សម្តេចតេជោ៖ បេសកកម្មរបស់កម្ពុជានៅពេលនេះ គឺបន្តតាមរកអ្នកពាក់ព័ន្ធជាមួយអ្នកជំងឺកូវីដ ១៩​



ទោះបីជាការរកឃើញវិជ្ជមានលើករណីកូវីដ ១៩ នៅកម្ពុជាភាគច្រើនបំផុតជាករណីនាំចូលស្ទើរទាំងអស់ក៏ពិតមែន (មានករណីឆ្លងពីប្តីទៅប្រពន្ធតែ ២ករណីប៉ុណ្ណោះ) ហើយចំនួនអ្នកឆ្លងមាន ៩១នាក់ តែអ្វីដែលកម្ពុជាត្រូវធ្វើពេលនេះ គឺបន្តតាមរកអ្នកដែលពាក់ព័ន្ធ ប៉ះពាល់ជាមួយអ្នកជំងឺកូវីដ ១៩ ព្រោះនេះជាវិធានការទប់ស្កាត់ដ៏ខ្លាំងខ្លាបំផុតប្រឆាំងនឹងការរីករាលដាលនៃវីរុសកូវីដ ១៩ នេះជាប្រសាសន៍របស់សម្តេចតេជោ ថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ ប្រយុទ្ធប្រឆាំងកូវីដ ១៩ ។ 

កម្ពុជាមិនព្រងើយកន្តើយក្នុងបេសកកម្មមួយនេះទេ សម្តេចក៏បានមានប្រសាសន៍ដែរថា “ការប្រយុទ្ធមួយនេះមិនមែនជាការប្រយុទ្ធជាមួយសត្រូវធម្មតាទេ តែវាជាសត្រូវលាក់មុខខ្លាំងបំផុត កងទ័ពអាវសដែលជាក្រុមគ្រូពេទ្យមិនស្គាល់ថានរណាជាសត្រូវនោះឡើយ ហើយនេះជាឧបសគ្គដ៏ធំរបស់យើង”។ សម្តេចក៏បានធ្វើការសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ ឲ្យចូលរួមក្នុងបេសកកម្មមួយនេះព្រោះបើដឹងថាខ្លួនអាចមានសញ្ញាសង្ស័យណាមួយ ឬជាអ្នកទើបចូលមកពីបរទេស ឬធ្លាប់បានប៉ះពាក់ផ្ទាល់ជាមួយអ្នកជំងឺកូវីដ ១៩ សូមចូលខ្លួនមកពិនិត្យ។ ក្រុមគ្រូពេទ្យមិនអាចដឹងថានរណាជាអ្នកឆ្លងកូវីដ ១៩ ឬអត់នោះទេហើយក៏មិនអាចទៅចាប់បង្ខំឲ្យប្រជាពលរដ្ឋណាម្នាក់មកពិនិត្យបានដែរ ព្រោះវាជាការរំលោភបំពានសិទ្ធិ។

គួរបញ្ជាក់ផងដែរថា ក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសណែនាំវិធានការការពារពីការចម្លងនៃវីរុសកូវីដ ១៩ និងធ្វើការផ្សព្វផ្សាយតាមគ្រប់មធ្យោបាយ និងរូបភាពទាំងអស់ ហើយក៏ស្នើឲ្យអ្នកដែលមានអាការៈគួរឲ្យសង្ស័យពាក់ព័ន្ធនឹងកូវីដ ១៩ មកពិនិត្យដោយឥតគិតថ្លៃ៕

ដោយ៖ យ៉ាយ៉ា

 

X
5s