វិធី ៩យ៉ាងបង្រៀនកូនៗរបស់អ្នកឲ្យក្លាយជាអ្នកដឹកនាំល្អម្នាក់នៅពេលអនាគត​



ធ្វើជាឱពុកម្តាយដ៏ល្អម្នាក់ គឺជាបទពិសោធន៍ដ៏ពិសេសមួយក្នុងចំណោមបទពិសោធន៍ផ្សេងៗទៀតដែលជីវិតបានផ្តល់ឲ្យ។ ក្នុងនាមជាឪពុកម្តាយរបស់គេ អ្នកត្រូវមានគោលដៅដូចគ្នាដើម្បីចិញ្ចឹមកូនតូចៗ ហើយចង់ឲ្យពួកគេធំឡើងក្លាយជាមនុស្សជោគជ័យ។  

ទោះយ៉ាងណាក៏ដោយ វាមិនមានរូបមន្តពិសេសណាមួយដើម្បីល្អឥតខ្ចោះនៅក្នុងរឿងនេះទេ។  អ្វីដែលសំខាន់ថា តើអ្នកបានមើលថែ និងយកចិត្តទុកដាក់ពីអនាគតពួកគេបានល្អកម្រិតណា? ដូចមាននៅក្នុងវិធី ៩យ៉ាងខាងក្រោមនេះស្រាប់ វាជាគន្លឹះដ៏ល្អដែលអ្នកអាចយកទៅអនុវត្តដើម្បីធ្វើឲ្យកូនៗរបស់អ្នកក្លាយជាអ្នកដឹកនាំល្អម្នាក់នៅពេលអនាគត។ 

១.អភិវឌ្ឍសមត្ថភាពយល់ដឹងរបស់ពួកគេ
សមត្ថភាពយល់ដឹងមិនត្រូវបានកំណត់ចំពោះជោគជ័យតាមរយៈការសិក្សាមួយមុខនោះទេ។ វាសំដៅទៅលើបញ្ញាពីធម្មជាតិរបស់កុមារ។ តើកូនៗរបស់អ្នកអាចយល់ដឹងពីបាតុភូតផ្សេងៗក្នុងជីវិតបានល្អប៉ុណ្ណា? តើសមត្ថភាពវិភាគរបស់ពួកគេយ៉ាងដូចម្តេចដែរ? តើពួកគេមានអារម្មណ៍បែបណានៅពេលប្រឈមមុខនឹងបញ្ហា? ទាំងនេះគឺជាសមត្ថភាពមួយចំនួនដែលអ្នកត្រូវការដើម្បីបង្រៀនកូនៗរបស់អ្នក។ ណែនាំពួកគេឲ្យមានគំនិតទស្សនៈ និងជម្រើសផ្សេងៗ ហើយបន្ទាប់មកលើកទឹកចិត្តពួកគេឲ្យធ្វើការសម្រេចចិត្តដោយឯករាជ្យ។

២.ការបណ្តុះគំនិតយល់អារម្មណ៍របស់អ្នកដទៃ
អារម្មណ៍មនោសញ្ចេតនា ឬភាពងាយរំជួលចិត្ត មិនមែនជាសញ្ញានៃភាពទន់ខ្សោយទេ។ ភាពយល់ចិត្តយល់ថ្លើមអ្នកដទៃ គឺឥរិយាបថមួយដែលមនុស្សម្នាក់ព្យាយាមស្វែងយល់ពីស្ថានភាពរបស់មនុស្សម្នាក់ទៀតដែលកំពុងហែលឆ្លងកាត់។ អ្វី ដែលអ្នកត្រូវធ្វើនៅពេលនេះ គឺលើកទឹកចិត្តពួកគេឲ្យចេះធ្វើល្អ មានចិត្តសប្បុរស និងជួយដល់មនុស្សនៅជុំវិញខ្លួន។ នៅពេលពួកគេធំឡើង ពួកគេនឹងក្លាយជាមនុស្សដែលជាទីពឹងរបស់អ្នកដទៃបាន។

៣.ធ្វើជាអ្នកជំនាញនៅលើវិស័យបច្ចេកវិទ្យា
នៅពេលបច្ចុប្បន្ននេះ បច្ចេកវិទ្យាបានដណ្តើមស្ទើរតែគ្រប់ផ្នែកទាំងអស់ទៅហើយនៃជីវិតរបស់មនុស្សម្នាក់ៗ។ វាបានផ្លាស់ប្តូររបៀបធ្វើដំណើរ ទំនាក់ទំនង និងធ្វើជំនួញរបស់មនុស្សម្នានៅជុំវិញសាកលលោក។ នៅក្នុងសេណារីយ៉ូបែបនេះ វាជារឿងឆោតល្ងង់មួយក្នុងការផ្តាច់ខ្លួនកូនៗរបស់អ្នកឲ្យឆ្ងាយពីបណ្តាញសង្គម និងឧបករណ៍បច្ចេកវិទ្យា។ ជាការពិត អ្នកគួរតែតាមដាន ហើយពិនិត្យមើលសកម្មភាពផ្សេៗនៅតាមអ៊ីនធឺណិតរបស់ពួកគេ។ ក៏ប៉ុន្តែ អ្នកក៏ត្រូវផ្តល់ឱកាសឲ្យពួកគេនូវជ្រុងជីវិតមួយដើម្បីស្វែងរកភាពចន្លោះប្រហោង និងបទពិសោធន៍ជាមួយបច្ចេកវិទ្យាទាំងនោះ។  

