កូវីដ១៩៖ កម្ពុជាព្យាបាលអ្នកជំងឺកូវីដ១៩ ជាសះស្បើយ០២នាក់ទៀតនៅត្បូងឃ្មុំ សរុប០៤នាក់
រដ្ឋបាលខេត្តត្បូងឃ្មុំ បានបញ្ជាក់ថាអ្នកជំងឺផ្ទុកកូវីដ១៩ ២រូបបានជាសះស្បើយបន្ទាប់ពីការយកសំណាក់ទៅពិនិត្រនៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា រកឃើញលទ្ធផលអវិជ្ជមាន។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តត្បូងឃ្មុំ ចុះថ្ងៃទី២៤ មីនា ឆ្នាំ២០២០នេះ។
ក្នុងសេចក្ដីប្រកាសនោះ បានបញ្ជាក់ថា ក្រុមគ្រូពេទ្យជំនាញបានយកវត្ថុសំណាកវិភាគរបស់អ្នកផ្ទុកមេរោគកូវីដ១៩ ចំនួន ០៤រូប នៅខេត្តត្បូងឃ្មុំទៅធ្វើការពិសោធន៍នៅ វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ដោយក្នុងនោះអ្នកជំងឺ០២ រូបធ្វើតេស្តទទួលបានលទ្ធផលអវិជ្ជមាន។ ការពិសោធន៍នេះទទួលបានលទ្ធផលអវិជ្ជមានចំនួន ២លើក ហើយបច្ចប្បន្នត្រូវបានអនុញ្ញាតិឲ្យត្រលប់វិលទៅគេហដ្ឋានរបស់ខ្លួនវិញ។
អ្នកជំងឺជាសះស្បើយទាំង២រូបនោះរួមមាន៖
- ទី១៖ ឈ្មោះ ជិ សុំ ភេទប្រុសអាយុ ៦៥ឆ្នាំ រស់នៅភូមិពោធិឥន្ទ ឃុំកោងកាង ស្រុកពញាក្រែក។
- ទី២៖ ឈ្មោះ អុស្មាន សូកូត ភេទប្រុសអាយុ ៥៣ឆ្នាំ រស់នៅភូមិទ្រាទី២ ឃុំទ្រា ស្រុកក្រូចឆ្មារ។
សូមបញ្ជាក់ថានេះមិនមែនជាលើកទី១ទេ គឺជាករណីទី០៤ហើយដែលកម្ពុជាអាចព្យាបាលឲ្យជាសះស្បើយនូវជំងឺកូវីដ១៩បាន។ ករណីជាសះស្បើយទី១ លើបុរសជនជាតិចិនវ័យ៦០ឆ្នាំនៅក្នុងខេត្តព្រះសីហនុ ដែលកម្ពុជាបានព្យាបាលឲ្យជា និងបានធ្វើដំណើរវិលត្រលប់ទៅកាន់ប្រទេសកំណើតវិញ កាលពីអំឡុងខែកុម្ភៈ កន្លងទៅ។
ករណីទី០២ ស្ត្រីជនជាតិអង់គ្លេស វ័យ៦៥ឆ្នាំម្នាក់ ដែលផ្ទុកជំងឺកូវីដ១៩ ត្រូវបានអាជ្ញាធរសុខាភិបាលកម្ពុជាប្រកាសថា បានព្យាបាលជាសះស្បើយ និងត្រូវបានអនុញ្ញាតឲ្យចាកចេញពីមន្ទីរពេទ្យកាលពីថ្ងៃ២២ មីនា កន្លងទៅ បន្ទាប់ពីបានធ្វើតេស្តចំនួន ០២ដង។
គួរបញ្ជាក់ផងដែរថា គិតត្រឹមថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ កម្ពុជាមានអ្នកឆ្លងសរុប ៨៧នាក់ (ស្រី២២ ប្រុស៦៥) ក្នុងនោះអ្នកជាសះស្បើយមានចំនួន៤នាក់ (ជនជាតិចិន ០១នាក់ នៅក្រុងព្រះសីហនុ និងជនជាតិអង់គ្លេស០១នាក់ នៅខេត្តកំពង់ចាម និង០២នាក់ទៀតក្នុងខេត្តត្បូងឃ្មុំ)៕
អត្ថបទទាក់ទង៖
- ធ្លាប់គិតថារួចខ្លួន មីយ៉ាន់ម៉ារកឃើញអ្នកឆ្លងកូវីដ១៩ ២ករណីថ្មីដំបូង
- សូមប្រយត័្ន! អ្នកផ្ទុកជំងឺកូវីដ១៩ ជាច្រើននាក់គ្មានចេញរោគសញ្ញាអ្វីសោះ តែអាចមានរោគសញ្ញាចម្លែកមួយនេះ
ដោយ៖ លង់ វណ្ណៈ