ចិន និងបណ្ដាប្រទេសអាស៊ានកំពុងរួមដៃគ្នាពេញទំហឹងប្រឆាំងនឹង Covid-19​



មិនខុសពីការព្យាករណ៍របស់អ្នកជំនាញ គិតមកទល់ពេលនេះ Covid-19 ឬវីរុសកូរ៉ូណាបានឆ្លងរាលដាលស្ទើរពេញពិភពលោក ហើយបើគិតត្រឹមរយៈពេល ២៤ម៉ោង នៅប្រទេសអ៊ីតាលីមានអ្នកស្លាប់រហូតទៅដល់ ៣៤៥នាក់ ដោយសារវីរុសមួយនេះ ខណៈប្រទេសចិនដែលប្រទេសដើមកំណើតនៃ Covid-19 កំពុងមានការធ្លាក់ចុះយ៉ាងគួរឲ្យកត់សម្គាល់។ 

ស្របពេលជាមួយគ្នានេះ ចិននិងប្រទេសជិតខាងរបស់ខ្លួនបាននិងកំពុងដុតដៃដុតជើងយ៉ាងខ្លាំង ហើយពួកគេបានយល់ឃើញថាក្នុងការប្រយុទ្ធប្រឆាំងនឹង Covid-19 គឺ ត្រូវអនុវត្តជាចាំបាច់ចំពោះប្រទេសនីមួយៗរៀងខ្លួន ដោយគ្មានការមើលបំណាំ ឬការស្តយីបន្ទោសណាមួយឡើយ។ រដ្ឋមន្រ្តីការបរទេសអាស៊ាននិងចិនបានជួបប្រជុំគ្នានៅទីក្រុងវៀងចន្ទន៍ប្រទេសឡាវកាលពីពេលកន្លងទៅ ដើម្បីពិភាក្សាពីវិធានការណ៍រួមគ្នាក្នុងការប្រយុទ្ធប្រឆាំងនឹងការគំរាមកំហែង Covid-19 នេះ។

បន្ទាប់ពីមានការផ្ទុះឡើងយ៉ាងខ្លាំងនៅក្នុងប្រទេសចិន Covid-19 បានចាប់ផ្តើមរាលដាលខ្លាំងទៅប្រទេសប៉ែកអឺរ៉ុប ហើយក្នុងពេលនេះប្រទេសនៅអាស៊ីអាគ្នេយ៍កំពុងប្រឈមខ្លាំងជាមួយការឆ្លងនេះដូចគ្នា។ ម៉ាឡេស៊ី កំពុងក្លាយជាប្រទេសមួយដែលមានអត្រាអ្នកស្លាប់ និងឆ្លងរាលដាលខ្លាំងជាងគេក្នុងចំណោម ១០ប្រទេស ហើយក៏កំពុងឈានដល់ដំណាក់កាលបិទប្រទេសផងដែរ។ 

ដោយសារភាពជិតស្និទ្ធនិងទំនាក់ទំនងសេដ្ឋកិច្ចនិងប្រជាជនជិតស្និតអាស៊ីអាគ្នេយ៍ក្លាយជា កត្តាប្រឈមខ្លាំងមួយ ងាយស្រួលសម្រាប់ការឆ្លងនៃវីរុសកូវីដ ១៩នេះ។ លំហូរនៃការធ្វើដំណើរពីរដងក្នុងមួយឆ្នាំ មានចំនួនដល់ទៅ ៦៥ លានដង ដែលបង្កើនភាពងាយរងគ្រោះក្នុងតំបន់។ ដូច្នេះវាមិនមែនជារឿងគួរឱ្យភ្ញាក់ផ្អើលទេដែលករណីដែលបានរាយការណ៍ដំបូងកូវីដ ១៩ នៅក្រៅប្រទេសចិនបានកើតឡើង ក្នុងនោះប្រទេសថៃបានក្លាយជាប្រទេសដែលឆ្លងដំបូងបង្អស់ក្រៅពីប្រទេសចិន រួចក៏បន្តរាលដាលទៅកាន់ប្រទេសផ្សេងៗទៀត។

ថ្វីបើបណ្ដាប្រទេសមួយចំនួនហាក់កំពុងមានបញ្ហាជម្លោះជាមួយចិន ដូចជាបញ្ហាដែនសមុទ្រក្តីតែបណ្ដាប្រទេសក្នុងតំបន់អាស៊ានក៏មិនឈរឱបដៃមើលចិនត្រូវវីរុសកូវីដ ១៩ បំផ្លាញនោះដែរ ដោយមានការផ្តល់ជាជំនួយផ្សេងៗតាមដែលអាចធ្វើទៅបាន។ 

