WHO៖ អ្នកត្រូវធ្វើរឿងទាំងនេះក្នុងពេលកំពុងដាក់ខ្លួននៅដាច់ដោយឡែកដើម្បីតាមដាន COVID
ការដាក់ឲ្យខ្លួនឯងនៅដាច់ដោយឡែកពីអ្នកដទៃគឺសំខាន់ក្នុងកាលៈទេសៈនៃការរាតត្បាតរបស់ កូរ៉ូណាវីរុស ឬកូវីដ ១៩ ជារឿងមួយដ៏ចាំបាច់បំផុត ដើម្បីរួមដៃគ្នាកំចាត់សត្រូវលាក់មុខ។
ការដាក់ខ្លួនឲ្យនៅដាច់ដោយឡែកនេះធ្វើឡើងក្នុងករណី៖
ក) មានបញ្ហាផ្នែកសុខភាពដូចជាផ្តាសាយ ឬមានអាការៈស្រដៀងទៅនឹងជំងឺកូវីដ ឬធ្លាប់មានប្រវត្តិប៉ះពាល់ជាមួយអ្នកកើតជំងឺកូវីដ
ខ) ជាអ្នកដែលទើបធ្វើដំណើរមកពីបរទេស ឬកន្លែងដែលមានករណីឆ្លងនៃកូវីដ ឬមកពីកន្លែងណាក៏ដោយ
គ) អ្នកដែលត្រូវបានតេស្ត៍វិជ្ជាមានលើករណីកូវីដ ១៩ ហើយកំពុងសម្រាកដើម្បីទទួលការព្យាបាល។
មិនថាអ្នកកំពុងស្ថិតក្នុងចំណោមមនុស្សប្រភេទណាមួយនៃ ៣ ប្រភេទដែលបានលើកឡើងខាងលើនេះទេ ក៏អ្នកត្រូវដាក់ខ្លួនឲ្យនៅដាច់ដោយឡែកពីអ្នកដទៃដែរ។ ដោយសារការដាក់ខ្លួនឯងឲ្យនៅដាច់ដោយឡែកនេះ វាបានធ្វើឲ្យមនុស្សមួយចំនួនមានបញ្ហាធុញថប់អារម្មណ៍ និងបង្កវាទៅជាបញ្ហាផ្សេងៗទៅវិញ។
ស្របពេលជាមួយគ្នានេះ យោងតាមការចេញផ្សាយពីសារព័ត៌មាន CNBC អង្គការសុខភាពពិភពលោកបានដាក់ចេញនូវ Tips មួយចំនួនសម្រាប់អ្នកដែលកំពុងដាក់ខ្លួនឯងឲ្យនៅដាច់ដោយឡែក (Quarantine)៖
- ទទួលទានអាហារសុខភាព ឬធ្វើរបបអាហារដើម្បីបង្កើនប្រព័ន្ធភាពស៊ាំក្នុងរាងកាយឲ្យបានរឹងមាំ
- កំណត់ជាតិអាល់កុល ដូចជាការស្រាបៀរ គ្រឿងស្រវឹង និងភេសជ្ជៈដែលមានជាតិស្ករ
- កុំជក់បារី ព្រោះវាជាឱកាសបង្កឲ្យងាយឆ្លងវីរុសកូវីដ១៩ ឬការឆ្លងវីរុសដទៃទៀត ហើយក៏ជាដើមហេតុធ្វើឲ្យរាងកាយអ្នកចុះខ្សោយដូចគ្នា
- ធ្វើលំហាត់ប្រាណយ៉ាងតិច ៣០នាទីក្នុងមួយថ្ងៃសម្រាប់មនុស្សចាប់ពីវ័យកណ្ដាលឡើងទៅ ដោយឡែកក្មេងត្រូវធ្វើលំហាត់ប្រាណរយៈពេល ១ម៉ោង។ តែការហាត់ប្រាណនេះ មិនត្រូវធ្វើឡើងហួសកម្រិត ឬប្រើកម្លាំងហួសពេករហូតធ្វើឲ្យរាងកាយឈឺចាប់ (ឈឺតាមសាច់ដុំ សន្លាក់) នោះទេ ព្រោះវាអាចធ្វើឲ្យរាងងកាយចុះខ្សោយទៅវិញ
- ប្រសិនបើអ្នកត្រូវបានគេអនុញ្ញាតឲ្យចេញក្រៅបន្ទប់ ទៅដើរនៅខាងក្រៅ រត់ ជិះកង់ជាដើម ត្រូវចាំថាអ្នកត្រូវរក្សាគម្លាតជាមួយអ្នកដទៃ ត្រូវប្រាកដថាគម្លាតរបស់អ្នកផ្តល់សុវត្ថិភាពទាំងខ្លួនអ្នក និងអ្នកនៅជុំវិញខ្លួន អ្នកដទៃមិនអាចឆ្លងវីរុសពីអ្នក (ករណីដែលអ្នកកំពុងមានកូវីដ ១៩) អ្នកនឹងមិនឆ្លងពីអ្នកដទៃ (ករណីអ្នកមិនបានឆ្លង ហើយបង្ការខ្លួនពីការឆ្លងរោគ)
