នាយករដ្ឋមន្ត្រីជប៉ុន Abe៖ ជប៉ុនមានគោលបំណងអនុញ្ញាតឱ្យប្រើ Avigan ព្យាបាលកូវីដ
ប្រសិទ្ធភាពរបស់ឱសថ Avigan ក្នុងការព្យាបាលវីរុសកូរ៉ូណាថ្មី Covid19 ត្រូវបានអះអាងពីសំណាក់មន្ត្រីជំនាញសុខាភិបាលចិន និងអ្នកជំនាញនៅបណ្ដាប្រទេសមួយចំនួន ខណៈពេលនេះ នាយករដ្ឋមន្ត្រីជប៉ុនលោក Abe អះអាងថា ជប៉ុនមានគោលបំណងអនុញ្ញាតឱ្យប្រើ Avigan ព្យាបាលកូវីដេ១៩។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Nikkei Asian Review។
ការប្រកាសពាក់ព័ន្ធនឹងឱសថនេះដែរ គឺធ្វើឡើងក្នុងពេលដែលលោកបានថ្លែងទៅកាន់ក្រុមអ្នកយកព័ត៌មានអំពីចំណាត់ការទ្រង់ទ្រាយធំ និងមានអំណាច (huge, powerful) ក្នុងនោះក៏មានវិធានការលើកទឹកចិត្តផ្នែកហិរញ្ញវត្ថុ ផ្នែកសារពើពន្ធ និងការលើកលែងពន្ធដល់ក្រុមហ៊ុន បើទោះជាលោកមិនទាន់មានការបញ្ជាក់ឱ្យបានច្បាស់យ៉ាងណាក្ដី។ លោកក៏មានផែនការនឹងប្រកាសប្រទេសដាក់ក្នុងស្ថានភាពអាសន្នផងដែរ ប្រសិនបើស្ថានភាពកាន់តែធ្ងន់ធ្ងរបន្ថែមទៀត។
អ្នកសិក្សាស្រាវជ្រាវចិនបានសម្រេចជាផ្លូវការក្នុងការប្រើថ្នាំប្រឆាំងនឹងជំងឺផ្តាសាយ (Avigan) ដែលផលិតដោយក្រុមហ៊ុនមួយរបស់ជប៉ុន Fujifilm Toyama Chemical ក្នុងការព្យាបាលអ្នកឆ្លងវីរុសកូវីដ១៩ តាំងពីដំណាក់កាលនៃការផ្ទុះឡើងទ្រង់ទ្រាយធំមកម្ល៉េះ។
ដោយឡែក មុននឹងឈានដល់ការសម្រេចបែបនេះ គេបានសាកល្បងនៅទីក្រុង Wuhan និង Shenzhen ជាមួយអ្នកជំងឺ ៣៤០ នាក់ដោយបានគេរកឃើញថា៖
- អាចកាត់បន្ថយកម្តៅពីមុនជាមធ្យមរយៈពេលពី ៤,២ ថ្ងៃ មកត្រឹម ២,៥ ថ្ងៃ
- អាចបំបាត់ក្អកបានជាមធ្យម ៤,៥៧ ថ្ងៃ បើធៀបនឹងអ្នកមិនបានប្រើថ្នាំគឺ ៥,៩៨ ថ្ងៃ
- កាត់បន្ថយរយៈជំងឺជាមធ្យម ៤ថ្ងៃ បើធៀបនឹងរយៈពេលមុនជាមធ្យមរហូតដល់ ១១ ថ្ងៃឯណោះ
- ការពិសោធន៍បង្ហាញដោយកាំរស្មី X ថាចំពោះអ្នកដែលបានប្រើថ្នាំនេះមានស្ថានភាពសួត មានលក្ខណៈប្រសើរជាងរហូតដល់ ៩១% ធៀបនឹងអ្នកមិនបានប្រើប្រាស់ថ្នាំនេះដែលមានមាន ៦២%
សូមអានលម្អិត៖ អ្នកវិទ្យាសាស្រ្តចិនសម្រេចប្រើថ្នាំផ្តាសាយ Avigan របស់ជប៉ុន ព្យាបាលវីរុសកូវីដ១៩
ដោយ៖ រតនៈវិភូ