ស្ងប់​ស្ងាត់​ជាង​ ៦០ឆ្នាំ ពេល​នេះវីរុស​​ Hantavirus សម្លាប់ជនជាតិ​ចិន​ម្នាក់​នៅ​យូណាន​



ខណៈដែលចិន និងពិភពលោកកំពុងស្វែងរកវិធីសង្គ្រោះជីវិតមនុស្សចេញពីចង្កូមបិសាចលាក់មុខកូរ៉ូណា ស្រាប់តែពេលនេះ ខេត្តយូណាននៃប្រទេសចិនមានបុរសម្នាក់ត្រូវបានស្លាប់នៅក្នុងរថយន្តក្រុងដោយសារវីរុស Hantavirus ហើយអ្នករួមដំណើរទាំងអស់នៅលើឡានក្រុងត្រូវបានធ្វើតេស្តរកមេរោគ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន Global Time។

បុរសរូបនោះត្រូវបានស្លាប់ ដោយមិនទាន់មានអ្នកស្គាល់ពីអត្តសញ្ញាណនៅឡើយទេ គ្រាន់តែដឹងថាគាត់បានធ្វើដំណើរមកពីខេត្តយូណានទៅធ្វើការនៅខេត្តសានដុង ឯអ្នករួមដំណើរជាមួយគ្នាទាំង ៣២នាក់នៅលើរថយន្តក្រុង ត្រូវបានគេយកទៅធ្វើតេស្ត៍ដើម្បីពិនិត្យរកវីរុសនេះ។ មានការសង្ស័យមួយចំនួនបានដាក់ចេញថា វីរុសនេះបានកើតឡើងបន្ទាប់ពីមានការដាក់ឲ្យនៅដាច់ដោយឡែកបន្ទាប់ពីមានការរីករាលដាលនៃវីរុសកូវីដ ១៩។ តែទោះជាយ៉ាងណាក៏ដោយអ្នកជំនាញបានធ្វើការបង្ហាញថា Hantavirus ឆ្លងពីសត្វ​ទៅ​សត្វ (កណ្តុរទៅ​កណ្តុរ) វា​អាច​ចម្លង​ទៅមនុស្ស​ដែរនៅពេល​ដែល​មនុស្ស​មានការ​ប៉ះពាល់​ផ្ទាល់​វត្ថុរាវ​របស់​សត្វ​មាន​ជំងឺ​នោះ​ តែ​កម្រ​ឆ្លង​ពី​មនុស្ស​ម្នាក់​ទៅមនុស្ស​ម្នាក់​។ អ្នកវិទ្យាសាស្ត្រជនជាតិស៊ុយអែតវេជ្ជបណ្ឌិត Sumaiya Shaikh បានសរសេរនៅលើ Tweeter របស់លោកថា “ការបញ្ជូន ឬឆ្លងទៅមនុស្សគឺកម្រណាស់”

តាមការលើកឡើងរបស់សារព័ត៌មាន New York Post លោក Sumaiya Shaikh បានមានប្រសាសន៍ថា Hantavirus ធ្លាប់បានកើតឡើងម្ដងកាលពីអំឡុងទសវត្សរ៍ឆ្នាំ ១៩៥០ ជាពេលសង្គ្រាមរវាងអាមេរិកនិងកូរ៉េនៅទន្លេហាន់តា។ Hantavirus នេះឆ្លងពីសត្វកណ្ដុរទៅកណ្ដុរ ហើយវានឹងឆ្លងមកមនុស្សប្រសិនបើមនុស្សទៅប៉ះនឹងវត្ថុធាតុរាវពីសត្វទាំងនោះ។

មជ្ឈមណ្ឌលគ្រប់គ្រងជំងឺហៅកាត់ថា CDC បានរៀបរាប់ថា Hantavirus បាននិយាយថាវីរុសនេះត្រូវបានរីករាលដាលជាចម្បងពីសត្វកកេរ (ពពួកកណ្តុរ) ដោយឆ្លងនៅក្នុងអំបូររបស់ពួកវា តែវាក៏អាចបណ្ដាលឲ្យឆ្លងមកមនុស្សដូចគ្នាដែរ។ តែបើនៅ សហរដ្ឋអាមេរិក គេចាត់ទុកថា Hantavirus ជា New World ហើយវីរុសមួយនេះអាចបណ្ដាលឲ្យមានជំងឺស្ទះសួតរ៉ាំរ៉ៃ (HPS)។ វាពិតជាពេលវេលាដ៏អាក្រក់បំផុតសម្រាប់ពិភពលោក ពិសេសគឺប្រទេសចិនតែម្តងព្រោះនៅពេលនេះមានមនុស្សដែលចំនួនអ្នកឆ្លងវីរុសកូវីដ ១៩ បានកើនឡើងជិត ៤សែននាក់ ខណៈអ្នកស្លាប់មានទូទាំងពិភពលោកមានជាង ១៦,៥០០នាក់ហើយ។ 

មជ្ឍមណ្ឌលត្រួតពិនិត្យ និងការពារជំងឺឆ្លង បានបញ្ជាក់ថា Hantaviruses គឺជាអំបូរ ឬស្រលាយនៃវីរុសដែលរីករាលដាលជាចម្បងដោយពពួកសត្វកកេរ ហើយអាចបង្កឱ្យមានរោគសញ្ញានៃជំងឺផ្សេងៗគ្នាចំពោះមនុស្សម្នាក់ៗ។ សត្វកណ្តុរ (deer mice) ដែលឆ្លងវីរុស Hantavirus (Peromyscus maniculatus) អាចបញ្ចេញវីរុសនៅក្នុងទឹកនោម ទឹកមាត់ និងដំណក់វត្ថុរាវក្នុងរាងកាយរបស់វា ហើយវាក៏ក្លាយជាភ្នាក់ងារចម្លងទៅកាន់សត្វដទៃទៀត តែជាទូទៅគេមិនអាចធ្វើការកត់សម្គាល់បានថាកណ្តុរនោះមានផ្ទុកវីរុសឬអត់នោះទេ។ ជាធម្មតា ត្រូវបានគេរាយការណ៍ថាក្នុងមួយឆ្នាំមានមនុស្សម្នាក់ក្នុងចំណោម ៣ នាក់ត្រូវបានស្លាប់បន្ទាប់ពីមានការឆ្លង HPS។

រោគសញ្ញានៃជំងឺ Hantavirus

យោងតាមគេហទំព័រ wikipedia បានឲ្យដឹងថា អ្នកដែលឆ្លងវីរុស Hantavirus តែងមានរោគសញ្ញា និងអាការៈ ដូចអ្នកកើតជំងឺផ្តាសាយដូចជា គ្រុនក្តៅក្អក ឈឺក្បាល ល្ហិតល្ហៃ និងដង្ហើមខ្លី ក្រហល់ក្រហាយ និងអាចវិវត្តទៅជាជំងឺផ្លូវដង្ហើមធ្ងន់ធ្ងរ។ វាត្រូវបានកំណត់ដោយការដកដង្ហើមដង្ហក់ៗ ដង្ហើមខ្លីញាប់ៗ និងទៅជាហើមសួតយ៉ាងឆាប់រហ័ស វាមានអត្រាគ្រោះថ្នាក់ខ្ពស់ និងអត្រាស្លាប់ដល់ទៅ ៣៦%៕

ដោយ៖ យ៉ាយ៉ា

 

X
5s