អ្នកជំនាញការចិន៖ ជាង ២០% អ្នកជំងឺ COVID 19 ដែលជាសះស្បើយ មានលទ្ធភាពកើតឡើងវិញ​



ចិនគឺជាប្រទេសដើមកំណើតនៃការផ្ទុះវីរុស កូវីដ ១៩ ហើយគិតមកទល់ពេលនេះចិនក៏បានព្យាបាលប្រជាពលរដ្ឋរបស់ខ្លួនបានយ៉ាងជោគជ័យ ទោះជាក្នុងប្រទេសខ្លួននៅមានអ្នកជំងឺកូវីដនៅឡើងយក្តី តែចិនកំពុងបន្តបេសកកម្មរបស់ខ្លួនទាំងក្នុង និងក្រៅប្រទេសដើម្បីប្រយុទ្ធប្រឆាំងនឹងការរីករាលដាលត្បាតនៃវីរុសកូវីដ១៩នេះ។

ជាមួយគ្នានេះដែរកម្ពុជាក៏បានរកឃើញករណីវិជ្ជមានលើកូវីដ១៩ ចំនួន ៩៨ករណីដែរ តែអ្វីដែលគួរឲ្យត្រេកអរគឺកម្ពុជាបានព្យាបាលអ្នកជំងឺចំនួន ១១នាក់ជាសប្បាយហើយគិតត្រឹមថ្ងៃទី ២៧ ខែមីនា ឆ្នាំ២០២០នេះ។ ខណៈដែលអ្នកជំងឺបានជាសះស្បើយទាំងនៅក្នុងប្រទេសកម្ពុជា និងនៅតាមបណ្ដាប្រទេសផ្សេងៗទៀតលើពិភពលោក មិនមែនមានន័យថាអ្នកដែលជាសះស្បើយទាំងអស់មិនអាចកើតជំងឺនេះម្ដងទៀតនោះទេ។

អ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន ក្នុងកិច្ចសម្ភាសន៍ជាមួយសារព័ត៌មានក្នុងស្រុកមួយបានឲ្យដឹងថា តាមតួលេខដែលលោកស្រីទទួលបានពីខាងជំនាញការចិន ជាង ២០ភាគរយ នៃអ្នកជំងឺដែលបានជាសះស្បើយ បានត្រឡប់មកមន្ទីរពេទ្យសារជាថ្មីម្ដងទៀតបន្ទាប់ពីមានការឆ្លងឡើងវិញនូវវីរុសកូវីដ១៩នេះ គ្រាន់តែថាករណីលើកទី ២ នេះមានសភាពស្រាលជាងលើកទី ១ ហើយក្រុមគ្រូពេទ្យអាចធ្វើការព្យាបាលបានទាន់ពេល។

ដូច្នេះ លោកស្រីវេជ្ជបណ្ឌិតបានធ្វើការសំណូមពរដល់អ្នកជំងឺដែលបានជាសះស្បើយទាំង ១១រូប ដែលកម្ពុជាបានព្យាបាលជាសះស្បើយឲ្យមានការប្រុងប្រយ័ត្នគិតគូរពីសុខភាពឱ្យបានខ្លាំងបំផុត ត្រូវអនុវត្តតាមក្បួនអនាម័យជាប្រចាំ រួមទាំងការរក្សាគម្លាតនៃការរស់នៅទាំងក្នុងគ្រួសារនិងក្នុងសហគមន៍ ព្រោះអត្រានៃការឆ្លងឡើងវិញគឺមាន។ 

ជាមួយគ្នានេះដែរក្រសួងសុខាភិបាល ធ្វើការសំណូមពរអំពាវនាវម្ដងហើយម្ដងទៀតឱ្យប្រជាពលរដ្ឋកម្ពុជាគ្រប់រូបចូលរួមក្នុងសកម្មភាពទប់ស្កាត់ការរីករាលដាលនៃវីរុសកូវីដ១៩ ឲ្យបានផុសផុលបំផុត និងផ្ដល់ការរាយការណ៍បន្ទាន់ក្នុងករណីសង្ស័យលើបញ្ហាសុខភាពណាមួយ ដែលស្រដៀងទៅនឹងអាការៈនៃជំងឺកូវីដ១៩ ទៅខាងមន្ត្រីសុខាភិបាលតាមរយៈប្រព័ន្ធទូរស័ព្ទ ១១៥៕

ដោយ៖ យ៉ាយ៉ា

 

X
5s