បុរស​វៀតណាម​​បី​នាក់​ចេញ​ពី​កម្ពុជា ​រត់​គេច​ពី​មណ្ឌល​ចត្តាឡឺស័ក​​​​ត្រូវ​អាជ្ញាធរវៀតណាម​​តាមចាប់​



ថ្មីៗ​នេះ​ មាន​ករណី​រត់​គេច​​ចេញ​ពី​មណ្ឌល​ ឬ​កន្លែង​ធ្វើ​ចត្តាឡីស័ក​​​ ច្រើន​​​ករណី ​នៅ​ប្រទេស​វៀតណាម​ ក្នុង​នោះ​ក៏​មាន​ករណី​​​ពាក់ព័ន្ធ​​ជា​មួយ​នឹង​បុរស​វៀតណាម​​ បី​នាក់​ ​ដែល​ត្រូវ​បាន​សារព័ត៌មាន​វៀតណាម​ចុះ​ផ្សាយ​ថា​ ម្នាក់​មក​ធ្វើ​ការ​នៅ​កម្ពុជា និង​​ពីរនាក់ទៀត​ធ្វើ​ដំណើរ​ចេញ​ពី​កម្ពុជា​ចូល​ទៅ​វៀតណាម​​ (មិនបញ្ជាក់ថាមកធ្វើការឬយ៉ាងណា) ​ក្នុង​នោះ​ក៏​មាន​បុរស​ម្នាក់កំពុង​រត់គេច ខណៈពីរនាក់ត្រូវ​បានចាប់ខ្លួនបានមកវិញ។ 

​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​ VN Express ​ដែល​បាន​រាយការណ៍​កាល​ពី​ថ្ងៃទី​៣០ ខែ​មីនា​ បាន​ឱ្យ​ដឹង​ថា​ ​ប៉ូលិស​នៅ​ភាគ​ខាង​ត្បូង​ប្រទេស​វៀតណាម​បាន​ចាប់​ខ្លួន​បុរស​ពីរ​នាក់បានមកវិញបន្ទាប់​​ពីបាន​រត់​គេច​ពី​មណ្ឌល​ធ្វើ​ចត្តាឡីស័ក​នៅ​ខេត្ត​ Kien Giang  និង​ខេត្ត​ តៃនិញ​កាល​ពី​ចុង​សប្ដាហ៍​កន្លង​ទៅ។ 

បុរស​ឈ្មោះ​ Bui Ngoc Thuan អាយុ​ ២៧​ឆ្នាំ​មក​ពី​ខេត្ត​ Kien Giang ក្រុង​ Ha Tien ជា​បុគ្គលិក​បម្រើ​ការងារ​នៅ​កម្ពុជា (ប្រភព​មិន​បាន​បញ្ជាក់​ឈ្មោះ​ក្រុមហ៊ុន​ ឬ​អង្គភាព និង​ប្រភេទ​ការងារ​នោះឡើយ) ដែល​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មណ្ឌល​ធ្វើ​ចត្តាឡីស័ក ​បន្ទាប់​ពី​បុរស​រូប​នេះចេញពីកម្ពុជា​ចូល​ទៅ​វៀតណាម​តាម​ច្រក​អន្តរជាតិ​​ Ha Tien កាល​ពី​សុក្រ​ សប្ដាហ៍​មុន។ 

នៅ​​យប់​ថ្ងៃ​សុក្រ​ដដែល​នោះ  រូប​គេ​បានលួច​រត់​ពី​មណ្ឌល​ដើម្បី​ទៅ​ជួប​គ្រួសារ និង​​ប្រពន្ធ​របស់​ខ្លួន​ ដោយ​ជិះ​តាក់ស៊ី​ និង​ម៉ូតូ​ឌុប។ ​ព្រឹក​ឡើង​ អាជ្ញាធរ​ក៏​បាន​ចុះ​ទៅ​ស្រាវជ្រាវ​​ដល់​ផ្ទះ​ និង​ស្នើ​សុំ​ឱ្យ​មាន​កិច្ចសហការ​តែ​បុរស​រូប​នោះ​បាន​គុប​​​សមត្ថកិច្ច​ ហើយ​ក្រោយ​មក​ក៏​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​តែម្ដង។ 

បច្ចុប្បន្ន​ ទាំង​ភរិយា​ និង​ម្ដាយ​របស់​បុរស​រូប​នេះ​ ត្រូវ​បាន​បញ្ជូន​​ទៅ​មណ្ឌល​ចត្តាឡីស័ក។ Thuan បាន​ទទួល​ស្គាល់​នូវ​កំហុស​ខ្លួន​ពី​ដំបូង​ប៉ុន្តែ​នៅ​តែ​តវ៉ា​ទៀត​កាល​ពី​រសៀល​ថ្ងៃ​អាទិត្យ ចុង​សប្ដាហ៍​កន្លង​ទៅ។ ​ទោះ​ជា​យ៉ាង​នេះ​ក្ដី រូប​គេ​ត្រូវ​បាន​សមត្ថកិច្ច​ និង​មន្ត្រី​សុខាភិបាល​តាមដាន​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ ខណៈ​សុខភាព​របស់​គេ​ និង​សាច់ញាតិ​​​ ​មានសភាព​ល្អ​ធម្មតា។ ​សមត្ថកិច្ច​បាន ​និង​កំពុង​ស្វែងរក​អ្នក​រត់​តាក់ស៊ី​ អ្នក​បើក​ម៉ូតូ​ឌុប​ និង​អ្នក​ដែល​ពាក់ព័ន្ធ​ដោយ​ផ្ទាល់​មក​ធ្វើ​ចត្តាឡីស័ក​ដោយ​ឯកឯង​នៅ​មណ្ឌល។ 

