បុគ្គលជោគជ័យមិនជឿលើសំណាងនោះទេ ប៉ុន្តែពួកគេធ្វើរឿងដែលមនុស្សភាគច្រើនមិនបានធ្វើ ទាំង៧នេះវិញ​



តើអ្នកធ្លាប់ជួបនរណាម្នាក់ ស្តាប់រឿងរ៉ាវរបស់ពួកគេ ហើយគិតថា អ្នកទាំងនោះមានសំណាងម្ល៉េះទេ? នេះគឺជាប្រតិកម្មមួយរបស់មនុស្សទូទៅនៅពេលបានឃើញនរណាម្នាក់ទទួលបានភាពជោគជ័យជាងខ្លួន។ ប៉ុន្តែប្រសិនបើអ្នកវិភាគដោយប្រុងប្រយ័ត្ន អ្នកនឹងដឹងថា សំណាងមិនមានអ្វីដែលកើតឡើងដោយឯកឯង ឬទាក់ទងនឹងភាពជោគជ័យអ្វីទេ។ អ្វីដែលសំខាន់បំផុត គឺសកម្មភាពរបស់អ្នកទាំងនោះទៅវិញទេដែលបានធ្វើឲ្យពួកគេក្លាយជាមនុស្សមានសំណាង។

អ្នកនឹងបានដឹងពីសកម្មភាព ៧ ចំណុចដែលធ្វើឲ្យអ្នកជោគជ័យទាំងនោះមើលទៅប្រៀបដូចជាមនុស្សមានសំណាង។ អ្នកអាចសាកល្បងអនុវត្តចំណុចទាំងនេះជាជំហានៗ ហើយមិនយូរមិនឆាប់អ្នកនឹងយល់ថា សំណាងគឺកើតចេញពីសកម្មភាពរបស់អ្នក មិនមែនព្រះផ្តល់ឲ្យទេ។ 

១.បង្កើតទំនាក់ទំនងជាមួយមនុស្សថ្មីៗ
ការបង្កើតទំនាក់ទំនងជាមួយមនុស្សថ្មីៗ គឺជាវិធីល្អបំផុតមួយដើម្បីបង្កើនលទ្ធភាព ឱកាស ភាពចៃដន្យ និងសំណាងនៅក្នុងជីវិតរបស់របស់អ្នកពីព្រោះវាអនុញ្ញាតឲ្យអ្នកបានស្គាល់មនុស្សមួយចំនួនដែលអ្នកមិនធ្លាប់ស្គាល់ពីមុនមក។   អ្នកមិនដឹងទេថា មនុស្សទាំងនោះចេះអ្វីខ្លះដែលអ្នកអាចរៀនសូត្របាន។ ការបង្កើតទំនាក់ទំនង វាមិនធ្វើឲ្យអ្នកចំណាយលុយអ្វីទេមិនថានៅក្នុងបរិបទជំនួញ ឬជីវិតប្រចាំថ្ងៃក្តី។

២.យកចិត្តទុកដាក់លើការសន្ទនាសាមញ្ញៗជាមួយមនុស្សជុំវិញខ្លួន
ខណៈដែលមនុស្សភាគច្រើនគិតថា ការសន្ទនាបន្តិចបន្តួចគឺជារឿងធម្មតា មនុស្សដែលបង្កើតសំណាងឲ្យខ្លួនឯង មើលឃើញការសន្ទនាដ៏សាមញ្ញ្ញទាំងនោះក៏ជាស្ពានសម្រាប់ជួយឲ្យពួកគេជោគជ័យដែរ។ ការបង្កើតទំនាក់ទំនងជាមួយការចាប់ផ្តើមជជែកសួរទៅវិញទៅមក ឬការណែនាំខ្លួន អាចបង្កើតឲ្យមានការសន្ទនាកាន់តែផ្លែផ្កា ពង្រីកទំនាក់ទំនងកាន់តែរឹងមាំ ស្គាល់មនុស្សកាន់តែច្រើន និងអាចចែករំលែកព័ត៌មានសំខាន់ៗដែលធ្វើឲ្យល្បែងជីវិតរបស់អ្នកមានការផ្លាស់ប្តូរ។

៣.ធ្វើជាស្តាប់ដ៏ពូកែម្នាក់
ក្នុងការប្រាស្រ័យទាក់ទងគ្នាប្រចាំថ្ងៃ ធ្វើជាមនុស្សដែលមានភាពវ័យឆ្លាត មានគំនិតទូលំទូលាយ ឬធ្វើជាអ្នកដឹកនាំ ម្នាក់ មិនមែនចាំតែនិយាយមួយមុខប៉ុណ្ណោះទេ។ អ្នកត្រូវតែរៀបចំខ្លួនធ្វើជាអ្នកស្តាប់ដ៏ពូកែម្នាក់។ ទោះបីជាអ្នកមានគំនិតល្អជាងអ្នកផ្សេងទៀត អ្នកក៏ត្រូវរៀនសូត្រពីមនុស្សជុំវិញអ្នកតាមរយៈ ពាក្យសម្តីរបស់ពួកគេ ពីព្រោះនៅក្នុងពាក្យសម្តីទាំងនោះនឹងបង្ហាញប្រាប់អ្នកថា ពួកគេកំពុងគិតអ្វី ធ្វើអ្វី និងជាមនុស្សស្ថិតនៅក្នុងជំពូកណា។ 

