សិង្ហបុរីនាំចូលស៊ុត៣សែនគ្រាប់ពីថៃ ចំពេលមានការឆ្លងកូវីដ១៩
កាលពីម្សិលមិញ យន្តហោះដឹកទំនិញមួយគ្រឿងរបស់ក្រុមហ៊ុនអាកាសចរណ៍សិង្ហបុរី (Singapore Airline) បានដឹកស៊ុតប្រមាណ ៣០០ ០០០ គ្រាប់ពីប្រទេសថៃ ហើយបានចុះចតនៅព្រលានយន្តហោះ Changi Airport។ នេះយោងតាមការចុះផ្សាយរបស់ straitstimes។
លោក Chan Chun Sing រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មនិងឧស្សាហកម្ម បានមានប្រសាសន៍ថា សិង្ហបុរីបានព្យាយាមនាំចូលស៊ុត និងផលិតផលម្ហូបអាហារពីប្រទេសមួយចំនួនក្នុងរយៈពេល២ថ្ងៃមកនេះ។ មនុស្សមួយចំនួនមានការភ័យខ្លាចខ្វះខាតការផ្គត់ផ្គង់ស៊ុត និងម្ហូបអាហារ ក្នុងប្រទេសកូនកោះមួយនេះ ខណៈកំពុងផ្ទុះជំងឺកូវី១៩ទូទាំងពិភពលោក។
លោក Chan Chun Sing បានមានប្រសាសន៍ថា៖ ១ភាគ៣នៃស៊ុតដែលមានតម្រូវការក្នុងប្រទេសសិង្ហបុរីនាំមកពីក្នុងប្រទេស ខណៈចំនួនភាគច្រើននាំចេញពីប្រទេសម៉ាឡេស៊ី ហើយប្រភពនាំចេញរបស់យើងមានប្រទេសជាច្រើនផ្សេងទៀត ហើយយើងអាចទទួលបានការផ្គត់ផ្គង់ភ្លាមៗ។
បើយោងតាម mothership សិង្ហបុរីនាំចូលស៊ុតពី អូស្ដា្រលី ដាណឺម៉ាក ម៉ាឡេស៊ី នូវែលសេឡង់ អេស្ប៉ាញ ស៊ុយអែត កូរ៉េខាងត្បូង ថៃ អាមេរិក អ៊ុយក្រែនជាដើម។
ក្រៅពីស៊ុត សិង្ហបុរីនាំចូលផលិតផលម្ហូបអាហារពីប្រទេសចំនួនជាង១៧០ ផ្សេងទៀត។
ប្រភពរូប៖ mothership
ដោយ៖ លង់ វណ្ណៈ