ចិន អាមេរិកកំពុងចោទគ្នា អ៊ីតាលីអះអាងថា រកឃើញកូវីដ១៩ តាំងពីខែវិច្ឆិកា មកម្ល៉េះ!​



​លោក Giuseppe remuzzi នាយកវិទ្យាស្ថានស្រាវជ្រាវ Mario Negri​ ដែល​ត្រូវ​បាន​ដក​ស្រង់​យក​មក​ចុះ​ផ្សាយ​ដោយ​សារព័ត៌មាន​ចិន South China Morning Post បានលើកឡើងថា កូរ៉ូណាវីរុសឬអាចហៅបានកូវីដ១៩ (Covid19)នេះបានកើតឡើងតាំងពីខែវិឆ្ឆិកា ឆ្នាំមុនមកម្លេះនៅក្នុងតំបន់ Lombardy ប្រទេសអ៊ីតាលី។

ខណៈមានពាក្យចចាមអារ៉ាមតៗគ្នាថាវីរុសកូរ៉ូណាមានប្រភពចេញពីទីក្រុងវូហាន​ មកដល់ពេលនេះមិនទាន់មានភស្តុតាងណាមួយដើម្បីគាំទ្រទ្រឹស្តីនេះនៅឡើយទេ។ មិនតែប៉ុណ្ណោះប្រធានាធិបតីដូណាល់ត្រាំបាននិយាយម្តងហើយម្តងទៀតជាសាធារណៈថាវាជា “វីរុសចិន” (China Virus)។ ​ទន្ទឹមនឹងនេះដែរចិនគិតថានេះ «ជាការប៉ុនប៉ងបង្ខូចកេរ្តិ៍ឈ្មោះ និងធ្វើឲ្យអាម៉ាស់ដល់ប្រទេសចិនចំពោះជម្ងឺរាតត្បាតនេះ។» មហាអំណាចទាំងពីរនេះកំពុងចោទប្រកាន់គ្នាទៅវិញទៅមកអំពីការផ្ទុះជំងឺដែលកំពុងរាតត្បាតពិភពលោកនេះ។ 

លោក Giuseppe Remuzzi នាយកវិទ្យាស្ថានស្រាវជ្រាវ Mario Negri សម្រាប់ការស្រាវជ្រាវវិទ្យាសាស្រ្តឱសថ (The Director of the Mario Negri Institute for Pharmacological Research) ក្នុងទីក្រុង Milan បានធ្វើបទសម្ភាសន៍សំខាន់មួយស្តីពីការកកើតឡើងនៃកូវីដ១៩ ឬជម្ងឺផ្លូវដង្ហើមធ្ងន់ធ្ងរជាមួយវិទ្យុសាធារណៈជាតិអាមេរិកកាលពីសប្តាហ៍មុន។ ហើយកាលពីថ្ងៃអង្គារ (២៤មីនា)​ មានប្រព័ន្ធផ្សព្វផ្សាយជាច្រើនបានចុះផ្សាយជាបន្តបន្ទាប់អំពីរូបលោក។

រាល់សេចក្តីអត្ថាធិប្បាយដែលលោក Remuzzi បាននិយាយមិនត្រូវបានផ្តោតទៅលើការរីករាលដាលនៃកូវីដ១៩ទេ តែគាត់បាននិយាយផ្តោតទៅលើការរកឃើញប្រភពនៃការចម្លងមេរោគនេះថាបានកើតឡើងនៅឯប្រទេសអ៊ីតាលីតាំងពីឆ្នាំមុន។

លោក Remuzzi បាននិយាយថា មានករណីមិនធម្មតាពាក់ព័ន្ធនឹងជំងឺផ្លូវដង្ហើមនេះនៅក្នុងខែវិច្ឆិកា និងធ្នូ មានន័យថាវីរុសបានកំពុងរាលដាលនៅក្នុងតំបន់ Lombardy ដែលជាតំបន់ដែលរងគ្រោះខ្លាំងបំផុតរបស់ប្រទេសនេះមុនពេលដែលមនុស្សគ្រប់គ្នាដឹងអំពីអ្វីដែលបានកើតឡើងនៅទីក្រុងវូហាន ប្រទេសចិន។

ក្នុងនោះលោកថាមានករណីគួរឲ្យសង្ស័យមួយចំនួនដែលគាត់បានដឹងច្បាស់រួមទាំងករណីជម្ងឺរលាកសួតពីរនៅឯ Scanzorosciate ភាគខាងជើងប្រទេសអ៊ីតាលីកាលពីខែធ្នូដែលអ្នកជម្ងឺមានអាការៈ គ្រុនក្តៅខ្លាំង ក្អក និងពិបាកដកដង្ហើមជាដើម។ ហើយមានអ្នកជម្ងឺចំនួន ១០​នាក់ផ្សេងទៀតដែលបានវិវត្តទៅជាជម្ងឺរលាកសួតក្នុងតំបន់ពីរនៅក្បែ​រនោះ Fara Gera D’Adda និង Crema ​។ គ្រូពេទ្យនៅទី​នោះដឹងថាវាជាជម្ងឺមិនធម្មតា​ តែនៅតែព្រងើយកន្តើយព្រោះអះអាងថាអ្នកជម្ងឺទាំងអស់នោះបានចាក់វ៉ាក់សាំងរួចហើយដូច្នេះមិនអីទេ៕

អត្ថបទពាក់ព័ន្ធ៖ WHO៖ ទោះគ្មានការព្យាបាលពិសេស តែ៨១%នៃអ្នកឆ្លងកូវីដ១៩ អាចជាសះស្បើយ១០០% ដោយ​ហេតុផលមួយ​នេះ​

ដោយ៖ Anthony

 

 

X
5s