ការសម្រុកទិញទំនិញដោយភិតភ័យ (panic buying) និងការថតរូបង្ហោះបង្អួតគ្នាថា «បានទិញត្រៀម» រួចហើយ
ក្នុងកាលៈទេសៈនៃការរីករាលដាលនៃវីរុសកូរ៉ូណាថ្មី Covid19 ការសម្រុកទៅទិញទំនិញទាំងភ័យព្រួយថា ទំនិញនឹងអស់ពីស្តុក (Panic Buying) បានកើតឡើងនៅបណ្ដាប្រទេសជាច្រើន មិនថា នៅប្រទេសរីកចម្រើន ឬប្រទេសកំពុងនោះទេ។ជាក់ស្ដែងសូម្បី តែបញ្ហាក្រដាសអនាម័យ រហូតដល់ទំនិញម្ហូបអាហារសំខាន់ៗថែមទៀតផង រហូតមានការសម្រុកទៅទិញដណ្ដើមគ្នានៅក្នុងផ្សារទំនើប។
នៅតំបន់អាស៊ានដូចជានៅឥណ្ឌូណេស៊ី ថៃ និងម៉ាឡេស៊ី ក៏កើតមានករណីស្រដៀងគ្នានេះដែរ។ គំនិតគួរពិចារណាសាមញ្ញមួយគឺថា ការទិញពិតជាមិនខុសទេ ព្រោះថាស្តុកអាចនឹងមានបញ្ហា ហើយទំនិញអាចនឹងបន្តឡើងថ្លៃ ប៉ុន្តែកុំជំរុញឱ្យមានសកម្មភាពសម្រុកទៅទិញច្រើនពេកដោយសារតែការភ័យបារម្ភ (Panic buying)។ ពាក្យថា «ជំរុញ» អាចកើតឡើងពី ការដែលបង្ហោះរូបភាពនៅលើបណ្ដាញសង្គមរបស់អ្នកជាដើម។
មិនគួរបង្កើតឲ្យមាននូវចលាចលចំពោះការទិញទំនិញនៅតាមទីផ្សារ ឬផ្សារទំនើបនានាឡើយ ព្រោះថា ការសម្រុកទៅទិញទំនិញ ហើយថែមទាំងថតរូបបង្អួតនៅលើបណ្ដាញសង្គមពីការដែលខ្លួនបានត្រៀមខ្លួនយ៉ាងល្អក្នុងការទិញទំនិញស្តុកទុកក្នុងគេហដ្ឋានខ្លួន វាអាចបង្កើតទៅជាភាពចលាចលនាំគ្នាសម្រុកទៅទិញទំនិញច្រើនឡើងៗ ហើយអាចធ្វើឱ្យទំនិញដាច់ស្តុកលឿន ទំនិញឡើងថ្លៃកាន់តែខ្លាំង ឬអ្នកលក់មួយចំនួនកាន់តែបានចិត្ត ដំឡើងតម្លៃ។
ជុំវិញបរិបទកម្ពុជា៖
ក្នុងក្នុងស្ថានភាពការពារប្រទេសឲ្យមានសុវត្ថិភាពរៀងៗខ្លួន មេដឹកនាំអាចសម្រេចចិត្តបិទព្រំដែនមិនឲ្យមានការឆ្លងចេញចូលរវាងប្រជាជននៃប្រទេសទាំងពីរ ជាក់ស្ដែង ដូចករណីជាមួយប្រទេសវៀតណាម និងប្រទេសថៃ នាពេលថ្មីៗនេះក្ដី ដែលទាមទារឱ្យបិទព្រំដែនបណ្ដោះអាសន្នសិន ប៉ុន្តែត្រូវចាំថា មេដឹកនាំប្រទេសនីមួយៗ មិនសម្រេចចិត្តបិទទ្វារពាណិជ្ជកម្មទេ (លើកលែងតែសង្គ្រាម) ព្រោះវាធ្វើឲ្យខាតបង់កាន់តែធ្ងន់ធ្ងររៀងខ្លួន (ទាំងអ្នកនាំចូល និងនាំចេញ)។ ខាងភាគីថៃ ក៏បានចេញវិធានតឹងតែងជាងមុន តែនៅតែអនុញ្ញាតឱ្យរថយន្តធន់ធំ ដែលត្រូវដឹកទំនិញឆ្លងកាត់បាន ប៉ុន្តែសមត្ថកិច្ចត្រូវត្រួតពិនិត្យសុខភាពអ្នកបើកបរ។
គេសង្កេតឃើញថា បណ្ដាផ្សារទំនើបនៅក្នុងរាជធានីភ្នំពេញ នៅបន្តបើកជាធម្មតា ដូចជា ឡាក់គី ម៉ាក្រូ និង AEON ជាដើម។ ផ្សារទំនើបមួយចំនួនបានចេញវិធានការណ៍ក្នុងការចូលរួមទប់ស្កាត់ការរីករាលដាលនៃកូវីដ១៩ តាមរយៈការស្ទង់កម្ដៅមុនឱ្យអតិថិជនចូល មានទឹកលែងដៃ និងការដាក់ឱ្យអតិថិជនឈរនៅឆ្ងាយពីគ្នា ១ម៉ែត្រជាដើម។ យើងមិនទាន់ជួបបញ្ហាដាច់ស្តុកចំពោះទំនិញសំខាន់ៗនៅឡើយទេ៕
ទស្សនៈពី BizKhmer