ជប៉ុននៅតែបន្តរៀបចំការប្រកួតកីឡាអូឡាំពិកដដែល ទោះមានវីរុសកូរ៉ូណាកំពុងវាយលុកពិភពលោកខ្លាំងក៏ដោយ​



គណៈកម្មាធិការអូឡាំពិកអន្តរជាតិ បានលើកឡើងកាលពីថ្ងៃអង្គារថា កីឡាអូឡាំពិចនារដូវក្តៅនេះនឹងត្រូវប្រារព្វឡើងជាធម្មតាទៅតាមការគ្រោងទុក។

គណៈកម្មាធិការអូឡាំពិចអន្តរជាតិ បានប្រាប់ទៅកាន់សហពន្ធ័កីឡាអន្តរជាតិតាមរយៈសេចក្តីថ្លែងថា៖ “គណៈកម្មាធិការអូឡាំពិកអន្តរជាតិនៅតែរក្សាជំហរដដែល ក្នុងការប្រារព្វធ្វើពិធីកីឡា អូឡាំពិកទីក្រុងតូក្យូ២០២០ វាពុំមានអ្វីចាំបាច់ដែលត្រូវមកផ្លាស់ប្តូរសេចក្តីសម្រេចចិត្តនោះទេ ខណៈ ឯការប្រារព្វធ្វើពិធីនឹងចាប់ផ្តើមឡើងក្នុងរយៈពេលជាង៤ខែទៀតឯណោះ”។

គណៈកម្មាធិការអូឡាំពិកអន្តរជាតិ បានជំរុញឲ្យអត្តពលិកទាំងឡាយបន្តហ្វឹកហាត់ដើម្បីត្រៀម ខ្លួនសម្រាប់កីឡាអូឡាំពិកទីក្រុងតូក្យូ២០២០នេះ។ សេចក្តីថ្លែងការណ៏ដដែលបានបន្ថែមថា “គណៈកម្មាធិការអូឡាំពិកអន្តរជាតិ មានជំនឿចំពោះវិធានការទប់ស្កាត់របស់អាជ្ញាធរទាំងឡាយនៅ ជុំវិញពិភពលោកថា នឹងអាចទប់ទល់ជាមួយការរីករាលដាលនៃវីរុសកូរ៉ូណា”។

សេចក្តីថ្លែងការនេះបានលើកឡើង ខណៈពេលដែលមានពាក្យចចាមរាមជាច្រើនទាំងក្នុងនិងក្រៅ ប្រទេសជប៉ុនដែលថា ការប្រកួតកីឡាអូឡាំពិកនា ទីក្រុងតូក្យូ២០២០ នឹងត្រូវបានរំសាយចោល ឬក៏ផ្អាក ជាបណ្ណោះអាសន្ន។

គណៈកម្មាធិការអូឡាំពិចអន្តរជាតិបានយល់ព្រមជាមួយនឹងសហព័ន្ធកីឡាអន្តរជាតិ ចំពោះការប្រារព្វ ធ្វើកម្មវិធីនេះក្នុង ថ្ងៃទី២៤ ខែកក្តដា បើទោះជាពិភពលោកនាំគ្នាផ្អាក ឬរំសាយចោលបណ្តាកម្មវិធី សំខាន់ៗទាំងឡាយក៏ដោយ។

នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិ គណៈកម្មាធិការអូឡាំពិកអន្តរជាតិបានពិភាក្សាអំពីបញ្ហាសំខាន់ មួយដែលគឺថា តើដំណើរការនៃការប្រកួតជម្រុះនឹងត្រូវធ្វើឡើងដោយរបៀបណា ខណៈពេលដែល ច្រកព្រំដែនត្រូវបានបិទដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុសកូរ៉ូណា។

សេចក្តីថ្លែងការបានបន្តថា ៥៧% នៃអត្តពលិកទាំងអស់បានជាប់ឈ្មោះសម្រាប់ចូលរួមការប្រកួត រួចរាល់ហើយ។ នៅសល់៤៣%ទៀត គណៈកម្មាធិការអូឡាំពិកអន្តរជាតិនឹងធ្វើការជាមួយស្ថាប័ន IFS ដើម្បីសម្របសម្រួលបញ្ហានេះ។

ការស្រង់មតិមួយដែលបានធ្វើឡើងកាលពីថ្ងៃច័ន្ទ ដោយសារពត៌មាន Kyodo បានបង្ហាញថា ៦៩,៩% នៃអ្នកផ្តល់មតិយល់ឃើញថា កម្មវិធីប្រកួតកីឡាអូឡាំពិកនេះនឹងមិនអាចប្រព្រឹត្តិបានស្របតាមការ រំពឹងទុកទេ៕    

អត្ថបទទាក់ទង៖ ចិនប្រើបច្ចេកវិទ្យាដ្រូនប្រយុទ្ធប្រឆាំងនឹងកូវីដ១៩​

ដោយ៖ ជា ឧត្តម្ភ

 

 

X
5s