ខណៈវិបត្តិធ្ងន់ធ្ងរ ប្រទេសអាស៊ានចំនួន៧ បញ្ចេញកញ្ចប់ថវិកាទប់ទល់នឹងការរាតត្បាតជំងឺកូវីដ​



ស្របពេលដែលជំងឺកូវីដ ១៩ កំពុងធ្វើឲ្យសេដ្ឋកិច្ចពិភពលោកជ្រួលច្របល់ បណ្ដាប្រទេសនីមួយៗចាប់ផ្ដើមអនុវត្តយន្តការផ្សេងៗជាសាកលដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺនេះ។ ងាកមកមើលតំបន់អាស៊ានវិញ គេសង្កេតឃើញថា មានប្រទេសចំនួន ៧ ដែលបង្ហាញវិធានការណ៍គួរឲ្យកត់សម្គាល់តាមរយៈការបញ្ចេញថវិការាប់ពាន់លានដុល្លារសម្រាប់ស្រោចស្រង់សេដ្ឋកិច្ចជាតិ និងព្យាបាលអ្នកជំងឺដែលទទួលរងផលប៉ះពាល់ជំងឺនេះ។ ប្រទេសទាំងនោះរួមមាន៖ 

  1. ម៉ាឡេស៊ី
    យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Channelnewsasiaកាលពីថ្ងៃសុក្រម្សិលមិញ រដ្ឋាភិបាលម៉ាឡេស៊ីបានប្រកាសថា ខ្លួននឹងប្រើប្រាស់កញ្ចប់ថវិកាប្រមាណ ៥៨ ពាន់លានដុល្លារដើម្បីជំរុញសេដ្ឋកិច្ចជាតិដែលទទួលរងផលប៉ះពាល់ពីជំងឺកូវីដ ១៩។
  2. ហ្វីលីពីន
    ឆ្លើយតបទៅនឹងការរាតត្បាតនៃជំងឺកូវីដ១៩ ដែលប៉ះពាល់សេដ្ឋកិច្ចជាតិ រដ្ឋាភិបាលហ្វីលីពីនបានដាក់ចេញកញ្ចប់ថវិកាប្រមាណ ៥,៣ ពាន់លានដុល្លារនេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន South China Morning Post  កាលពីថ្ងៃទី ២០ មិនាកន្លងទៅ។
  3. សិង្ហបុរី
    ងាកទៅមើលប្រទេសសិង្ហបុរីវិញ ខ្លួនគ្រោងចំណាយទឹកប្រាក់ប្រមាណ ៣៣,១៧ ពាន់លានដុល្លារសម្រាប់ប្រើប្រាស់គាំទ្រដល់អាជីវកម្មក្នុងប្រទេស និងគ្រួសារនីមួយៗបន្ទាប់ពីមានការព្យាករណ៍ជាផ្លូវការបានបង្ហាញថា  សេដ្ឋកិច្ចរបស់ប្រទេសជឿនលឿននៅអាស៊ីអាគ្នេយ៍មួយនេះបានធ្លាក់ចុះទាបជាងការរំពឹងទុកនៅក្នុងត្រីមាសទីមួយនៃឆ្នាំ ២០២០ នេះដោយសារតែផលប៉ះពាល់នៃជំងឺកូវីដ ១៩។
  4. កម្ពុជា
    សម្រាប់កម្ពុជា បើយោងតាមប្រសាសន៍របស់សម្តេចតេជោនាយករដ្ឋមន្ត្រីកាលពីថ្ងៃទី ១០ ខែមីនាកន្លងទៅបានឲ្យដឹងថា រដ្ឋាភិបាលបានត្រៀមថវិកាប្រមាណ ៨០០ លានដុល្លារដើម្បីស្រោចស្រង់សេដ្ឋកិច្ចជាតិប្រសិនបើវិបត្តិជំងឺនេះបន្តអូសបន្លាយរយៈពេល ៦ ខែ និងត្រូវការថវិកាពីចន្លោះពី ៨០០ លានដុល្លារទៅ ២ ពាន់លានដុល្លារប្រសិនបើជំងឺនេះអូស បន្លាយដល់រយៈពេលមួយឆ្នាំ។
  5. ឥណ្ឌូណេស៊ី
    បើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Jakarta Globeកាលពីថ្ងៃទី ១៣ មិនាកន្លងទៅដែលបានដកស្រង់សម្តីរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុរបស់ឥណ្ឌូណេស៊ីលោកស្រី  Sri Mulyani បានឲ្យដឹងថា រដ្ឋាភិបាលរបស់លោកស្រីបានត្រៀមថវិកាចំនួន  ៧០ លានដុល្លារ។ ថវិកានេះនឹងទុកប្រើប្រាស់សម្រាប់តែទប់ស្កាត់ការផ្ទុះឡើងនៃ Covid-19 និងថែទាំអ្នកជំងឺដែលបានឆ្លងវីរុសនេះតែប៉ុណ្ណោះ។
  6. វៀតណាម
    សម្រាប់ប្រទេសវៀតណាមវិញ រដ្ឋាភិបាលមិនបានបញ្ចេញកញ្ចប់ថវិកាសម្រាប់យកទៅប្រើប្រាស់ទប់ទល់នឹងជំងឺនេះទេ។ ប៉ុន្តែខ្លួនគ្រោងប្រើយន្តការលើកទឹកចិត្តជាច្រើនដល់វិស័យអាជីវកម្មដើម្បីកាត់បន្ថយផលប៉ះពាល់សេដ្ឋកិច្ចតាមរយៈការបន្ធូរបន្ថយពន្ធ និងការពន្យារពេលបង់ពន្ធនានាជាដើមដែលគិតជាទឹកប្រាក់មានតម្លៃ ១,១៦ ពាន់លានដុល្លារ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន aseanbriefing។
  7. ថៃ
    រដ្ឋាភិបាលថៃបានបានអនុម័តវិធានការកាត់បន្ថយផលប៉ះពាល់នៃជំងឺ Covid-19 និងគ្រោះរាំងស្ងួតតាមរយៈការកាត់បន្ថយការចំណាយសាធារណៈចំនួន ១០% ដែលមានចំនួនស្មើនឹង ៦,៣៥ ពាន់លានដុល្លារ។ នេះបើយោងតាមការចេញផ្សាយសារព័ត៌មានរបស់ចិន xinhua កាលពីថ្ងៃទី ១០ មិនាកន្លងទៅ៕

 

 

 

 

 

X
5s