៤.លើកទឹកចិត្តឲ្យមានការចង់ចេះចង់ដឹង និងចម្ងល់
កុមារមានការចង់ចេះចង់ដឹងខ្លាំងណាស់ពីបរិយាកាសជុំវិញខ្លួនពួកគេ។ អ្នកច្រើនតែសង្កេតឃើញក្មេងតូចៗសួរសំនួរ និងនិយាយពីនេះពីនោះតាមការយល់ឃើញរបស់ពួកគេដែលអ្នកមិនយល់ស្រប។ តាមពិតទៅ នេះគឺជាគំនិតច្នៃប្រឌិតរបស់ពួកគេដែលធ្វើឲ្យពួកគេមានភាពវៃឆ្លាតកាន់តែច្រើនឡើង។ ហេតុដូច្នេះហើយ អ្នកមិនគួរបណ្តែតបណ្តោយឲ្យចម្ងល់របស់ពួកគេរសាត់ទៅឲ្យសោះ។ ផ្ទុយទៅវិញ អ្នកគួរលើកទឹកចិត្តពួកគេឲ្យសួរសំណួរ មានលក្ខណៈសមរម្យ និងកុំចាប់បង្ខំពួកគេឲ្យសួរបែបនេះ បែបនោះតាមតែអំពើចិត្តរបស់អ្នក។

៥.កសាងសមត្ថភាពទំនាក់ទំនងរបស់ពួកគេ
ភាសាទំនាក់ទំនង គឺជាជំនាញដ៏មានសក្តានុពលដ៏ចាំបាច់បំផុតមួយទៀតសម្រាប់កសាងជំនាញទំនាក់ទំនងរបស់អ្នកដឹកនាំអស្ចារ្យ។ នៅទីនេះ ដើម្បីធ្វើឲ្យសមត្ថភាពទំនាក់ទំនងរបស់ពួកគេកាន់តែប្រសើរឡើង អ្នកត្រូវលើកទឹកចិត្តកូនៗរបស់អ្នកឲ្យអាន បានកាន់តែច្រើនតាមដែលពួកគេអាចធ្វើបាន។ វិធីនេះជួយអភិវឌ្ឍវាក្យសព្ទរបស់ពួកគេតាំងពីវ័យកុមារភាពមកម្ល៉េះ។ កំណប់ទ្រព្យនៃការប្រើភាសាក្នុងពេលអាន ឬពេលនិយាយ និងការអនុវត្តដ៏ត្រឹមត្រូវនឹងជួយឲ្យពួកគេក្លាយជាមនុស្សបង្កើតទំនាក់ទំនងប្រកបដោយភាពវិជ្ជាជីវៈនៅពេលធំឡើង។

៦.បង្រៀនពួកគេឲ្យចេះធ្វើការងារជាក្រុម
មេដឹកនាំល្អម្នាក់មិនមែនកើតឡើងដោយភាពឯកោនោះទេ។ ពួកគេតែងតែទទួលបានការគាំទ្រពីសំណាក់មហាជននៅជុំវិញខ្លួន។ នេះមានន័យថា ជំនាញដ៏សំខាន់បំផុតមួយសម្រាប់អ្នកដឹកនាំ គឺការចេះធ្វើការជាក្រុម និងមានឥរិយាបថបែបអ្នកការទូត។ ដូច្នេះហើយ អ្នកគួរលើកទឹកចិត្តកូនៗរបស់អ្នកឲ្យមានសកម្មភាពជាក្រុមទាំងនៅសាលារៀន ឬនៅកន្លែងផ្សេងៗទៀតជាមួយក្មេងៗដូចគ្នា ។  ទន្ទឹមនឹងនេះផងដែរ អ្នកគួររៀបចំសកម្មភាពបន្ថែមមួយចំនួនទៀតដូចជាការជជែកពិភាក្សាជាមួយពួកគេឲ្យបានច្រើនសម្រាប់ការបង្កើនទំនុកចិត្តបន្ថែមទៀត។