បណ្ដាប្រទេសអាស៊ាន និងចិនបានធ្វើការប្តេជ្ញាកាត់បន្ថយផលប៉ះពាល់អវិជ្ជមាននៃមេរោគឆ្លងទៅលើសេដ្ឋកិច្ចក្នុងតំបន់និងការអភិវឌ្ឍសង្គម ព្រោះផលប៉ះពាល់ដែលបណ្ដាលមកពីវីរុសកូវីដ ១៩ មានទំហំមិនតូចនោះទេ។ ប្រទេសចិនគឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់អាស៊ីអាគ្នេយ៍និងទីផ្សារទេសចរណ៍ដ៏សំខាន់សម្រាប់ប្រទេសនៃតំបន់អាស៊ាន ព្រោះទេសចរណ៍គឺជាការចូលរួមចំណែកដ៏ធំធេងដល់សេដ្ឋកិច្ចក្នុងស្រុក។ ប្រទេសថៃដែលទទួលបានភ្ញៀវទេសចរមកពីប្រទេសចិនប្រមាណ ១១ លាននាក់កាលពីឆ្នាំមុនបានកាត់បន្ថយការព្យាករណ៍កំណើនសេដ្ឋកិច្ចសម្រាប់ឆ្នាំនេះដោយសារវិបត្តិនេះ។ ប្រទេសសិង្ហបុរីក៏បានបន្ទាបការព្យាករណ៍កំណើនសេដ្ឋកិច្ចរបស់ខ្លួននៅឆ្នាំនេះដល់ចន្លោះពី -០,៥ ភាគរយទៅ ១,៥ ភាគរយ។ ការនាំចេញទំនិញក្នុងតំបន់ទៅកាន់ប្រទេសចិនដូចជាប្រេងដូងកៅស៊ូទង់ដែងប្រេងឥន្ធនៈ និងរ៉ែផ្សេងៗទៀតកំពុងមានអារម្មណ៍ធូរស្បើយរួចទៅហើយ។

ជាមួយគ្នានេះដែរ អង្គការសុខភាពពិភពលោក WHO ក៏បានធ្វើការអំពាវនាវកាន់តែខ្លាំងដល់បណ្តាប្រទេសក្នុងតំបន់អាស៊ានឲ្យមានសកម្មភាពកាន់តែសកម្ម និងខ្លាំងក្លាបំផុតល «agressive action» ក្នុងការចូលរួមប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃការឆ្លងវីរុសកូវីដ ១៩នេះ ខណៈប្រទេសមួយចំនួនកំពុងបន្តមានការឆ្លងរាលដាលក្នុងសហគមន៍ហើយ នេះយោងទៅតាមការរាយការណ៍ពីសារព័ត៌មាន CNA។ 

ជាមួយគ្នានេះ ងាកទៅមើលប្រទេសឡាវ និងភូមានៅមិនទាន់បង្ហាញថាមានករណីឆ្លងណាមួយនៃវីរុសកូវីដ ១៩ ក្នុងប្រទេសរបស់គេទេ តែទោះជាយ៉ាងណាឡាវបានធ្វើការបិទសាលារៀនទាំងស្រុងដើម្បីកាពារសុវត្ថិភាព។ រីឯប្រទេសថៃ ក៏បានប្រកាសបិទសាលារយៈពេល ២សប្ដាហ៍ដែរ ខណៈប្រទេសហ្វីលីពីនបិទកោះ Luzon មួយទាំងមូលដែលមានមនុស្ស ៥០លាននាក់។ កម្ពុជាក៏កំពុងចូលរួមយ៉ាងសស្រាក់សស្រាំដូចគ្នាលើការបិទជើងហោះហើរពីប្រទេសចំនួន ៦ ការបិទសាលារៀន ការបិទកន្លែងកំសាន្ត ការផ្អាកការជួបជុំបែបសាសនា និងការជួបជុំនានាដែលអាចបង្កភាពងាយស្រួលដល់ការចម្លងវីរុស។

គួរបញ្ជាក់ថា នាពេលនេះប្រទេសអាស៊ីអាគ្នេយ៍ ដែលមានអ្នកឆ្លង COVID-19 ច្រើនជាងគេនោះគឺម៉ាឡេស៊ីមានរហូតដល់ ៦៧៣ករណី ក្នុងនោះអ្នកជំងឺ ០២នាក់ស្លាប់ ខណៈនៅហ្វីលីពីនវិញមានអ្នកឆ្លងជិត ២០០ករណី និងអ្នកជំងឺ ១២នាក់ឯណោះស្លាប់។ នៅក្នុងប្រទេសដូចជាថៃជាដើម បានរាយការណ៍អំពីការឆ្លង COVID-19 ជាចង្កោម ឬក្រុម ដែលប្រការនេះពិតជាគួរឲ្យព្រួយបារម្ភបំផុត៕

ដោយ៖ យ៉ាយ៉ា

 

X
5s