ក្រសួងអំពាវនាមិនឱ្យប្រើប្រាស់ឧបករណ៍ធ្វើតេស្តរកកូវីដ១៩ រហ័សដោយខ្លួនឯង
ការធ្វើតេស្តរកកូវីដ១៩ ដោយខ្លួនឯងមិនមែនជាជម្រើសដ៏ត្រឹមត្រូវនោះទេ ខណៈក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ក្នុងសេចក្ដីប្រកាសព័ត៌មានព្រឹកនេះ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ កុំឱ្យប្រើប្រាស់ឧបករណ៍ធ្វើតេស្តរហ័សរកវីរុសកូវីដ១៩។
ការអំពាវនាវបែបនេះធ្វើឡើងបន្ទាប់ពីមានសកម្មភាពផ្សព្វផ្សាយលក់ឧបករណ៍ធ្វើតេស្តរកកូវីដ១៩រហ័ស រហូតដល់មានការបង្ហោះប្រើនិងធ្វើតេស្តសាកល្បងដោយបុគ្គលសាធារណៈ (តារា) ទៀតផង។ បើតាមការអះអាងរបស់ក្រសួង ឧបករណ៍ទាំងអស់នោះ មិនទាន់មានការទទួលស្គាល់ពីអង្គការសុខភាពពិភពលោក នូវភាព ត្រឹមត្រូវ ប្រសិទ្ធភាពនៃការធ្វើតេស្តនៅឡើយទេ ជាពិសេសប្រសិទ្ធភាពនៃការធ្វើតេស្តរហ័សគឺទទួលបានទាបណាស់ ហើយក៏មានការចេញលទ្ធផលមកមិនច្បាស់លាស់ច្រើនណាស់ដែរ។
តាមរយៈសេចក្ដីប្រកាសព័ត៌មានដដែល បានឱ្យដឹងផងដែរថា ឧបករណ៍ធ្វើតេស្តរហ័សរកកូវីដ១៩ មិនទាន់មានការទទួលស្គាល់ពីក្រសួងសុខាភិបាលនៅឡើយទេ ហើយជនណាដែលយកឧបករណ៍ទាំងនោះមកផ្សព្វផ្សាយ ដើម្បីលក់ដូរជាសាធារណៈ ដោយមិនមានការអនុញ្ញាតពីក្រសួងសុខាភិបាល ត្រូវផ្ដន្ទាទោសតាមផ្លូវច្បាស់ជាធរមាន។
រហូតមកដល់ពេលនេះ សម្រាប់កម្ពុជា មានតែវិទ្យាស្ថានជាតិស្រាវជ្រាវសុខភាពសាធារណៈ និងវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា តែប៉ុណ្ណោះដែលអនុវត្តន៍នូវគោលការណ៍ស្របតាមស្ដង់ដាររបស់អង្គការសុខភាពពិភពលោក ដែលមានការចេញលទ្ធផលទទួលស្គាល់ត្រឹមត្រូវ។
សូមអាន៖ តើម្ចាស់អាជីវកម្មមានឱកាសអ្វីខ្លះ ក្នុងគ្រាជំងឺ Covid19 កំពុងវាយលុកនេះ?
គូសបញ្ជាក់ថា បើគិតមកដល់ព្រឹកម៉ោង ៩ថ្ងៃទី២៩ ខែមីនានេះ កម្ពុជាមានអ្នកឆ្លងថ្មី តែ ១ករណីប៉ុណ្ណោះ សរុបកើនដល់ ១០៣ករណី ស្ត្រី ២៨នាក់ និងបុរស ៧៥នាក់៕
ដោយ៖ រតនៈវិភូ