- បើអ្នកមិនត្រូវបានគេអនុញ្ញាតឲ្យចេញពីបន្ទប់ ឬផ្ទះ អ្វីដែលអ្នកត្រូវធ្វើគឺរាំ ធ្វើយូហ្គា ឬដើរចុះឡើងជណ្ដើរជាប្រចាំ ដើម្បីបង្កើនចលនាក្នុងរាងកាយ និងបញ្ចេញញើស
- សម្រាប់អ្នកដែលត្រូវធ្វើការពីផ្ទះ មិនត្រូវអង្គុយនៅមួយកន្លែងរយៈពេលយូរពេកទេ អ្នកត្រូវធ្វើការផ្លាស់ប្តូរចលនារាងកាយ ធ្វើឲ្យខ្លួនឯងឲ្យបានញឹកញាប់ ហើយធ្វើការសម្រាក ៣នាទីនូវរាល់ ៣០នាទីម្តង មានន័យថា ធ្វើការកន្លះម៉ោង សម្រាក ៣នាទី ដោយធ្វើការលម្ហែ ឬផ្លាស់ប្តូរអារម្មណ៍ សឹមបន្តការងារទៀត។
- ចៀសវាងការស្រ្តេសពីការងារ ឬការដែលត្រូវនៅក្នុងផ្ទះរហូត អ្នកអាចស្តាប់ចម្រៀង អានសៀវភៅ លេងហ្គេម ស្តាប់ធម៌ ឬធ្វើការភាវនាណាមួយដែលអាចឲ្យអារម្មណ៍អ្នកស្រស់ថ្លា និងអាចសង្រួមចិត្តអ្នកបាន។
- រឿងដែលសំខាន់ជាងគេមួយទៀត អ្នកមិនគួរស្តាប់ព័ត៌មានច្រើនពេកទេនៅក្នុងកាលៈទេសៈបែបនេះ។ ប្រសិនបើអ្នកមិនមែនជាអ្នកដែលមានផ្ទុកកូវីដ ១៩ អាចថាមិនមានចោទជាបញ្ហាខ្លាំងណាស់ណាទេ តែប្រសិនបើក្នុងករណីអ្នកដែលមានវីរុសកូវីដ ១៩ ហើយកំពុងត្រូវបានគេដាក់ឲ្យនៅដាក់ដោយឡែកទៀត ការស្តាប់ឬទទួលបានព័ត៌មានច្រើនហួសពេកវាអាចមានការប៉ះពាល់អារម្មណ៍ និងផ្លូវចិត្តរបស់អ្នក វាអាចជាការបំបាក់ទឹកចិត្តកាន់តែខ្លាំងលើដំណឹងនៃការរីករាលដាលកាន់តែច្រើន ឬចំនួនអ្នកស្លាប់កាន់តែច្រើនជាដើម។
- បន្ថែមពីនេះ ចំណុចពិសេសចុងក្រោយ គឺអ្នកត្រូវចេះលើកទឹកចិត្តខ្លួនឯង ធ្វើអារម្មណ៍ឲ្យសប្បាយ ព្រោះវាជាផ្នែកមួយក្នុងការពង្រឹងប្រព័ន្ធភាពស៊ាំរបស់អ្នកប្រឆាំងជាមួយជំងឺគ្រប់ប្រភេទ មិនមែនតែកូវីដ ១៩ នោះទេ។
វាជាពេលមួយដ៏លំបាក តែអ្នកត្រូវតែធ្វើ និងជំនះវាឲ្យបានដើម្បីសុខភាពខ្លួនឯង និងមនុស្សនៅជុំវិញខ្លួន អនុវត្តតាមវិធីដែលបានរៀបរាប់ខាងលើ វាមិនត្រឹមតែជួយដល់សុខភាព សុវត្ថិភាពផ្នែករាងកាយទេ វាថែមទាំងជួយដល់សុខភាពផ្លូវចិត្តបានប្រសើរដូចគ្នា ហើយវាជាវិធីដ៏ប្រសើរបំផុតសម្រាប់អ្នកប្រយុទ្ធប្រឆាំងនឹងកូវីដ ១៩៕
ដោយ៖ យ៉ាយ៉ា