រក្សាក្បួនអនាម័យតាមវិធីទាំង ១០ នេះ COVID ច្បាស់ជាមិនអាចចូលក្នុងផ្ទះអ្នកបានឡើយ
ជីវិតដែលស្ថិតក្រោមការរាតត្បាតនៃវីរុសកូរ៉ូណា (កូវីដ១៩) មានន័យថាការស្នាក់នៅផ្ទះគឺជារឿងដ៏ល្អបំផុតតាមដែលយើងអាចធ្វើទៅបាន ប៉ុន្តែមិនមែនមួយថ្ងៃៗអ្នកត្រូវនៅក្នុងផ្ទះរបស់អ្នកជារៀងរហូតនោះទេ វាត្រូវការពេលខ្លះចេញទៅខាងក្រៅដើម្បីទិញទំនិញផ្សេងៗដែលចាំបាច់សម្រាប់អ្នក តែការចេញទៅខាងក្រៅរបស់អ្នកត្រូវច្បាស់ថា អ្នកមិនបាននាំវីរុសចូលមកផ្ទះនោះទេ។
បើអ្នកមានការធ្វេសប្រហែសនៅពេលចេញក្រៅអាចនឹងមានហានិភ័យខ្ពស់ក្នុងការឆ្លងវីរុស និងអាចចម្លងទៅកាន់សមាជិកគ្រួសារដោយប្រយោលទៀតផង តែបើនៅក្នុងផ្ទះរហូតអាចនឹងត្រូវដាច់ពោះស្លាប់ផងក៏មិនដឹង។ បើតាម WHO បាននិយាយថាមេរោគ ឬវីរុសកូវីដ ១៩ មិនត្រឹមតែខ្លួនឯងអ្នកទេដែលអាចជាភ្នាក់ងារចម្លងវីរុសចូលផ្ទះ ឬទៅកាន់សមាជិកគ្រួសារអ្នក ជាក់ស្តែងវារាប់បញ្ជូលទាំងទំនិញដែលត្រូវបានដឹកជញ្ជូនចូលផ្ទះ ឬអ្វីដែលមកទុំជាប់លើខ្លួនសត្វចិញ្ចឹមរបស់អ្នកជាដើមក៏ថាបាន។ តើត្រូវធ្វើដូចម្តេចទើបប្រាកដថាផ្ទះរបស់អ្នកស្អាត មិនក្លាយជាកន្លែងចម្លងរោគដល់សមាជិកគ្រួសារ?
ខាងក្រោមនេះជាឧទាហរណ៍ និងជាវីធីការពារមួយចំនួនដែលត្រូវបានដកស្រង់ចេញពី CNN Health៖
១) បង្កើតផែនការ
- កំណត់ឲ្យបានជាក់លាក់ថា នរណាដែលត្រូវចេញទៅក្រៅដើម្បីទិញទំនិញ ឬដើម្បីនាំឲ្យអ្វីពីខាងក្រៅមកក្នុងផ្ទះ
- រៀបចំកន្លែងណាមូយនៅខាងក្រៅផ្ទះរបស់អ្នក ដែលកន្លែងនោះគឺសម្រាប់សម្លាប់មេរោគចំពោះខ្លួនអ្នក ទំនិញ ឬអាហារ
២) ពេលអ្នកចេញទៅក្រៅ
- រក្សាចម្ងាយ និងគម្លាតពីអ្នកឯទៀតចន្លោះពី ១,៥ ម៉ែត្រ ទៅ ២ម៉ែត្រ
- ជូតសម្ភារៈណាដែលគិតថាមនុស្សជាច្រើនបានប៉ះ ឬចាប់កាន់វា (ដៃទ្វារ កន្ត្រក រទេះរុញ...)
