មន្ត្រីជាន់ខ្ពស់ចិន៖ ថ្នាំផ្ដាសាយ Favipiravir ប្រសិទ្ធភាពខ្ពស់​ព្យាបាល Covid19!​



មន្ត្រីសុខាភិបាលនៃប្រទេសចិនបានបញ្ចប់ការស្រាវជ្រាវផ្នែកវេជ្ជសាស្ត្រទៅលើការប្រើប្រាស់ថ្នាំ Favipiravir ដែល​បង្ហាញពីលទ្ធផលល្អ និងវិជ្ជមាន​ចំពោះ​ការ​ព្យាបាលសាកល្បងអ្នកជំងឺ Covid19។ នេះបើតាមការបញ្ជាក់ពីសំណាក់មន្ត្រីជាន់ខ្ពស់សុខាភិបាលចិននៅថ្ងៃអង្គារទី 17 ខែមីនា ចុះផ្សាយដោយសារព័ត៌មានរដ្ឋចិន Xinhua។ 

ថ្នាំព្យាបាលជំងឺផ្ដាសាយ Favipiravir ត្រូវបានអនុម័តឱ្យ​ប្រើប្រាស់ជាផ្លូវការនៅប្រទេសជប៉ុនក្នុងឆ្នាំ 2014 ដែលត្រូវបានវេជ្ជសាស្ត្រជំនាញរបស់ចិនប្រើប្រាស់ក្នុងការធ្វើតេស្តសាកល្បងទៅលើអ្នកជំងឺ​ Covid19 ជាក់ស្ដែង​នៅមន្ទីរពេទ្យ Shenzhen នាភាគខាងត្បូងខេត្តក្វាងទុង។ នេះបើតាមការបញ្ជាក់របស់លោក Zhang Xinmin  នាយកមជ្ឈមណ្ឌលជាតិសម្រាប់ការអភិវឌ្ឍជីវៈបច្ចេកវិទ្យារបស់ចិនស្ថិតនៅក្រោមចំណុះរបស់ ក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ដែលបានធ្វើសន្និសីទកាសែតនាថ្ងៃអង្គារនេះ​។ 

ក្នុងការធ្វើតេស្តសាកល្បងទៅលើអ្នកជំងឺជាង 80 នាក់នេះ គេបានបែងចែកជាពីរក្រុម ដោយមួយក្រុមលេបថ្នាំខាងលើ មានគ្នាទាំងអស់ 35នាក់ និងអ្នកជំងឺមួយក្រុមទៀតមានគ្នា 45 នាក់ ត្រូវបានដាក់ព្យាបាលដាច់ដោយឡែក លទ្ធផលបង្ហាញថា អ្នកដែលបានឆ្លងកាត់ការប្រើប្រាស់ថ្នាំរកឃើញអវិជ្ជមានពី Covid-19។

ក្រុមហ៊ុនផលិតឱសថ​ខាង​លើ ​ដែល​ជា​ក្រុមហ៊ុន​របស់​ចិន​ ​ត្រូវ​បាន​​រដ្ឋបាល​គ្រប់គ្រងឱសថជាតិ របស់​ចិន អនុញ្ញាតឱ្យ​ផលិតឱសថក្នុង​បរិមាណច្រើន​ ដើម្បីធានា​បាន​នូវ​ការ​ផ្គត់ផ្គង់​​ មិន​បណ្ដាលឱ្យ​កង្វះខាតនា​ពេល​អនាគត៕

X
5s