អនុវត្តវិធី ៣យ៉ាងនេះពង្រឹងអាជីវកម្ម ខណៈស្ថានភាពត្រដាបត្រដួសកូវីដ ១៩កំពុងរាតត្បាត​



តើមានម្ចាស់អាជីវកម្មណាខ្លះដែលនិយាយថា អាជីវកម្មរបស់ខ្លួនមិនទទួលរងផលប៉ះពាល់ពីជំងឺ កូវីដ១៩?  នៅក្នុងស្ថានភាពដែលពិភពលោកកំពុងរងគ្រោះដោយការរាតត្បាតពីជំងឺនេះ ក្នុងនាមជាម្ចាស់អាជីវកម្មអ្នកទំនងកំពុងគេងព្រួយបារម្ភថា គួរធ្វើបែបណានៅក្នុងកាលៈទេសៈដ៏យ៉ាប់យ៉ឺននេះ។ 

គុណសម្បត្តិមួយក្នុងចំណោមគុណសម្បត្តិល្អបំផុតផ្សេងទៀតសម្រាប់អ្នកក្នុងនាមជាសហគ្រិននៅពេលបច្ចុប្បន្ននេះ គឺភាពប្រែប្រួល។ តាមរយៈការសម្របខ្លួនទៅនឹងអ្វីដែលកំពុងកើតមានឡើងនាពេលនេះ អាជីវកម្មរបស់អ្នកទំនងជាអាចបន្តវត្តមានទៅមុខទៀត ហើយបន្ទាប់មកវានឹងលូតលាស់នៅពេលអ្វីៗល្អប្រសើរឡើង។ សូមកុំអស់សង្ឃឹម! អ្នកគួរព្យាយាមអនុវត្តវិធី ៣យ៉ាងខាងក្រោមដើម្បីស្រោចស្រង់អាជីវកម្មរបស់អ្នក។ 

  1. តើមានឱកាសណាមួយដែលអ្នកអាចផ្តល់ផលិតផល ឬសេវាកម្មរបស់អ្នកទៅកាន់អតិថិជនតាមអនឡាញបានដែរឬទេ?
    មានប្រភេទអាជីវកម្មច្រើនណាស់ដែលអាចនៅតែបន្តប្រតិបត្តិការទៅបានដោយធម្មតាបើទោះបីជាស្ថានភាពជំងឺកូវីដ ១៩ វាយលុកខ្លាំងក៏ដោយ។ ហេតុដូច្នេះហើយនៅក្នុងកាលៈទេសៈនេះ អ្នកអាចលៃលកមើលថា តើអ្នកអាចប្តូរពីការទូទាត់ថ្លៃទំនិញ ឬសេវាកម្មពីការទូទាត់ដោយផ្ទាល់ទៅជាការទូទាត់តាមអនឡាញវិញ ឬក៏ប្តូរពីការអនុញ្ញាត្តឲ្យអតិថិជនទិញផលិតផល ឬសេវាកម្មដោយផ្ទាល់ទៅជាការទិញលក់តាមអនឡាញ និងមានសេវាកម្មចែកចាយដល់ទីកន្លែងជាដើមបានដែរឬអត់? នេះមានន័យថា រាល់ការប្រតិបត្តិការអាជីវកម្មរបស់អ្នក គឺត្រូវសកម្មជាងមុននៅលើប្រព័ន្ធអនឡាញដែលអ្នកអាចយកបណ្តាញសង្គម និងប្រព័ន្ធផ្សព្វផ្សាយផ្សេងៗទៀតមកផ្សព្វផ្សាយមុខជំនួញរបស់អ្នក។
  2. តើអ្នកមានជំនាញ ឬឯកទេសអ្វីទៀតដែលអាចផ្តល់ជូនអតិថិជននៅលើបណ្តាញអ៊ីនធឺណិត?
    មានប្រភេទអាជីវកម្មជាច្រើនដូចជា វិស័យអប់រំ ភោជនីយដ្ឋាន ស្ប៉ា ក្លឹបហាត់ប្រាណ និងព្រឹត្តិការណ៍ជួបជុំដែលអាចនឹងត្រូវការភាពច្នៃប្រឌិតបន្ថែមទៀតនៅខណៈពេលដែលអតិថិជនកំពុងរកស៊ីជាមួយអ្នក។ ប្រសិនបើអ្នកជាម្ចាស់ភោជនីយដ្ឋាន នៅទីនេះអ្នកអាចជំនួសការចម្អិនអាហារទៅជាការផ្តល់ជូនវគ្គសិក្សាវីដេអូខ្លីៗអំពីវិធីចម្អិនអាហារ ឬមុខម្ហូបដ៏គួរឲ្យចង់ទទួលទាននៅក្នុងហាងរបស់អ្នក។ 

