បើម្នាក់ៗនាំគ្នាធ្វើរឿងបែបហ្នឹង ប្រហែលកម្ពុជាមានករណី Covid19 មិនច្រើនដូចគេទេ!
កម្ពុជាជាប្រទេសមួយដែលកំពុងមានការឆ្លងរវីរុសកូវីដ ១៩ ពីបណ្ដាប្រទេសដទៃ គិតមកទល់ពេលនេះ ម៉ោងនេះ (ថ្ងៃទី ១៨ មីនា) កម្ពុជាបានរកឃើញអ្នកដែលវិជ្ជមានលើករណីកូវីដ ១៩ ចំនួន ៣៥នាក់ហើយ តែក្នុងនោះសុទ្ធសឹងជាករណីនាំចូលពីបរទេស ដោយមិនទាន់មានករណីចម្លងក្នុងសហគមន៍នៅឡើយនោះទេ។
ក្នុងនោះដែរ កំពង់ឆ្នាំងជាខេត្តមួយដែលបានរកឃើញថា មានករណីអ្នកផ្ទុកកូវីដ ១៩ នេះដូចគ្នា ហើយអ្នកដែលផ្ទុកវីរុសកូវីដ ១៩ ត្រូវបានក្រុមគ្រូពេទ្យដាក់ឲ្យសម្រាកព្យាបាលនៅឯមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង។ រដ្ឋបាលខេត្តបានមានប្រសាសន៍ថា មុន និងនៅពេលដែលរកឃើញថាមាន ២ករណីមានការឆ្លងវីរុសកូវីដ ១៩ នេះ ប្រជាពលរដ្ឋពោលគឺអ្នកដែលបានទៅទទួលសេវាព្យាបាលនៅឯមន្ទីរពេទ្យហាក់មានការព្រួយបារម្ភពីបញ្ហាជំងឺកូវីដ ១៩នេះ។ ប៉ុន្តែក្រុមគ្រូពេទ្យ ក៏ដូចជាមន្ត្រីខេត្តបានធ្វើការជូនជាដំណឹង ពន្យល់អប់រំណែនាំពួកគាត់ពីរបៀបនៃការចម្លង និងការបង្ការការចម្លងជូនប្រជាពលរដ្ឋទាំងអស់ដើម្បីឲ្យពួកគាត់បានយល់ឲ្យកាន់តែច្បាស់ពីវីរុសមួយនេះ។
ជាងនេះទៅទៀត ការដែលប្រជាពលរដ្ឋបានឃើញពីចំណាត់ការ ដូចជាការដាក់ឲ្យអ្នកដែលមានផ្ទុកវីរុសកូវីដ ១៩ នៅដាច់ដោយឡែក ទាំងអគារស្នាក់នៅ ការថែទាំ ការផ្តល់ថ្នាំ ក៏ដូចជាអាហារជូនអ្នកផ្ទុកវីរុសនេះដោយមានការប្រុងប្រយ័ត្ន បានជួយកាត់បន្ថយភាពភ័យខ្លាចរបស់ប្រជាពលរដ្ឋ។ មិនត្រឹមតែប៉ុននេះ ការដែលប្រជាពលរដ្ឋយល់ដឹងបានច្រើនពីការការពារលើវីរុសកូវីដ ១៩ ក៏ជាកត្តាជួយកាត់បន្ថយការរើសអើសលើអ្នកដែលមានផ្ទុកវីរុសកូវីដ ១៩ រួមទាំងក្រុមគ្រួសាររបស់ពួកគាត់ផ្ទាល់ផងដែរ។
លើសពីនេះ មន្ត្រីសុខាភិបាល និងមន្ត្រីខេត្តបានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នលើបញ្ហាអនាម័យ ការពារឲ្យបានខ្ពស់ដើម្បីចូលរួមចំណែកការពារ បង្ការការឆ្លងរាលដាននៃវីរុសកូវីដ ១៩ នេះ លោកបានលើកឡើងបែបនេះក្នុងសន្និសីទសារព័ត៌មាន ពាក់ព័ន្ធបច្ចុប្បន្នវីរុសកូវីដ១៩ នៅប្រទេសកម្ពុជា ដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលនៅនាព្រឹកថ្ងៃទី ១៨ ខែមិនា ឆ្នាំ២០២០នេះ៕