កម្ពុជាប្រកាសបិទកាស៊ីណូពីថ្ងៃទី១ មេសា និងបិទការនាំចេញអង្ករសនិងស្រូវពីថ្ងៃទី៥ មេសា
នៅថ្ងៃទី ៣០ ខែមីនានេះ រាជរដ្ឋាភិបាលកម្ពុជាបានប្រកាសបិទសកម្មភាពអាជីវកម្មកាស៊ីណូទាំងអស់ជាបណ្ដោះអាសន្នចាប់ពីម៉ោង ២៤នៃថ្ងៃទី១ ខែមេសា នេះតទៅរហូតដល់ថ្ងៃជូនដំណឹងជាថ្មី។ ជាមួយគ្នានេះដែរ ដើម្បីធានានូវសន្តិសុខស្បៀង ប្រមុខរាជរដ្ឋាភិបាលកម្ពុជាក៏ប្រកាសបិទការនាំចេញអង្ករស និងស្រូវ ជាបណ្ដោះអាសន្នចាប់ពីថ្ងៃទី៥ ខែមេសា តទៅ។
ចំណាត់ការទាំងពីរ នេះ ត្រូវបានធ្វើឡើង ក្នុងបេសកកម្មដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុសកូរ៉ូណាថ្មី ខណៈពេលនេះ កម្ពុជាមានអ្នកឆ្លងសរុបប្រមាណ ១០៧ករណី ហើយក្នុងនោះក៏មានករណីរកឃើញវិជ្ជមានពីនារីបម្រើការងារនៅកាស៊ីណូនៅតំបន់ប៉ោយប៉ែតនាពេលថ្មីៗនេះផងដែរ។
ដោយឡែកចំពោះការនាំចេញអង្ករ រដ្ឋាភិបាលមិនបានបិទទាំងអស់នោះទេ ពោលគឺនៅអនុញ្ញាតឱ្យនាំចេញអង្ករក្រអូប។ គោលបំណងសំខាន់នៃការប្រកាសបិទជាបណ្ដោះអាសន្ននាពេលនេះ គឺដើម្បីរក្សាទុកសម្រាប់ផ្គត់ផ្គង់ក្នុងស្រុកក្នុងស្ថានភាពនៃការរីករាលដាលវីរុសកូវីដ១៩នេះ។
គូសបញ្ជាក់ថា បណ្ដាប្រទេសនាំចេញអង្ករនៅតំបន់អាស៊ាន មានកម្ពុជា និងវៀតណាម ដែលបានប្រកាសបិទ ការនាំចេញអង្ករផ្នែកខ្លះ និងទាំងស្រុកជាបណ្ដោះអាសន្ន សម្រាប់ទុកផ្គត់ផ្គង់តម្រូវការក្នុងស្រុក៕