ថ្ងៃនេះកម្ពុជាជាសះស្បើយម្នាក់ទៀត គ្មានករណីឆ្លងថ្មីទេ
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលកម្ពុជានាព្រឹកថ្ងៃអាទិត្យ ទី៥ ខែមេសា នេះបានឱ្យដឹងថា កម្ពុជាមានអ្នកជាសះស្បើយម្នាក់ទៀតហើយ គឺបុរសអាយុ ៦២នាក់ជាជនជាតិម៉ាឡេស៊ី ជាក្រុមមកធ្វើការងារសាសនាស្នាក់នៅស្រុកកងមាស ខេត្តកំពង់ចាម។ បើសរុបអ្នកជាសះស្បើយត្រឹមថ្ងៃទី៥ ខែមេសា នេះ យើងមានអ្នកជាសះស្បើយទាំងអស់ ៥០នាក់ហើយ។ បើគណនាអត្រាជាសះស្បើយសរុប ៤៣,៨៥% ដែលជាអត្រាខ្ពស់មួយបើធៀបនឹងប្រទេសក្នុងតំបន់។
នេះជាការប្រែប្រួលវិជ្ជមានបំផុតសម្រាប់កម្ពុជារយៈពេលពីរថ្ងៃជាប់ៗគ្នា គឺថ្ងៃទី៣ និងថ្ងៃទី៤ ខែមេសា (លទ្ធផលត្រូវធ្វើសេចក្ដីប្រកាសព័ត៌មាន នៅព្រឹកមួយថ្ងៃបន្ទាប់) នេះដែលពុំមានករណីឆ្លងថ្មីសូម្បី ១ករណី និងមានអ្នកជាសះស្បើយ ២ថ្ងៃជាប់គ្នារហូតដល់ ១៦នាក់ (ម្សិលមិញ ១៥ករណី)។
សរុបត្រឹមម៉ោង ៧ព្រឹកថ្ងៃទី៥ ខែមេសា៖
- អ្នកព្យាបាលជាសះស្បើយ ៥០នាក់ មានបុរសជនជាតិចិន ១នាក់ ស្ត្រីជនជាតិអង់គ្លេស ២នាក់ បុរសជនជាតិអង់គ្លេស ១នាក់ បុរសជនជាតិប៊ែលហ្សិក ១នាក់ បុរសជនជាតិបារាំង ៨នាក់ (មានទារកអាយុ ៤ខែម្នាក់ផង) ស្ត្រីជនជាតិបារាំង ៩នាក់ បុរសជនជាតិម៉ាឡេស៊ី ៤នាក់ បុរសជនជាតិខ្មែរ ២៣នាក់ និងស្ត្រីជនជាតិខ្មែរ ១នាក់។
- អ្នកកំពុងសម្រាកព្យាបាល មានការថយចុះមកនៅត្រឹមតែ ៦៤នាក់ (ស្ត្រី ២០នាក់ និងបុរស ៤៤នាក់)
- អ្នកមានវីរុសកូវីដ១៩ ដែលបានរកឃើញទាំងអស់ មាន១១៤ករណី (ស្ត្រី ៣២នាក់ និងបុរស ៨២នាក់)
- កម្ពុជា មិនទាន់មានករណីស្លាប់ម្នាក់នោះទេ៕
ដោយ៖ រតនៈវិភូ