៧.លើកទឹកចិត្តពួកគេឲ្យចេះធ្វើជាអ្នកចរចាដ៏ពូកែ
កុមារតូចៗដែលធំឡើងជាមួយមិត្តភ័ក្ត្រមកពីប្រភព វប្បធម៌ ឋានៈ ឬសហគមន៍ចម្រុះគ្នា តែងតែមានភាពអត់ធ្មត់ និងចេះរៀនទទួលយកភាពចម្រុះគ្នានើ។ នៅក្នុងបរិយាកាសបែបនេះ អ្នកគួរណែនាំពួកគេឲ្យចេះស្វែងយល់កាន់តែច្បាស់អំពីភាពខុសប្លែកគ្នាទាំងនោះដើម្បីឲ្យប្រាកដថា ពេលពួកគេធំឡើង ពួកគេនឹងអាចរៀនធ្វើការ ទំនាក់ទំនង ឬបង្កើតមិត្តភាពជាមួយអ្នកទាំងនោះបានដោយមិនប្រកាន់ឋានៈ វប្បធម៌ ឬ ជាតិសាសន៍អ្វីឡើយ។  ការធ្វើបែបនេះ នឹងជួយអភិវឌ្ឍសមត្ថភាពទំនាក់ទំនង និងជំនាញទំនាក់ទំនងរបស់ពួកគេឲ្យកាន់តែរឹងមាំឡើង។

៨.ធ្វើជាគំរូល្អសម្រាប់ពួកគេ
កុមារតូចៗរៀនបានច្រើនពីសកម្មភាព ឬទម្លាប់ឪពុកម្តាយ  អាណាព្យាបាល និងមនុស្សជិតស្និតរបស់ពួកគេ។ ដូចនេះ ប្រសិនបើអ្នកចង់បណ្ដុះទម្លាប់ល្អដល់កូនៗរបស់អ្នក អ្នកត្រូវតែធ្វើគំរូល្អឲ្យពួកគេមើល។ បើអ្នកចង់ឲ្យពួកគេធ្វើជាអ្នកជំនួញ អ្នកគួរបង្ហាញពួកគេពីរបៀបក្លាយជាអ្នកពូកែរកស៊ី។ ប្រសិនបើចង់ឲ្យពួកគេធ្វើជាមនុស្សល្អ  អ្នកក៏ត្រូវបង្ហាញសកម្មភាពល្អៗរបស់អ្នកឲ្យពួកគេមើលដែរ។ អ្នកត្រូវចាំថា ដើម្បីឲ្យកូនៗរបស់អ្នកក្លាយជាដឹកនាំល្អនៅពេលអនាគត ត្រូវផ្តើមចេញពីខ្លួនអ្នកមុនគេ។

៩.លើកទឹកចិត្តពួកគេឲ្យមានការតស៊ួ
ការតស៊ួ គឺជាគុណសម្បត្តិមួយផ្សេងទៀតដែលកុមារគួរអភិវឌ្ឍតាំងពីវ័យកុមារភាពមកម្ល៉េះ។ ក្នុងនាមជាអាណាព្យបាល អ្នកត្រូវលើកទឹកចិត្តពួកគេឲ្យរៀបចំខ្លួនជាកុមារម្នាក់ដែលមិនងាយបោះបង់ចោលអ្វីមួយ។ អ្នកអាចធ្វើឲ្យពួកគេស្គាល់ភាពបរាជ័យ ហើយបន្ទាប់មកអ្នកត្រូវឲ្យពួកគេរៀនពីភាពបរាជ័យនោះ។ អ្នកត្រូវប្រាប់ពួកគេថា ជីវិតមិនមែនរីករាយរហូតទេ។ ពេលខ្លះវារុះរោយដូចផ្កា មានទុក និងមានឧបសគ្គ ប៉ុន្តែថ្ងៃល្អនឹងកើតមានឡើងសារជាថ្មីនៅពេលដែលពួកគេចេះតស៊ួ។  បន្ថែមលើនេះ អ្នកអាចលើកទឹកចិត្តពួកគេឲ្យហ៊ានប្រថុយប្រថាន ភ្លក់រស់ជាតិបទពិសោធន៍ជិវិត សាកល្បងធ្វើអ្វីដែលថ្មី និងមានភាពក្លាហានពេលប្រឈមមុខនឹងភាពលំបាក៕

អត្ថបទដែលទាក់ទង៖
អនុវត្តវិធីសាស្ត្រទាំង ៨ នេះក្នុងការបង្រៀនកូនៗរបស់លោកអ្នកឲ្យចេះទប់កំហឹងពីការប្រើអំពើហិង្សា​
មេរៀន​​ ៣ ចំណុច​ដែល​​អ្នក​គួរ​បង្រៀន​កូនៗ​របស់​អ្នក​តាំង​ពី​ក្មេង​ទៅមុនប្រឡូកក្នុងពិភពអាជីវកម្ម​​

ប្រភព៖ Addicted2success 

 

X
5s