ការសិក្សា៖ មនុស្សឈាមប្រភេទ A ងាយឆ្លងវីរុសកូវីដ១៩ខ្លាំងជាងប្រភេទឈាម O
ការសិក្សាស្រាវជ្រាវបឋមមួយលើអ្នកជំងឺជាច្រើននាក់បង្ហាញថា មនុស្សមានឈាមប្រភេទ A អាចប្រឈមនឹងការឆ្លងវីរុសកូវីដ១៩ខ្លាំងជាងគេ ហើយឈាមប្រភេទ O ទំនងជាមានភាពស៊ាំនឹងជំងឺនេះខ្លាំង។ នេះបើយោងតាមការចុះផ្សាយរបស់ South China Morning Post។
អ្នកសិក្សាស្រាវជ្រាវផ្នែកវេជ្ជសាស្រ្តរបស់ប្រទេសចិនបានយកឈាមក្រុមអ្នកជំងឺប្រមាណ ២ ០០០នាក់ដែលមានផ្ទុកវីរុសកូវីដ១៩ ក្នុងទីក្រុងវូហាន ខេត្ត Shenzhen ហើយបានធ្វើការប្រៀបធៀបអ្នកទាំងនោះទៅនឹងក្រុមមនុស្សដែលមានសុខភាពល្អ។ អ្នកស្រាវជ្រាវទាំងនោះបានរកឃើញថាអ្នកជំងឺក្រុមឈាមប្រភេទ A មានអត្រាឆ្លងខ្ពស់ ហើយទំនងជាមានរោគសញ្ញាកាន់តែធ្ងន់ធ្ងរថែមទៀត។
ការសិក្សាស្រាវជ្រាវដែលដឹកនាំដោយលោក Wang Xinghuan ក្នុងមជ្ឈមណ្ឌល Centre for Evidence-Based and Translational Medicine ក្នុងមន្ទីពេទ្យ Zhongnan Hospital ទីក្រុងវូហាន បានសរសេរថា «មនុស្សដែលមានក្រុមឈាមប្រភេទ A ត្រូវពង្រឹងការរក្សាការពាររាងកាយផ្ទាល់ខ្លួនឲ្យបានខ្ជាប់ខ្ជួនដើម្បីកាត់បន្ថយការឆ្លងជំងឺផ្លូវដង្ហើមមួយនេះ»។
ផ្ទុយទៅវិញ ក្រុមមនុស្សដែលមានឈាម O មានអត្រាការឆ្លងទាបជាងបើធៀបនឹងក្រុមមនុស្សដែលគ្មានឈាមប្រភេទ O នេះបើយោងតាមការចុះផ្សាយរបស់ Medrxiv.org កាលពីថ្ងៃទី១១ ខែមីនា។
ក្នុងចំណោមមនុស្សចំនួន ២០៦នាក់ ដែលបានស្លាប់ដោយសារកូវីដ១៩ ក្នុងទីក្រុងវូហាន មាន ៨៥នាក់មានឈាមប្រភេទ A ដែលចំនួននេះស្មើជាង ៦៣ភាគរយ ច្រើនជាងមនុស្សចំនួន ៥២នាក់ដែលមានឈាមប្រភេទ O៕
ដោយ៖ លង់ វណ្ណៈ