អ្នកនាំពាក្យក្រសួង៖ ជនជាតិឥណ្ឌូនេស៊ីទាំងពីរនាក់មានទិសដៅច្បាស់លាស់ក្នុងការស្វែងរកការព្យាបាល
កាលពីយប់មិញ ក្រសួងសុខាភិបាលបានចេញព័ត៌មានពីការរកឃើញករណីវិជ្ជមានកូវីដ ១៩ លើបុរសជនជាតិឥណ្ឌូនេស៊ី ២ រូប ដែលធ្វើដំណើរមកពីប្រទេសថៃចូលមកកម្ពុជាដើម្បីទទួលការព្យាបាលនៅកម្ពុជា បានធ្វើឲ្យមហាជនមានការងឿងឆ្ងល់ ភ្ញាក់ផ្អើល និងមួយចំនួនភាន់ច្រលំយ៉ាងខ្លាំងថាគាត់ចូលមកកម្ពូជាដោយវិធីណា។
នៅក្នុងកិច្ចសម្ភាសជាមួយនឹងសារព័ត៌មានក្នុងស្រុកមួយ លោកជំទាវឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាលបានមានប្រសាសន៍ថា ជនជាតិឥណ្ឌូណេស៊ីទាំង ២នាក់ដែលបានរកឃើញថាមានផ្ទុកវីរុសកូវីដ ១៩ គាត់ចូលមកកម្ពុជាក្នុងចេតនាទទួលសេវាព្យាបាលបន្ទាប់ពីដឹងថា ពួកគាត់មានផ្ទុកវីរុសកូវីដ ១៩ ក្រោយទទួលលទ្ធផលធ្វើតេស្តនៅក្នុងប្រទេសថៃ។ ពួកគាត់ទាំងពីរនាក់បានមកប្រទេសកម្ពុជាដោយមិនមានបង្កចលាចលណាមួយនោះទេ ព្រោះរូបគាត់បានម៉ៅតាក់ស៊ីដើម្បីធ្វើដំណើរមកតែ ២ នាក់ប៉ុណ្ណោះ។ លើសពីនេះអ្នកដែលពាក់ព័ន្ធ និងបានប៉ះពាល់ជិតស្និទ្ធបំផុតជាមួយបុរសជនជាតិឥណ្ឌូណេស៊ីទាំង ២រូបនោះ គឺមានតែអ្នកបើកតាក់ស៊ីតែម្នាក់ប៉ុណ្ណោះ។
បន្ទាប់ពីគាត់បានមកដល់មន្ទីរពេទ្យឯកជនមួយនៅក្នុងខេត្តសៀមរាប ពួកគាត់ក៏បានប្រាប់ថាខ្លួនគាត់មានផ្ទុកវីរុសនេះ ហើយគាត់ធ្វើដំណើរមកប្រទេសកម្ពុជានេះដោយសារគាត់គ្មានលទ្ធភាពព្យាបាលនៅប្រទេសថៃ។ ពួកគាត់មិនបានព្យាយាមលាក់បាំងពីករណីកូវីដ ១៩ ទេ តែពួកគាត់មានការប្រុងប្រយ័ត្នខ្ពស់ដើម្បីរក្សាសុវត្ថិភាពខ្លនឯង និងអ្នកនៅជិតខ្លួន។ ជាមួយគ្នានេះដែរមន្ទីរសុខាភិបាលខេត្តសៀមរាបបានធ្វើតេស្តម្ដងទៀតទៅពួកគាត់ទាំងពីរនាក់ដើម្បីបញ្ជាក់ថាពិតជាមានផ្ទុកវីរុសនេះមែន។ ពេលនេះបុរសជនជាតិឥណ្ឌូណេស៊ីទាំងពីរនាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។ បុរសដែលជាអ្នកបើកបររថយន្តតាក់ស៊ី កំពុងត្រូវបានដាក់ឲ្យនៅដាច់ដោយឡែកហើយនៅពេលនេះ ដើម្បីធ្វើការតាមដានពិនិត្យសុខភាព។
លោកស្រីឱវណ្ណឌីនក៏បានមានប្រសាសន៍បន្ថែមថា មកទល់ពេលនេះក្រសួងគ្មានហេតុផលណាមួយក្នុងការលាក់បាំងព័ត៌មានពីករណីជំងឺកូវីដ ១៩នេះទេ បើមិនដូច្នេះ ក្រសួងមិនធ្វើបច្ចុប្បន្នភាពរាល់ថ្ងៃលើការរកឃើញ ឬការព្យាបាលជាសះស្បើយនៃអ្នកជំងឺកូវីដ ១៩ នេះឡើយ៕
ដោយ៖ យ៉ាយ៉ា