    ប្រសិនបើអ្នកជាអ្នកថតរូប អ្នកប្រហែលជាមានអ្នកអានខ្លះដែលចង់ស្វែងយល់ពីទេពកោសល្យនៅពីក្រោយរូបថតដ៏អស្ចារ្យរបស់អ្នក។ ដូចនេះអ្នកអាចបង្ហោះវីដេអូប្រាប់ពីមូលដ្ឋានគ្រឹះ ឬយុទ្ធសាស្ត្រដ៏ទាក់ទាញទាំងនោះទៅកាន់ពួកគេបាន។ ទន្ទឹមនឹងនេះ ប្រសិនបើអ្នកជាអ្នកម៉ាស្សា ឬគ្រូបង្វឹកហាត់ប្រាណអ្នកអាចពង្រៀនតាមអនឡាញពីរបៀបម៉ាស្សាសម្រាប់គូស្វាមីភរិយា ឬអតិថិជនយកទៅអនុវត្តនៅផ្ទះ។ ទាំងអស់នេះសុទ្ធតែរបៀបដែលអាជីវកម្មរបស់អ្នកនៅតែដំណើរការបានទោះបីជាជំងឺកូវីដវាយលុកក៏ដោយ។
  3. តើអ្នកអាចរៀបចំអាជីវកម្មរបស់អ្នកយ៉ាងដូចម្តេចដើម្បីការពារមិនឲ្យទទួលរងផល់ប៉ះពាល់ពីការផ្ទុះរីករាលដាលនៃមេរោគនេះ ឬកត្តាសាកលផ្សេងៗទៀតនាពេលអនាគត?
    នៅពេលអ្នកពិនិត្យមើលពីអ្វីដែលអ្នកអាជីវកម្មរបស់អ្នកបានផ្តល់ជូនអតិថិជន អ្នកត្រូវដឹងពីកត្តាប៉ះពាល់មួយចំនួនដែលកំពុងកើតមានឡើង និងអាចកើតមានឡើងនៅពេលអនាគត។ ការឆ្លើយតបដ៏ល្អមួយចំពោះវិបត្តិសេដ្ឋកិច្ច និងវីរុសដែលកំពុងវាយលុកនេះ គឺអ្នកត្រូវតែធ្វើឲ្យលំហូរប្រាក់ចំណូលរបស់អ្នកមកពីច្រើនប្រភព។ ពីមុនអ្នករកស៊ីទិញលក់ផ្ទាល់ ប៉ុន្តែ អ្នកអាចប្តូរមកជាការជួញដូររកចំណូលតាមអនឡាញវិញ។

    អ្នកគួររកចំណូលផ្សេងទៀតក្រៅពីពឹងលើចំណូលអាជីវកម្មរបស់អ្នក។ សូមកុំស្លន់ស្លោ! អ្នកត្រូវមានភាពម្ចាស់ការក្នុងស្ថានភាពបែបនេះ និងត្រូវឈរលើមូលដ្ឋានដំណោះស្រាយជាធំដើម្បីត្រៀមខ្លួនទប់ទល់វិបត្តិនៅពេលនេះ និងវិបត្តិដែលចូលមកដល់នៅពេលអនាគត៕

    អត្ថបទទាក់ទង៖ សារព័ត៌មានវៀតណាម VN Express៖ ជនជាតិវៀតណាម ២រូបធ្វើតេស្តវិជ្ជមានកូវីដ១៩ បន្ទាប់ពីចាកចេញពីកម្ពុជា​

ប្រភព៖ Businessinsider 

 

 

X
5s