៤.ចែករំលែក និងស្នើសុំជំនួយ
នេះជាលក្ខណៈពិសេសមួយទៀតរបស់មនុស្សជោគជ័យ។ អ្នកត្រូវរៀនសូត្រពីពួកគេ ពីព្រោះពួកគេមិនត្រឹមតែជាអ្នកគាំទ្រ និងពូកែចែករំលែកប៉ុណ្ណោះទេ ក៏ប៉ុន្តែ ពួកគេក៏ត្រូវការស្នើសុំជំនួញរបស់អ្នកផ្សេងទៀតនៅពេលពួកគេត្រូវការ។ សកម្មភាពទាំងនេះបានជួយបង្ហាញពីអត្តចរិតពិតប្រាកដរបស់មនុស្សប្រភេទនេះថា ជាមនុស្សបើកចិត្តទូលាយ មិនចង្អិតចង្អល់ និងចូលចិត្តរៀនសូត្រពីអ្នកដទៃ។

៥.គេចចេញពីភាពវង្វេងវង្វាន់
ទោះបីជាពួកគេមានការទទួលបានការបណ្តុះបណ្តាលប្រកបដោយវិជ្ជាជីវៈ ការអប់រំ និងមានបទពិសោធន៍នៅក្នុងជំនាញណាមួយក៏ដោយ មនុស្សដែលមានសំណាងមិនមែនជាមនុស្សដែលគិតរវើរវាយនោះទេ។ ពួកគេមានគោលដៅច្បាស់លាស់ថា នឹងត្រូវធ្វើអ្វីនៅពេលខាងមុខ។ ពួកគេមានមាគ៌ាជីវិតត្រឹមត្រូវ មិនពឹងលើព្រេងវាសនា និងជំនឿគ្មានហេតុផលនោះឡើយ។ ពួកគេមានភាពជឿជាក់លើបេសកម្មជីវិតរបស់ពួកគេ។ 

៦.មិនដុតស្ពានចាស់ដែលធ្លាប់ដើរឆ្លងចោល
ទោះបីជាពួកគេបានលាឈប់ពីការងារនៅកន្លែងចាស់ ចាកចេញពីទំនាក់ទំនងស្នេហាមិនសមប្រកប អាជីព ឬពីមិត្តភក្តិចាស់ៗ ពួកគេនៅតែរក្សាចិត្តឲ្យនៅនឹងនរ មិនប្រែប្រួល មិនឈឺចាប់ ឬគេចវេសពីបទពិសោធន៍មិនល្អដែលមានកន្លងមកនោះឡើយ។ មនុស្សជោគជ័យនឹងរក្សាប្រភពដើម  ធ្វើឲ្យមនុស្សដែលខ្លួនធ្លាប់ទំនាក់ទំនងមានការយោគយល់ នឹករលឹក និងគោរពគ្នាទៅវិញទៅមក ព្រមទាំងទទួលបានការរាប់អានក្នុងស្មារតីជាអតីតក្រុមការងារ មិត្តភក្តិ ឬមនុស្សអតីតដ៏ល្អម្នាក់។

៧.ស្វាគមន៍បញ្ហាប្រឈមថ្មីៗ
អ្នកជោគជ័យទាំងអស់សុទ្ធតែបានហែលឆ្លងឧបសគ្គរាប់មិនអស់។ គ្មានអ្នកជោគជ័យណាដែលមិនជួបឧបសគ្គ ឬបញ្ហាប្រឈមក្នុងជីវិតនោះ ឡើយ។ មនុស្សភាគច្រើនបានមើលឃើញភាពជោគជ័យរបស់ ពួកគេនៅពេលដែលពួកគេជោគជ័យរួចទៅហើយ ខណៈដែលអតីតកាលរបស់ពួកគេជួរចត់យ៉ាងណានោះមិនសូវមានអ្នកដឹងឡើយ។ មូលហេតុសំខាន់បំផុតមួយដែលធ្វើឲ្យពួកគេយកឈ្នះបញ្ហាប្រឈមទាំងនោះបាន គឺការលំបំបាត់ភាពភ័យខ្លាចរបស់ពួកគេ។ ពួកគេយកបញ្ហាធ្វើជាឱកាសដើម្បីជាស្ពានចម្លងសម្រាប់ភាពជោគជ័យរបស់ពួកគេ៕

អត្ថបទ​ដែល​ទាក់ទង៖ លក្ខណៈពិសេសទាំង៥ របស់បុគ្គលជោគជ័យ ជាមាគ៌ាកសាងភាពជោគជ័យ​

ប្រភព៖ CNBC 

 

 

 

X
5s