ការលក់សំបុត្រកុននៅកូរ៉េខាងត្បូងកើនឡើងយ៉ាងគំហុក ខណៈមានការភ័យខ្លាចវីរុសកូរ៉ូណា​



ជួររថយន្តជាច្រើនបា​នតម្រង់ជួរគ្នានៅមុខរោងកុនក្នុងទីក្រុងដើម្បីធានាបាននូវសុខសុវត្ថិភាពពីការទស្សនាកុនរបស់ពួកគេពីក្នុងរថយន្ត ដើម្បីរីករាយនឹងភាពយន្តដោយមិនចំបាច់ខ្លាចមានហានិភ័យក្នុងការឆ្លងវីរុសកូរ៉ូណា។ យោងតាមការចុះផ្សាយដោយ The Bangkok Post

ប្រភពរូប៖ www.latimes.com

ផ្អែកតាមតារាងទិន្នន័យរបស់ South China Morning Post បានបញ្ជាក់ផងដែរថានៅក្នុងប្រទេសកូរ៉េខាងត្បូង​ដែលមានអ្នកឆ្លងវីរុស ៨ ៩៦១ ករណី​ គិតត្រឹមព្រឹកថ្ងៃទី ២៣នេះ ដែលនេះមានកំណើននៃការឆ្លងយឺតជាមុនក្នុងប៉ុន្មានសប្តាហ៍មុន។ ហើយរដ្ឋាភិបាលក៏បានទទូចដល់សាធារណៈជនឲ្យមានការប្រុងប្រយ័ត្នខ្ពស់ និងជៀសវាងពីការប្រមូលផ្តុំមនុស្សគ្នាច្រើនក្នុងទីសាធារណៈ។

ប៉ុន្តែទោះជាមានការប្រកាសស្តែងៗពីរាជរដ្ឋាភិបាលក្នុងការប្រមូលផ្តុំមនុស្សច្រើននាក់យ៉ាងណាក៏ដោយ ក៏ប្រជាជនកូរ៉េក្នុងទីក្រុងសេអ៊ូលហាក់ដូចជាមានការប្រងើយកន្តើយ ដោយពួកគេបែរជាណាត់ជួបគ្នាដើម្បីទស្សនាភាពយន្តពីក្នុងរថយន្ត (drive-in cinema) ពួកគេបើកឡាន ហើយឈប់នៅ​មុខអេក្រង់ធំ នៅទីសាធារណៈទៅវិញ។ ពួកគេគិតថាការធ្វើបែបនេះកំពុងធ្វើឲ្យពួកគេមានសេចក្តីសុខសុវត្តិភាព ជាជាងការប្រមូលផ្តុំគ្នាក្នុងរោងកុន។

បើតាមសម្តីពីអ្នកចាំកក់សំបុត្របាននិយាយថា៖ «យើងមានការកើនឡើង ១០ ទៅ ២០ភាគរយនៃការលក់សំបុត្រមិនថាថ្ងៃធ្វើការ ឬថ្ងៃចុងសប្តាហ៍ទេ។ យើងពិតជាទទួលបានការហៅទូរស័ព្ទ និងការសាកសួរតាមអ៊ីនធឺណិតជាច្រើនបន្តបន្ទាប់។»

នៅក្នុងគេហទំព័រសម្រាប់រោងកុនបើកបង្ហាញភាពយន្តបា​នបង្ហាញផ្ទាំងបដាធំមួយដែលមានចណងជើងថា “Open throughout the year” ឬក៏ “បើកពេញមួយឆ្នាំ” ដែលផ្ទុយស្រឡះពីរោងភាពយន្តមួយចំនួនធំនៅទូទាំងពិភាពលោកដែលត្រូវបានបង្ខំចិត្តផ្អាកអាជីវកម្មដោយសារការភ័យខ្លាចនៃមេរោគ។

កញ្ញា Choi Jin-young អាយុ ២២ ឆ្នាំ បុគ្គលិកមន្ទីរពេទ្យមួយកន្លែង បាននិយាយថាកញ្ញាត្រូវរង់ចាំរហូតដល់ទៅពីរម៉ោងឯណោះសម្រាប់ការទិញសំបុត្រ ហើយមានការព្រួយបារម្ភខ្លាចសំបុត្រត្រូវលក់អស់នៅចុងសប្តាហ៍។

តួយ៉ាងលោក Park Ji-seung អាយុ ២៤ ឆ្នាំបាននិយាយថាគាត់បានចៀសវាងពីការចាកចេញទៅខាងក្រៅដោយសារតែការផ្ទុះឡើងនៃវីរុសនេះ ប៉ុន្តែគាត់បានបន្ថែមថាគាត់មានអារម្មណ៍ថា “មានសុវត្ថិភាព” ចំពោះការអង្គុយក្នុងរថយន្តដើម្បីមើលភាពយន្ត។

គួរបញ្ជាក់ផងដែរថា មិនត្រឹមតែប្រទេសកូរ៉េនោះទេដែលមានរោងកុនមើលក្នុងឡាន សូម្បីតែអាមេរិក ក្នុងរដ្ឋមួយចំនួន California, Kansas, Oklahoma និង Missouri ជាដើម កំពុងមានការកើនឡើងការលក់សំបុត្រយ៉ាងគំហុកផងដែរ។

បើក្រលែកមួយជ្រុងមកវិញ នេះគឺជាគំនិតច្នៃប្រឌិតមួយរបស់អាជីវកម្មរោងកុន ដោយក្រុមហ៊ុននេះចេះចាប់ឱកាស ខណៈរោងជាច្រើនបិទទ្វារព្រោងព្រាត៕

អត្ថបទទាក់ទង៖ លោកសាស្រ្តាចារ្យ Li Zhong ៖ ស្រាពិតជាអាចសម្លាប់កូរ៉ូណាបាន តែមិនមែនយកទៅផឹកទេ​

ដោយ៖ Anthony

X
5s