ដោយសារកូវីដ១៩ ភាពយន្តឯកសារខ្មែរមួយ ត្រូវលុបចោលការបញ្ចាំង ក្នុងរដ្ឋ Texas​



តាមរយៈខ្សែភាពយន្តមួយ ដែល​មានរយៈពេល ៩៤នាទី ឆ្លុះបញ្ចាំងរឿងរ៉ាវដ៏សំបូរបែបទៅជាតថភាពនៃចក្រភពរបស់លោកង៉ុយ និងរបៀបដែលគាត់ចាញ់ល្បែងទាំងអស់។ ភាពយន្តឯកសារនេះមានចំណងជើងថា “The Donut King” ត្រូវបានគេរំពឹងថានឹងចាក់បញ្ចាំងនៅមហោស្រពភាពយន្ត SXSW ក្នុងពិធីបុណ្យនៅអូស្ទីន ក្នុងរដ្ឋតិចសាស់ នៅពាក់កណ្តាលខែមីនា ប៉ុន្តែព្រឹត្តិការណ៍នេះត្រូវបានលុបចោលដោយសារការរាតត្បាតនៃជំងឺកូវីដ១៩។ ទោះជាយ៉ាង​ណាក្តី ខ្សែភាពយន្តនេះត្រូវបានគេទទួលស្គាល់ជាគណៈវិនិច្ឆ័យពិសេសសម្រាប់សមិទ្ធិផលក្នុងការនិទានរឿងឯកសារ។

ប័ណ្ណប្រកាស (Poster)សម្រាប់ "The Donut King"ដឹកនាំដោយ  Alice Gu

Alice Gu ជាផលិតករភាពយន្ត ហើយក៏ជាអ្នកជំនាញខាងចំណីអាហារមួយរូបផងដែរ។ បទពិសោធន៍ថ្មីសម្រាប់នាងនោះគឺនៅពេលដែលបានភ្លក់រសជាតិនំដូណាត់របស់ខ្មែរ ហើយនាងមិនធ្លាប់បានលឺពីមុននោះទេ។ ស្របពេលផលិតករភាពយន្តស្រីម្នាក់នេះកំពុងស្វែងរកអាហារសម្រន់តាមប្រព័ន្ធអ៊ីធឺណេត នាងបានប្រទះនឹងជនភៀសខ្លួនកម្ពុជាម្នាក់ឈ្មោះ Ted Bun Tek Ngoy ធ្លាប់ជាម្ចាស់ហាងដូណាត់ដ៏ធំនៅទូទាំងរដ្ឋកាលីហ័្វរញ៉ា សហរដ្ឋអាមេរិក។ បន្ទាប់មកនាងបានលាតត្រដាងអ្វីៗទាំងអស់អំពីលោកង៉ុយ ហៅថា “ស្តេចនំដូណាត់” តាមរយៈខ្សែភាពយន្ត។

ផលិតករភាពយន្ត Alice Gu

ខាងក្រោមជាជីវប្រវិត្តសង្ខេបដែលមាននៅក្នុងខ្សែភាពយន្តឯកសារនេះ៖

លោកង៉ុយបច្ចុប្បន្នមានអាយុ ៧៨ ឆ្នាំ និងកំពុងរស់នៅក្នុងរាជធានីភ្នំពេញ ដោយបានវិលត្រឡប់ទៅប្រទេសកំណើតវិញក្នុងទសវត្សឆ្នាំ ១៩៩០ បន្ទាប់ពីក្ស័យ ធន។ ទោះបីជាគាត់រវល់នឹងការងាររកលុយ និងគម្រោងថ្មីៗក៏ដោយ គាត់តែងបានទុកពេលវេលាដើម្បីនិយាយជាមួយផលិតករស្រីម្នាក់នោះគឺ Alice Gu ដូច្នេះគាត់​អាច​ប្រាប់​រឿង​រ៉ាវទៅនាង​បានយ៉ាង​ល្អ​ និងត្រឹ​ម​ត្រូវ​។

ង៉ុយកាលពីនៅក្មេង (សម្តែងដោយតារាសម្តែង) នៅក្នុងរឿង "The Donut King"

លោកង៉ុយកើតនៅស៊ីសុផុន ឬ ក្រុងសិរីសោភ័ណជាទីប្រជុំជនកម្ពុជាក្បែរព្រំដែនថៃ គឺខេត្តបន្ទាយមានជ័យ។ ឪពុករបស់គាត់បានស្លាប់នៅពេលគាត់មានអាយុ ៥ ឆ្នាំ ហើយម្តាយរបស់គាត់មកពីសាន់ធួ ក្នុងខេត្តក្វាងទុងប្រទេសចិនមិនហើយម្តាយលោកមិនចេះនិយាយភាសាខ្មែរទេ ដែលជាហេតុធ្វើឲ្យមានពួកគេពិបាកនឹងឆ្លងឆ្លើយគ្នា។ ជារៀងរាល់ថ្ងៃ សម្រាប់រយៈពេល ១៥ ឆ្នាំ ម្តាយ​របស់​លោក​បាន​ធ្វើជាអ្នក​ជួញ​ដូរ​ទំនិញនៅតាមព្រំដែន។

