដំណាក់​កាល​នៃ​ការ​ធ្វើ​តេស្ត ក៏​ជា​បញ្ហាធំខ្លាំងណាស់ដែរព្រោះថា ទម្រាំដល់​ការ​ធ្វើ​តេស្តជាមួយមនុស្សជាក់ស្ដែង​ ក្រុមគ្រូពេទ្យមានការរៀបចំតេស្តពីរ គឺ Vitro (តេស្ត​ដោយ​ប្រើ​កោសិកានៅក្នុង​មន្ទីរពិសោធន៍) និង Vivo (តេស្តដោយប្រើសត្វដែលត្រូវសម្រិតសម្រាំងយ៉ាងពិសេស)។ តែយ៉ាងណា ក្រុម​អ្នក​វិទ្យាសាស្ត្រ អូស្ត្រាលី និង​អាមេរិក អះអាងថា​ ប្រហែលគេ​អាច​ប្រើ​ផ្លូវ​កាត់​បាន​មួយ​ចំនួន​ព្រោះ​ថា​ វីរុស​នេះ​ធ្លាប់ផ្ទុះកាលពីឆ្នាំ២០០៣ ម្ដងរួច​ទៅហើយ គ្រាន់តែលើកនេះ​វា​វិវត្តន៍ទៅដំណាក់កាលថ្មីដែលគេដាក់ឈ្មោះថា​ Corona Virus Disease in 2019។ 

-ការអនុញ្ញាត

បន្ទាប់ពីវ៉ាក់សាំងត្រូវបានធ្វើតេស្តសាកល្បងនៅក្នុងមន្ទីរពិសោធន៍រួចរាល់ហើយ វាត្រូវការឆ្លងកាត់ការ ត្រួតពិនិត្យពីស្ថាប័នផ្សេងៗទៀត មុននឹងត្រូវបានអនុញ្ញាតដាក់​ឱ្យប្រើប្រាស់ជាផ្លូវការ ក្នុង​នោះ​ការ​វាយ​តម្លៃ​របស់​ស្ថាប័ន​ធំៗ រួម​ទាំង​អង្គការ​សុខភាព​ពិភពលោក​ផង។ 

-ការផលិត

នៅពេលដែលឆ្លងកាត់ដំណាក់កាសសំខាន់ៗទាំងអស់នេះរួចរាល់ហើយ ក៏មិនទាន់ប្រាកដថាបណ្តា ក្រុមហ៊ុនទាំងឡាយហ៊ានផលិត និង ចែកចាយវ៉ាក់សាំង​ទាំង​នេះ​ក្នុង​ទ្រង់ទ្រាយធំនោះដែរ។ ទី១ ពួកគេ​អាច​គិត​ពី​ផល​ប្រយោជន៍​ជាតិមុនគេ (ផលិតសម្រាប់ប្រើ​ក្នុងស្រុកមុន) និង​ទី២ គិត​​ពីហានិភ័យដែលអាចនឹងកើតមាន​ផ្សេងៗ ​ដូច​ជា​ការ​លួច​ចម្លង ហើយ​រឹត​តែ​ពិសេស​ទៅ​ទៀត​នោះ​ គឺ​វ៉ាក់សាំង​ប្រហែល​ជា​មិន​អាច​មាន​ហ្វ្រ៊ីដល់​ប្រជាជនទូទាំងពិភពលោកនោះទេ ព្រោះក្រុមហ៊ុនឯកជនជា​អ្នក​ស្រាវជ្រាវ និង​ផលិត ដូច្នេះ​ ការ​លក់ក្នុង​តម្លៃ​ណាមួយ​អាច​ជៀស​មិនផុតនោះទេ។ 

 អត្ថបទទាក់ទងៈ អត្រាឆ្លងច្រើន ហេតុអ្វីចំនួនអ្នកស្លាប់ដោយសារវីរុសកូរ៉ូណាអាល្លឺម៉ង់មានចំនួនតិច?​

ដោយ៖ ជា ឧត្តម្ភ

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

X
5s