Facebook ផ្ដល់ប្រាក់បន្ថែមដល់បុគ្គលិកម្នាក់ ១ ០០០ដុល្លារ ខណៈមានការផ្ទុះជំងឺកូវីដ១៩​



ក្រុមហ៊ុនបណ្ដាញសង្គមយក្ស Facebook ផ្ដល់ប្រាក់លើកទឹកចិត្តបន្ថែមទៅដល់បុគ្គលិករបស់ខ្លួនក្នុងម្នាក់ ១ ០០០ដុល្លារ ក្នុងកំឡុងពេលមានការផ្ទុះវីរុសកូរ៉ូណា ដោយទឹកប្រាក់បន្ថែមនេះផ្ដលជូនចំពោះបុគ្គលិកដែលធ្វើការនៅតាមផ្ទះប៉ុណ្ណោះ ដោយសារពួកគេត្រូវចាយវាយលើរបស់របរផ្សេងៗដូចជាត្រូវរៀបចំការិយាល័យក្នុងផ្ទះ និងការចំណាយទៅលើកូនៗជាដើម។ 

ទឹកប្រាក់១ ០០០ដុល្លារនេះគឺផ្ដល់ជូនចំពោះតែបុគ្គលិកធ្វើការពេញម៉ោងប៉ុណ្ណោះ នេះបើយោងតាមប្រភពជិតស្និទ្នបានបង្ហើមឲ្យដឹង។ តាមក្រុមហ៊ុនដដែលបានប្រកាសកាលពីដើមខែនេះ បានឲ្យដឹងថាក្រុមហ៊ុនខ្លួននឹងនៅតែបន្តផ្ដល់ប្រាក់ខែប្រចាំម៉ោងទៅដល់បុគ្គលិករបស់ខ្លួនដូចជាបុគ្គលិកយាមទ្វារ អ្នកធ្វើការនៅហាងកាហ្វេ នូវប្រាក់ពេញម៉ោងដដែលបើទោះបីជាមានការកាត់បន្ថយម៉ោងធ្វើការក្ដី។

ក្រុមហ៊ុនហ្វេសបុក មានបុគ្គលិកសរុបប្រមាណ ៤៥ ០០០នាក់ទូទាំងពិភពលោក។ ប្រាក់ខែប្រចាំឆ្នាំមធ្យមរបស់ក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិកមួយនេះប្រមាណ ២២៨ ៦៥១ដុល្លារអាមេរិក បើយោងតាមគណៈកម្មាធិការមូលបត្រ Securities and Exchange Commission។

ក្រៅពីការផ្ដល់ជូនទឹកប្រាក់បន្ថែមទៅដល់បុគ្គលិករបស់ខ្លួន ក្រុមហ៊ុនយក្សអាមេរិកនេះក៏នឹងមានត្រៀមចំណាយទឹកប្រាក់ប្រមាណ ១០០លានដុល្លារ ដើម្បីជួយក្រុមហ៊ុនខ្នាតតូចក្នុងប្រទេសចំនួន៣០ ដែលទទួលរងផលប៉ះពាល់ដោយសារវីរុសកូវីដផងដែរ។

គួរឲ្យដឹងដែរថា ក្រុមហ៊ុនបច្ចេកវិទ្យាធំៗបានអនុវត្តការធ្វើការពីចម្ងាយ ខណៈមានការផ្ទុះឡើងនូវវីរុសកូរ៉ូណា។ កាលពីសប្ដាហ៍មុនក្រុមហ៊ុន Twitter បានអនុញ្ញាតិឲ្យបុគ្គលិកទាំងអស់ជុំវិញពិភពលោករបស់ខ្លួនធ្វើការពីផ្ទះ ហើយGoogle បានស្នើឲ្យបុគ្គលិកមួយចំនួនក្នុងតំបន់ អាមេរិកខាងត្បូង អ៊ឺរ៉ុប អាហ្វ្រិក និងមជ្ឈិមបូព៌ា ធ្វើការពីផ្ទះទាំងអស់។ ក្រុមហ៊ុន Facebook និង Amazon មិនទាន់ចេញប្រកាសឲ្យបុគ្គលិកធ្វើការពីផ្ទះទេ ប៉ុន្តែក្រុមហ៊ុនទាំងនេះកំពុងលើកទឹកចិត្តខ្លួនឲ្យធ្វើបែបនេះ៕

ដោយ៖ លង់ វណ្ណៈ

 

X
5s