ថ្ងៃ៣០ មីនា៖កម្ពុជារកឃើញ ៤ករណីទៀត មានខ្មែរ ៣នាក់ មានម្នាក់អាយុ ២០ឆ្នាំនៅអូរឬស្សី ទើបមកពីអង់គ្លេស
យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលកម្ពុជាដែលទើបធ្វើបច្ចុប្បន្នភាព នៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ មុននេះបន្តិច បានឱ្យដឹងថា ក្រសួងបានរកឃើញករណីថ្មីចំនួន ០៤ទៀត ដោយក្នុងនោះមានជនជាតិបរទេស០១នាក់ និងជនជាតិខ្មែរ០៣នាក់ ក្នុងនោះមានម្នាក់ជាស្ត្រីវ័យ ២០ឆ្នាំជានិស្សិតទើបធ្វើដំណើរមកពីប្រទេសអង់គ្លេស។ សរុបមកដល់ពេលនេះ ប្រទេសកម្ពុជាកើនអ្នកផ្ទុកមេរោគកូវីដដល់ទៅ ១០៧ករណីទូទាំងប្រទេស។
ស្ត្រីជនជាតិខ្មែរអាយុ ២០ឆ្នាំ នៅសង្កាត់អូរឬស្សី១ ខណ្ឌ៧មករា រាជធានីភ្នំពេញ មានវិជ្ជមានវីរុសកូវីដ ១៩ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀត។ ស្រ្តីរូបនោះ ជានិស្សិតខ្មែរ ដែលបានវិលត្រលប់មកពីប្រទេសអង់គ្លេស មកដល់កម្ពុជានៅថ្ងៃ២៨ ខែមីនា ឆ្នាំ ២០២0។ ដោយឡែក ចំពោះជនជាតិខ្មែរម្នាក់ទៀត អាយុ ៣០ឆ្នាំនៅសង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ធ្វើការនៅកាស៊ីណូនិងការ៉ាអូខេ ច្រកប៉ោយប៉ែត មួយកន្លែង។ ម្នាក់ទៀតអាយុ ៣៦ នៅឃុំតាអុង ស្រុកចំការលើ ខេត្តកំពង់ចាម ដែលទើបធ្វើដំណើរមកពីប្រទេសជប៉ុនដល់កម្ពុជានៅថ្ងៃទី២៨ ខែមីនា បច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀត។ ចំណែក ជនជាតិបារាំងវិញ អាយុ ៦១ឆ្នាំទើបធ្វើដំណើរមកពីប្រទេសហ្គុយយ៉ាណា (អាហ្វ្រិក) កាលពីថ្ងៃទី២២ ខែមីនា កន្លងទៅ បច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀត។
បើគិតមកដល់ពេលនេះ កម្ពុជាមានករណីវិជ្ជមានសរុប ១០៧ករណី ព្យាបាលជាសះស្បើយ ២៣នាក់ (ទើបជាសះស្បើយ ២ ករណីទៀត នៅបន្ទាយមានជ័យ ១ និងសៀមរាប ១)។ គិតមកដល់ពេលនេះ ក្រសួងអះអាងថា កម្ពុជាមិនទាន់មានករណីស្លាប់ និងករណីឆ្លងជាសហគមន៍នោះទេ៕