សូមអាន៖ សារព័ត៌មានវៀតណាម VN Express៖ ជនជាតិវៀតណាម ២រូបធ្វើតេស្តវិជ្ជមានកូវីដ១៩ បន្ទាប់ពីចាកចេញពីកម្ពុជា​

​មួយ​ករណី​​ផ្សេង​ទៀត​ គឺ​នៅ​ខេត្ត​តៃនិញ។ ​លោក​ Nguyen Van Cuong ​​នាយក​រក ​នាយកដ្ឋាន​សុខាភិបាល​ខេត្ត​តៃនិញ​ ​បាន​ថ្លែង​ថា​ ​​មន្ត្រី​សុខាភិបាល​បាន​ជូន​ដំណឹង​ដល់​អាជ្ញាធរ​មូលដ្ឋាន​​ដើម្បី​ស្វែង​រក​បុរស​ម្នាក់​អាយុ​ ២៩​ឆ្នាំ​ឈ្មោះ​ Le Van Vu មកពី​ខេត្ត​ Trang។ ​បុរស​ម្នាក់​នេះ​បាន​រត់​គេច​ពី​​កន្លែង​ចត្តាឡីស័ក​នៅ​​ស្រុក​ Ben Cau កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ​ សប្ដាហ៍​មុន។ តាម​​សារព័ត៌មានវៀណាម ដដែល​បាន​អះអាង​ថា​ រូប​គេ​បាន​ចាក​ចេញ​ពី​កម្ពុជា​ធ្វើ​ដំណើរ​ចូលទៅ​វៀតណាម​តាម​ច្រក​​ទ្វារ​អន្តរជាតិ​បាវិត​កាល​ពី​ថ្ងៃទី​១៩ ខែមីនា។ ​បុរស​រូប​នេះ​ត្រូវ​បាន​មន្ត្រី​សុខាភិបាល​ធ្វើ​ការ​ពិនិត្យ​​ និង​បាន​បញ្ជូល​ទៅ​កាន់​​មណ្ឌល​ចត្តាឡីស័ក​នៅ​ស្រុក​ Ben Cau ​ដើម្បីយក​សំណាក​ធ្វើ​តេស្តបន្ត។ មិន​ទាន់​ទាំង​បាន​ធ្វើ​តេស្ត​​សំណាក​ផង ​រូប​គេ​ក៏​រត់​គេច​ខ្លួន​បាត់។ ​រហូត​មក​ដល់​រសៀល​ថ្ងៃ​ទី​អាទិត្យ ទើប​​សមត្ថកិច្ច​​រក​ឃើញ​ ​នៅ​ស្រុក​ Tan Phu ក្រុង​ ​ព្រៃនគរ ​ហើយ​ក៏​បាន​បញ្ជូន​រូបគេ​មក​មណ្ឌល​ចត្តាឡីស័ក​វិញ។ ​មិន​ទាន់​មាន​ការ​បញ្ជាក់​យ៉ាង​ណា​ អំពី​លទ្ធផល​នៃ​ការ​ធ្វើ​សំណាក​​បុរស​រូប​នេះនោះ​ទេ។ 

​ដោយ​ឡែក​ករណី​មួយ​ទៀត​ដែរ​ គឺ​នៅ​ខេត្ត​តៃនិញ​ ដូច​គ្នា​ បុរស​ម្នាក់​ទៀត​អាយុ​ ២៨​ឆ្នាំ​ឈ្មោះ​ Nguyen Thanh Nam ​មក​ពី​ក្រុង​ហាណូយ​ក៏​បាន​រត់​គេច​ពី​ការ​ធ្វើ​តេស្ត​នៅ​មណ្ឌល​ចត្តាឡីស័ក​ដែរ​កាល​ពី​រសៀល​ថ្ងៃ​អាទិត្យ សប្ដាហ៍​មុន។ ​បើតាមសារព័ត៌មានវៀតណាម Vietnam News និង VN Express អះអាងថា​ បុរស​ម្នាក់​នេះ​ ក៏​ធ្វើ​ដំណើរ​ចេញ​ពី​កម្ពុជា​ចូល​ទៅ​វៀតណាម​តាម​ច្រក​អន្តរជាតិ​បាវិត​ដែរ​ កាល​ពី​ថ្ងៃ​ទី​២០ ខែ​មីនា។ មិនទាន់មានការ​បញ្ជាក់​លម្អិត​យ៉ាងណា​ជុំវិញ​ករណី​ចុង​ក្រោយ​នេះ ប៉ុន្តែ​បើ​តាម​សេចក្ដីរាយការណ៍របស់​សារព័ត៌មាន​​ KhmerTimes នាថ្ងៃទី២ ខែមេសា​ នេះ​បានឱ្យដឹង​ថា​ សមត្ថកិច្ន​នៅ​មិន​ទាន់​រកឃើញ​បុរស​រូបនេះនៅឡើយទេ៕

ដោយ៖ រតនៈវិភូ
ប្រភព៖ VN Express,  Vietnamnews.vn 

X
5s