អ្នកខេត្តកំពង់ឆ្នាំងកុំភ័យពេក អាជ្ញាធរប្រកាសថា​ ទេសចរណ៍ និងការវិនិយោគ​​នៅ​ល្អ​នៅឡើយ!​



ទោះជាកំពង់ឆ្នាំងត្រូវបានរកឃើញថាមាន៣ករណីលើកូវីដ ១៩ តែវាមិនមានអ្វីគួរឲ្យព្រួយបារម្ភលើការវិនិយោគ ក៏ដូចជាវិស័យទេសចរណ៍ឡើយ បើតាមប្រសាសន៍អភិបារងខេត្តកំពង់ឆ្នាំង។ បញ្ហាកូវីដ ១៩ នាំឲ្យកើតមាននូវបញ្ហាកង្វះវត្ថុធាតុដើមផលិតសម្រាប់រោងចក្រ បានធ្វើឲ្យមានការរាំងស្ទះដល់ដំណើរការវិស័យកាត់ដេរនៅកម្ពុជា ព្រោះតែខាងចិនផ្អាកការនាំចេញ និងផ្គត់ផ្គង់វត្ថុធាតុដើមមួយរយៈទៅកាន់បណ្ដាប្រទេសនានា។ 

ដោយឡែកសម្រាប់ខេត្តកំពង់ឆ្នាំង លោកអភិបាលរងខេត្ត បានបញ្ជាក់ថា ទោះបីជារោងចក្រមួយចំនួនក្នុងប្រទេសកម្ពុជា បានប្រកាសផ្អាកដំណើរការ ធ្វើឲ្យ​កម្មករ-កម្មការនីមួយចំនួនត្រូវព្យួរការងារមួយរយៈក៏ដោយ តែរោងចក្រនៅក្នុងខេត្តកំពង់ឆ្នាំង មិនបានបិទទ្វារដោយសារបញ្ហាជំងឺកូវីដ ១៩ និងបញ្ហាកង្វះវត្ថុធាតុដើមនោះទេ សកម្មភាពនៃការបម្រើការងាររបស់កម្មករ-កម្មការនីក៏គ្មានបញ្ហាចោទអ្វីដែរ ព្រោះខេត្តនៅតែបន្ត តាមដានយ៉ាង​ដិតដល់លើបញ្ហានេះ។ 

ចំពោះវិស័យទេសចរណ៍ក្នុងខេត្តកំពង់ឆ្នាំងនេះវិញ លោកប្រធានមន្ទីរទេសចរណ៍បានមានប្រសាសន៍ថា បន្ទាប់ពីមានឆ្លងរាលដាននៃវីរុសកូវីដ ១៩ ចំនួនអ្នកទេសចរណ៍បរទេសមកកំសាន្តនៅក្នុងខេត្តនេះក៏មានការថយចុះច្រើនគួរសម តែភ្ញៀវទេសចរណ៍ជាតិដែលដើរកំសាន្តគឺមានសកម្មភាពដដែល។ កន្លែងទេសចរណ៍ទាំង ២៣កន្លែង ក៏ដូចជានៅតាមតំបន់ទឹកធ្លាក់នានាក៏នៅបន្តសកម្មភាពដដែល ជាមួយគ្នានេះអាជ្ញាធរខេត្តក៏មិនព្រងើយកន្តើយដែរ គឺមានការចាត់វិធានការយ៉ាងតឹងរ៉ឹងលើការការពារការឆ្លងរាលដាលជាសកលនៃវីរុសកូវីដ ១៩នេះ។

អ្វីដែលគួរឲ្យកត់សម្គាល់ខ្លាំងពាក់ព័ន្ធនឹងវិស័យទេសចរណ៍ក្នុងកំពង់ឆ្នាំងនេះ គឺការចុះបិទក្លឹបកំសាន្ត ខារ៉ាអូខេ ចំនួន ៨កន្លែងកាលពីយប់ថ្ងៃទី ១៧ ខែមិនា យប់មិញ ចំណែកសេវាកម្មសណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន អាហារដ្ឋាន គឺតម្រូវឲ្យមន្ត្រីចុះធ្វើការណែនាំដោយយកចិត្តទុកដាក់បំផុត ស្របតាមការសេចក្តីប្រកាសព័ត៌មានពីក្រសួងសុខាភិបាលដើម្បីចូលរួមការពារពីការឆ្លងវីរុស ១៩ រីឯការវិនិយោគផ្សេងៗទៀតក្នុងខេត្តក៏នៅតែមិនមានបញ្ហារំខានអ្វីដូចគ្នា។

គួរបញ្ជាក់ថា កាលពីថ្ងៃអង្គារ៍ទី ១៧ ខែមិនាកន្លងទៅ ខេត្តកំពង់ឆ្នាំងត្រូវបានគេរកឃើញមាន ៣ករណីលើអ្នកដែលមានផ្ទុកវីរុសកូវីដ ១៩ តែប្រជាពលរដ្ឋក្នុងខេត្តកំពង់ឆ្នាំហាក់មានការព្រួយបារម្ភក្នុងកម្រិតមួយ ព្រោះមន្ត្រីសុខភិបាលខេត្តបានធ្វើការពន្យល់ណែនាំយ៉ាងដឹតដល់ជូនប្រជាពលរដ្ឋ ក៏ដូចជាណែនាំពីរបៀបនៃការចម្លង និងរបៀបនៃការបង្ការជូនដល់ប្រជាពលរដ្ឋដូចគ្នា៕

ដោយ៖ យ៉ាយ៉ា

 

X
5s