លោកស្រី Wei Guixian៖ កូវីដ១៩អាចឆ្លងតាមរយៈការប្រើប្រាស់បន្ទប់ទឹករួមគ្នា
«មានមនុស្សតិចណាស់ដែលនឹងត្រូវស្លាប់ ប្រសិនបើរដ្ឋាភិបាលចិនចាត់វិធានការទាន់ពេលវេលា» នេះជាសម្តីលោកស្រីម្នាក់ដែលជាអ្នកលក់គ្រឿងសមុទ្រក្នុងទីក្រុងវូហាន នៅក្នុងបទសម្ភាសន៍ជាមួយកាសែត The Wall Street Journal។
លោកស្រី Wei Guixian អាយុ ៥៧ ឆ្នាំជាអ្នកលក់គ្រឿងសមុទ្រនៅផ្សារ Hua'nan ទីក្រុង Wuhan ស្ថិតក្នុងចំណោមអ្នកជំងឺ ២៧ នាក់ដំបូងដែលបានឆ្លងវីរុសកូរ៉ូណា ដែលជាវីរុសបង្កឲ្យមានជំងឺផ្លូវដង្ហើមដែលគេស្គាល់ថាកូវីដ១៩។
លោកស្រីចាប់ផ្តើមបង្ហាញរោគសញ្ញាដំបូងនៅថ្ងៃទី១០ ខែធ្នូ ឆ្នាំមុន ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ Wuhan Union ដើម្បីធ្វើការព្យាបាល។ មិនដល់មួយសប្តាហ៍ផង វេជ្ជបណ្ឌិតរបស់គាត់បានពណ៌នាអំពីជំងឺនេះថាវាជាករណីធ្ងន់ធ្ងរ និងអាចបណ្តាលឲ្យស្លាប់បាន។ នេះបើយោងតាមការចុះផ្សាយរបស់ទស្សនាវដ្តី The New York Post។
បន្ទាប់ពីលោកស្រី Wei បានជាសះស្បើយ និងបានចាកចេញពីពេទ្យកាលពីខែមករានោះ គឺមានអ្នកលក់ផ្សេងៗមកពីផ្សារតែមួយបានចាប់ផ្តើមចូលមន្ទីរពេទ្យភ្លាមៗ។ ដូច្នេះលោកស្រីបានសន្និដ្ឋានយ៉ាងមុតមាំថាការឆ្លងនៃជំងឺនេះគឺដោយសារតែការប្រើប្រាស់បង្គន់រួមគ្នាតែមួយជាមួយមនុស្សដទៃទៀតនៅក្នុងផ្សារ។
ទោះបីជាជំងឺមួយនេះត្រូវបានឆ្លងតាំងពីពាក់កណ្តាលខែធ្នូ និងមានការចុះត្រួតពិនិត្យដោយមន្រ្តីសុខាភិបាលយ៉ាងណាក៏ដោយ ក៏អង្គការសុខភាពពិភពលោក (WHO) ទើបតែបានទទួលព័ត៌មានអំពីវីរុសនេះកាលពីថ្ងៃទី ៣១ធ្នូ។ បន្ទាប់ពីមានការផ្ទុះកាន់តែខ្លាំងឡើងៗ មន្រ្តីចិនបានចុះហាមឃាត់ទីផ្សារសើម (កខ្វក់) ដែលជាកន្លែងលក់សត្វរស់ និងងាប់ជាញឹកញាប់ស្ថិតក្រោមអនាម័យមិនល្អ រហូតដល់មានការចេញច្បាប់បិទទ្វារដែលមិនធ្លាប់មានពីមុនមកលើខេត្តមួយចំនួនក្នុងប្រទេសធ្វើឲ្យមានការប៉ះពាល់ដល់ប្រជាជនរាប់សិបពាន់នាក់។
គិតត្រឹមថ្ងៃទី ២៧ ខែមីនា មេរោគឆ្លងវីរុសនេះបានឆ្លងដល់មនុស្សជាង ៥៩៧ ០០០ នាក់នៅទូទាំងពិភពលោកហើយចំនួនអ្នកស្លាប់ទូទាំងពិភពលោកបានកើនឡើងដល់ ២៧ ០០០ នាក់។ ចំណែកឯនៅប្រទេសចិនមានមនុស្សជិត ៨២ ០០០ នាក់បានឆ្លង និង ៣ ៣០០ នាក់បានស្លាប់។
អត្ថបទពាក់ព័ន្ធ៖
រថភ្លើងល្បើនលឿននៅបារាំង បានក្លាយជាឡានពេទ្យសម្រាប់ដឹកអ្នកជំងឺកូវីដ ទូទាំងប្រទេស
អាមេរិកផលិតបានឧបករណ៍ធ្វើតេស្ត Covid19 រកឃើញលទ្ធផលត្រឹមតែជាង ៥នាទី
ដោយ៖ Anthony
អត្ថបទ៖ Business Insider