កូវីដ១៩៖ បន្ទាប់ពីអ៊ីតាលី អេស្ប៉ាញមានចំនួនអ្នកស្លាប់វ៉ាដាច់ចិន ប្រភពដើម​



តាមការរាយការណ៍ពីសារព័ត៌មាន CNN អេស្ប៉ាញកំពុងវ៉ាដាច់ និងបំបែកកំណត់ត្រាប្រទេសចិន ព្រោះចំនួនអ្នកស្លាប់ដោយសារកូរ៉ូណាវីរុសនៅពេលនេះច្រើនជាងប្រទេសចិន ដែលជាកន្លែងផ្ទុះដំបូងនៃជំងឺកូវីដ ១៩ មួយនេះ។ 

ក្រសួងសុខាភិបាលនិងវិទ្យាសាស្ត្រប្រទេសអេស្ប៉ាញ បានប្រកាសនៅថ្ងៃពុធទី ២៥ មីនា ម្សិលមិញនេះថា ប្រទេសខ្លួនមានអ្នកស្លាប់ ៣ ៤៣៤ នាក់ ដែលបានជំរុញឱ្យមានចំនួនអ្នកស្លាប់កើនលើសចិន ចំនួននេះកើនឡើង ២៧% គិតក្នុងរយៈពេល ២៤ម៉ោងប៉ុណ្ណោះ។ 

វីរុសកូវីដ ១៩ នេះវាឆ្លងមិនប្រកាន់ឋានៈ ពូជសាសន៍ ឬតួនាទីឡើយ ឧបនាយករដ្ឋមន្រ្តីអេស្ប៉ាញលោកស្រី Carmen Calvo បានទទួលលទ្ធផលតេស្ត៍វិជ្ជមានលើកូវីដ ១៩ នេះបើតាមការឲ្យដឹងពីខុទ្ទកាល័យនាយករដ្ឋមន្ត្រី ហើយលើស្រីក៏កំពុងស្ថិតក្នុងការសម្រាកព្យាបាល តាមដានសុខភាពដូចគ្នា។ 

អេស្ប៉ាញកំពុងស្ថិតក្នុងការបិទប្រទេសដើម្បីការពារ ទប់ស្កាត់ការរីករាលដាលនៃវីរុសកូវីដ ១៩ ហើយមន្រ្តីជាន់ខ្ពស់ផ្នែកសុខាភិបាលក៏បានព្យាករណ៍ថា វានឹងមិនទាន់ឈានដល់ដំណាក់កាលនៃការផ្ទុះធ្ងន់ធ្ងរនោះទេ តែបើចំនួននៃការឆ្លង និងករណីស្លាប់នៅតែបន្តកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃនេះ ការឆ្លងដល់កម្រិតកំពូលនឹងអាចកើតមានឡើងមិនខាន។ 

ចំនួនតេស្ត៍វិជ្ជមានក្នុងប្រទេសសរុបកើនឡើងដល់ ៤៧ ៦១០នាក់ ដែលនាំឲ្យអេស្ប៉ាញឈរនៅលំដាប់លេខ ៤ ជាប្រទេសដែលមានអ្នកឆ្លងកូវីដច្រើនជាងគេក្នុងពិភពលោក បន្ទាប់ពីចិន អ៊ីតាលី និងសហរដ្ឋអាមេរិក។ ដោយឡែក រដ្ឋមន្រ្តីក្រសួងសុខាភិបាល Salvador Illa បាននិយាយថារដ្ឋាភិបាលបានសម្រេចបញ្ចេញថវិកាចំនួន ៤៣២ លានអឺរ៉ូ (ស្មើនឹង ៤៦៧ លានដុល្លារអាមេរិក) ដើម្បីទិញម៉ាស ស្រោមដៃពេទ្យ និងឧបករណ៍ដកដង្ហើមពីចិន  ដែលនឹងដឹកទៅដល់ប្រទេសខ្លួននៅចុងសប្ដាហ៍នេះ។

គួរបញ្ជាក់ផងដែរថា ប្រទេសអេស្បាញបានបិទទ្វារប្រទេសរបស់ខ្លួន និងដាក់ប្រទេសស្ថិតក្នុងស្ថានភាពអាសន្នចាប់តាំងពីថ្ងៃទី ១៣ ខែមីនា មក ដែលកាលពីដំបូងត្រូវបានគេរំពឹងថានឹងមានរយៈពេល ១៥ ថ្ងៃប៉ុន្តែនាយករដ្ឋមន្រ្តីលោក Pedro Sanchez បាននិយាយកាលពីថ្ងៃអាទិត្យថាស្ថានភាពបន្ទាន់អាចត្រូវបានពន្យារពេល ១៤ ថ្ងៃទៀត៕

ដោយ៖ យ៉ាយ៉ា

 

X
5s