ជនជាតិខ្មែរ ៣រូប បានឆ្លងកូវីដ១៩ នៅកូរ៉េ ខណៈនៅកូរ៉េមានសរុប ៨ ៨៩៧ ករណី​



លោក ឡុង ឌីម៉ង់ ឯកអគ្គរាជទូតខ្មែរប្រចាំនៅប្រទេសកូរ៉េខាងត្បូង បានបញ្ជាក់ថាជនជាតិខ្មែរ៣រូបនៅកម្ពុជា បានឆ្លងជំងឺកូវីដ១៩ នៅប្រទេសកូរ៉េ។ នេះយោងតាមការចុះផ្សាយរបស់បណ្តាញព័ត៌មាន Fresh News មុននេះបន្ដិច។

ជនជាតិខ្មែរ៣រូប ដែលមាននារីខ្មែរអាយុ ២៣ឆ្នាំម្នាក់ រៀបការជាមួយស្វាមីកូរ៉េ ម្តាយ អាយុ៤៦ឆ្នាំ រួមជាមួយនឹងកូនប្រុសអាយុទើប៣ខែ បានឆ្លងវីរ៉ុស COVID-19 ពីប្តីរបស់គាត់ ដែលប្តីរូបនោះបានឆ្លងពីក្មួយបានផ្ទុកវីរ៉ុស COVID-19 ពីទីក្រុងដេគូ។

លោក ឡុង ឌីម៉ង់ បានបញ្ជាក់ថា «នៅពេលនេះមាននារីខ្មែររៀបការស្វាមីកូរ៉េ អាយុ២៣ឆ្នាំ និងម្តាយរបស់គាត់ អាយុ៤៦ឆ្នាំ រួមជាមួយនឹងកូនប្រុសអាយុទើប៣ខែ នៅទីក្រុងប៊ូឆុន ដែលស្ថិតនៅចម្ងាយប្រមាណ២០គីឡូម៉ែត្រពីទីក្រុងសេអ៊ូល បានឆ្លងវីរ៉ុស COVID-19 ពីប្តីរបស់គាត់ ដែលប្តីរូបនោះបានឆ្លងពីក្មួយ បានផ្ទុក COVID-19 ពីទីក្រុងដេគូ ដែលជាតំបន់ឆ្លងខ្លាំងជាងគេនៅកូរ៉េ»

ប្ដីរបស់នារីខ្មែរដែលពិនិត្រឃើញកូវីដ១៩ កាលពីថ្ងៃទី ០៧ ខែមីនា ឆ្នាំ២០២០ ត្រូវបានដាក់ឲ្យនៅដាច់ដោយឡែក និងព្យាបាលជិតជាសះស្បើយរួចទៅហើយ។

លោក ឡុង ឌីម៉ង់ បញ្ជាក់ថា «បច្ចុប្បន្ន ស្ថានទូតបាននិងកំពុងតែប្រមូលព័ត៌មានច្បាស់ការបន្ថែមទៀត និងធ្វើការសម្របសម្រួលជាមួយក្រសួងការបរទេសកូរ៉េ អាជ្ញាធរសុខាភិបាល មន្ទីរពេទ្យអ៉ីលសានម៉្យុងជី និងអាជ្ញាធរពាក់ព័ន្ធផ្សេងទៀត បន្ថែមពីនោះកំពុងបញ្ជូនមន្ត្រីចុះទៅមន្ទីរពេទ្យដោយផ្ទាល់ ដើម្បីតាមដានពីស្ថានភាពសុខភាពរបស់ពួកគាត់នាព្រឹកនេះ»។

គួរបញ្ជាក់ផងដែរថា ប្រទេសកូរ៉េខាងត្បូងមានអ្នកផ្ទុកកូវីដ១៩ចំនួន ៨៨៩៧នាក់ ក្នុងនោះមានអ្នកស្លាប់ចំនួន ១០៤នាក់ រីឯអ្នកជាសះស្បើយចំនួន ២៩០៩នាក់ ខណៈកម្ពុជាមាន ៥៣នាក់ និងអ្នកជាសះស្បើយម្នាក់៕

 

X
5s