- អ្នកអាចពាក់ ឬមិនពាក់ស្រោមដៃ ឬម៉ាស់ទេក៏បាន ដោយគ្រាន់តែលាងដៃរបស់អ្នកឲ្យបានញឹកញាប់នៅពេលដែលអ្នកចេញក្រៅ និងចៀសវាងប៉ះផ្ទៃមុខរបស់អ្នក (បើអាចការពារដោយពាក់ម៉ាស់កាន់តែប្រសើរ)
៣) នៅពេលអ្នកត្រឡប់មកវិញ
- ចំណាយពេល ២០វិនាទីឬច្រើនជាងនេះ ដើម្បីសម្អាតដៃរបស់អ្នកជាមួយសាប៊ូ និងទឹក
- ទាំងទំនិញដែលអ្នកនាំចូលមកក្នុងផ្ទះ ទាំងខ្លួនអ្នកត្រូវទៅកន្លែងសម្លាប់មេរោគដែលអ្នករៀបចំទុក និងត្រួតពិនិត្យឲ្យបានម៉ត់ចត់មុនពេលចូលទៅក្នុងផ្ទះដើម្បីប្រាកដថាអ្នកបានសម្លាប់មេរោគរួចរាល់
៤) សម្លាប់មេរោគ
- ព្យាយាមប្រើថ្នាំសម្លាប់មេរោគ ឬទឹកអាល់កុលដែលណែនាំដោយ EPA ទៅវត្ថុ និងអ្វីគ្រប់យ៉ាងដែលឧស្សាហ៍ប៉ះពាល់ ដូចជាបង្គន់ ដៃទា្វរ ក្តារចុច(Keyboard) ទូរស័ព្ទ ។ល។
៥) បើអ្នកទិញទំនិញតាមអនឡាញ ហើយមានអ្នកដឹកជញ្ជូនឲ្យដល់ផ្ទះ
- ត្រូវរក្សាចម្ងាយយ៉ាងតិច ២ ម៉ែត្រនៅពេលដែលអ្នកត្រូវទទួលទំនិញពីអ្នកដឹកជញ្ជូន
- ប្តូរពីការប្រើក្រដាស់ប្រាក់ ទៅជាការបង់ប្រាក់តាមអ៊ីនធឺណេត
- បន្ទាប់ពីយកសំបុត្រពីក្នុងប្រអប់សំបុត្រហើយ សូមលាងដៃរឲ្យបានស្អាត
៦) ការបោកគក់សំលៀកបំពាក់
- បោកគក់សម្លៀកបំពាក់របស់អ្នកឲ្យបានទៀងទាត់ និងហាសនៅកន្លែងដែលមានកម្តៅថ្ងៃខ្លាំង
- សម្លាប់មេរោគនៅកន្លែងដែលអ្នកបោកគក់សម្លៀកបំពាក់ ចៀសវាងមានការឆ្លងរោគណាមួយ
៧) ភ្ញៀវ
- អ្នកមិនគួរអនុញ្ញាតឲ្យភ្ញៀវចូលផ្ទះទេ (ទោះបីមិនសមរម្យ តែជាពេលការពារខ្លួន)
- បើស្ថិតក្នុងករណីចាំបាច់ គួររៀបចំកន្លែងសម្រាប់ពួកគេឲ្យបានត្រឹមត្រូវ ហើយក៏ត្រូវប្រាកដថានឹងមិនបង្ងកការចម្លងណាមួយឡើយ
- នៅតែរក្សាចម្ងាយ ២ម៉ែត្រពីពួកគេ
៨) ប្រសិនបើមាននរណាម្នាក់នៅក្នុងផ្ទះរបស់អ្នកឈឺ
- ដំបូងអ្នកត្រូវពិគ្រោះជាមួយគ្រូពេទ្យ
- ញែកពួកគេនៅក្នុងបន្ទប់ផ្សេងទៀត ហើយសុំឲ្យពួកគេប្រើបន្ទប់ទឹកដាច់ដោយឡែក
- សម្លាប់មេរោគលើកន្លែងដែលប៉ះជារៀងរាល់ថ្ងៃ
- ជៀសវាងការចែករំលែក ឬប្រើប្រាស់របស់របរជាមួយពួកគេ
- ពាក់ស្រោមដៃពេលបោកគក់សម្លៀកបំពាក់ពួកគេ
- បន្តលាងដៃឲ្យបានញឹកញាប់
- សុំឲ្យពួកគេពាក់ម៉ាស ប្រសិនបើពួកគេមាន
៩) ការផ្គត់ផ្គង់ដែលអ្នកត្រូវការ
- ថ្នាំសម្លាប់មេរោគដែលត្រូវបានអនុញ្ញាតដោយ EPA
- បើគ្មានថ្នាំសម្លាប់មេរោគ អ្នកអាចប្រើអាល់កុល ៧០% លាយបន្ថែមជាមួយទឹក ១០%
- ម្សៅសាប៊ូបោកខោអាវ
- ថង់សំរាម
- ថ្នាំ (ឪសថ)
- អាហារកំប៉ុង - ផ្លែឈើ សាច់ សណ្តែក
- ទំនិញស្ងួត - នំប៉័ង ត្រីងៀត
- អាហារក្លាសេ - សាច់ បន្លែ ផ្លែឈើ
១០) សត្វចិញ្ចឹម
- ឃ្លាំមើលសត្វចិញ្ចឹមរបស់អ្នក និងមិនត្រូវអនុញ្ញាតឲ្យវាចេញពីបរិវេណផ្ទះ
- វាមិនអីទេក្នុងការលេងជាមួយវា គ្រាន់តែត្រូវលាងដៃផងបន្ទាប់ពីលេងជាមួយវារួច
អត្ថបទពាក់ព័ន្ធ៖
- ក្សត្រ វីជីរ៉ាឡុងកន ជួលសណ្ឋាគារផ្កាយ៤ ជាមួយស្រីស្នំ២០នាក់ នៅអាឡឺម៉ង់ ខណៈប្រទេសកំពុងវឹកវរកូវីដ១៩
- WHO៖ គោលដៅនៃកូវីដ ១៩ គឺចង់លុកលុយគ្រប់ទីន្លែង នៅលើផែនដីនេះ
ដោយ៖ Anthony