សម្តេចតេជោ៖ កម្ពុជាត្រៀមជាង ៣ ០០០ បន្ទប់បន្ថែមសម្រាប់អ្នកជំងឺកូវីដ ១៩​



គិតត្រឹមថ្ងៃអង្គារទី ២៤ ខែមីនា ឆ្នាំ២០២០ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ ចំនួន ៩១នាក់ ក្នុងនោះភាគច្រើនជាករណីនាំចូល មានតែ ២ករណីប៉ុណ្ណោះដែលមានរកឃើញថាឆ្លងពីស្វាមីទៅប្រពន្ធ អ្វីដែលជាដំណឹងល្អ កម្ពុជាអាចព្យាបាលជាសះស្បើយចំនួន ៦ករណីហើយ។ 

ក្នុងពិធីជួបសំណេះសំណាលជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ ប្រយុទ្ធប្រឆាំងកូវីដ ១៩ ជាង ៤០០នាក់ នៅវិមានសន្តិភាពនាព្រឹកនេះ សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា កម្ពុជាបានត្រៀមជាង ៣ ០០០ បន្ទប់បន្ថែមទៀត ក្រៅពីនៅមន្ទីរពេទ្យ គឺមានការជួលសណ្ឋាគារ ការយកទីតាំងសាលារៀន និងអន្តេវេសិកដ្ឋាន។ 

កម្ពុជាបានត្រៀមមន្ទីរពេទ្យគោលដៅ (Destinated Hospital) សម្រាប់អ្នកជំងឺកូវីដ ១៩ នៅគ្រប់រាជធានី-ខេត្តទាំងអស់ ក្នុងនោះដែរក៏មានសប្បុរសជនមួយចំនួនបានធ្វើការបរិច្ចាគសណ្ឋាគារ ហើយជាសណ្ឋាគារលំដាប់ផ្កាយ ៥ ទៅទៀតសម្រាប់ធ្វើជាកន្លែងព្យាបាលអ្នកជំងឺកូវីដ ១៩។ ដោយឡែកបើគិតពីអតីតសណ្ឋាគារ Inter-con ពេលនេះបានត្រៀមបន្ថែម ៤០០បន្ទប់ទៀត។ 

លើសពីនេះ សម្តេចតេជោក៏បានមានប្រសាសន៍បន្ថែមទៀតថា ក្រុមគ្រូពេទ្យស្ម័គ្រចិត្តជាង ៤០០នាក់នេះជាទ័ពជួរមុខសំខាន់ក្នុងការប្រយុទ្ធប្រឆាំងជាមួយសត្រូវលាក់មុខកូវីដ ១៩នេះ៕

ដោយ៖ យ៉ាយ៉ា

X
5s