ដំណឹងរីករាយ! គ្មានអ្នកឆ្លងកូវីដទេថ្ងៃនេះ តែអ្នកជាសះស្បើយកើន ១៥ នាក់ថែម សរុបទាំងអស់ ៤៩នាក់
ពិតជាដំណឹងដ៏ល្អបំផុតដែលចំនួនអ្នកជាសះស្បើយនីកូវីដូ ១៩ នៅថ្ងៃនេះកើនឡើងរហូតដល់ទៅ ១៥ នាក់ នេះបើយោងតាមសេចក្តីរាយការណ៍ផ្លូវការរបស់ក្រសួងសុខាភិបាលនាព្រឹកថ្ងៃទី ០៤ ខែមេសា ឆ្នាំ ២០២០។
អ្នកជាសះស្បើយទាំង ១៥ រូបមាន៖
- បុរសអាយុ ៦៤ ឆ្នាំ និងបុរសអាយុ ៦០ ឆ្នាំជាជនជាតិម៉ាឡេស៊ី នៅខេត្តកំពត
- ស្ត្រីអាយុ ៣៥ ឆ្នាំជាជនជាតិខ្មែរនៅខេត្តបាត់ដំបង ដែលជាភរិយាបុរសអាយុ ៤៦ ឆ្នាំធ្វើដំណើរមកពីប្រទេសម៉ាឡេស៊ីដែលបុរសរូបនោះកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តបាត់ដំបងឡើយ
- បុរសអាយុ ៦០ ឆ្នាំជនជាតិខ្មែរនៅភូមិបារ៉ែនខេត្តកណ្ដាល
- បុរសជនជាតិខ្មែរអាយុ ៣៩ ឆ្នាំជាមន្ត្រីជាន់ខ្ពស់នៃក្រសួងមួយ
- បុរសចំនួន ៤ នាក់និងស្ត្រីចំនួន ៤ នាក់ជាជនជាតិបារាំង អ្នកទាំង ៨ ជាក្រុមអ្នកទេសចរបារាំងចំនួន ៣៦ នាក់នៅខេត្តព្រះសីហនុ។ និងបុរសជនជាតិបារាំងអាយុ ៦៤ ឆ្នាំជាក្រុមអ្នកទេសចរផ្សេងទៀតក៏បានជាសះស្បើយដែរ។
- បុរសជនជាតិខ្មែរអាយុ ៣៩ ឆ្នាំជាអ្នកប៉ះពាល់ផ្ទាល់ជាមួយក្រុមទេសចរបារាំងនៅខេត្តព្រះសីហនុ។
គួរបញ្ជាក់ផងដែរថា គិតមកត្រឹមព្រឹកថ្ងៃទី ០៤ ខែមេសា ឆ្នាំ២០២០ នេះ ចំនួនអ្នកជាសះស្បើយពីកូវីដ ១៩ នៅប្រទេសកម្ពុជាកើនដល់ ៤៩នាក់ ខណៈអ្នកកំពុងព្យាបាលមានការថយចុះមកនៅ ៦៥នាក់ (ស្រ្តី ២០នាក់ និងបុរស ៤៥នាក់)។ ក្នុងនោះដែរ ក្រសួងសុខាភិបាលបានប្រកាសកែតម្រូវតួលេខក្នុងថ្ងៃទី ០២ ខែមេសា ឆ្នាំ២០២០ លើតួលេខបុរសជាសះស្បើយមានចំនួន ២០នាក់ មិនមែន ២១នាក់ទេ៕