ដោយ​សារ​តែ​ម្តាយរបស់លោក​ ទើបង៉ុយបានដឹងពីសារៈសំខាន់នៃការខិតខំធ្វើការ មាន​ចិត្ត​ល្អសប្បុរស និងទទួល​បាន​ការអប់រំល្អ។ គាត់ទទួល​ស្គាល់​ថាប្រហែលជាដោយសារភាពក្រី​ក្រ​របស់​គ្រួសារលោក​ ទើនប​មិន​ធ្វើ​ឲ្យ​គាត់​បោះ​បង់ តែអ្វី​ដែល​លោក​ធ្វើគឺ​សុខចិត្តប្រថុយ​។

វាពិតជាពិសេសនៅពេលដែលលោកមានស្នេហា នៅពេលល្ងាចង៉ុយបានផ្លុំខ្លុយឲ្យក្មេងស្រីមា្នក់ឈ្មោះ Suganthini Khoeun ជាកូនរបស់មន្ត្រីដែលមានយសស័ក្តិថ្នាក់ខ្ពស់ម្នាក់ ទីបំផុតអ្នកទាំងពីរបានរៀបការជាមួយគ្នាទោះជាគ្រួសារ Suganthini Khoeun មិនពេញចិត្តលោកក្តី។

តាមរយៈប្អូនថ្លៃរបស់គាត់ លោកង៉ុយបានក្លាយជាអ្នកធំនៅក្នុងជួរកងទ័ពកម្ពុជា កាន់​ការងារជាអ្នក​បើក​ប្រាក់​ខែ និងបណ្តុះបណ្តាលទាហាន។ តែ​ក្រោយពេល​ដែឡ​មាន​ការបង្កើតឡើងនៃបដិវត្ត​នយោបាយ ប៉ុលពត (របបកុម្មុយនិស្ខ្មែរក្រហម) នៅកម្ពុជាបានធ្វើ​ឲ្យង៉ុយរត់ភៀសខ្លួនជាមួយប្រពន្ធកូនបីនាក់ បងប្អូនជីដូនមួយ ២ នាក់ និងក្មួយប្រុសម្នាក់ទៅកាន់សហរដ្ឋអាមេរិកក្នុងឆ្នាំ ១៩៧៥ ។

Ted Ngoy ជាមួយភរិយារបស់គាត់ឈ្មោះ Suganthini និងកូន ៗ បន្ទាប់ពីបានមកដល់សហរដ្ឋអាមេរិក។ រូបថត៖ Ted Ngoy

ការងារមួយក្នុងចំណោមការងារដំបូងរបស់ង៉ុយនៅសហរដ្ឋអាមេរិកគឺក្នុងនាមជាអ្នកបម្រើសេវាកម្មក្នុងស្ថានីយ៍មួយកន្លែង។ នៅយប់មួយគាត់បានធុំក្លិនអ្វីដែលផ្អែមនៅលើអាកាសហើយបន្ទាប់ពីច្រមុះរបស់គាត់បានមកដល់ហាងនំមួយដែលមានអ្នកលក់កំពុងមមាញឹក។ នៅពេលគាត់សាកល្បងភ្លក់នំនោះ គាត់​បាននឹកឃើញ​ដល់​នំកង​ខ្មែរភ្លាម (រាងមូលជាកងរង្វង់ ឬដូចនំដូណាត់ ជានំបំពងនៅស្រុកខ្មែរធ្វើពីខ្ទិះដូង)។

នៅក្នុងបទសម្ភាសន៍ជាមួយការសែត The Phnom Penh Post លោកង៉ុយបានរំលឹកពីការសន្ទនាមួយដែលគាត់បាននិយាយជាមួយស្ត្រីម្នាក់ដែលកំពុងអង្គុយនៅកន្លែងបញ្ជរ៖

«ប្រសិនបើខ្ញុំសន្សំប្រាក់បាន ៣ ០០០ ដុល្លារតើខ្ញុំអាចបើកហាងដូចនេះបានទេ»? នាងបាននិយាយមកកាន់​ខ្ញុំថា៖ អ្នកឆ្កួតហើយ អ្នកនឹងយកប្រាក់សន្សំរបស់អ្នកទៅបោះចោល​ហើយ។ ហេតុអ្វីបានជាអ្នកមិនទៅធ្វើការនៅហាងនំដូណាត់របស់ Winchell? ប្រសិនបើពួកគេព្រមទទួលអ្នក ពួកគេនឹងបណ្តុះបណ្តាលអ្នករយៈពេល ៣ខែ នោះអ្នកនឹងក្លាយជា​អ្នកគ្រប់គ្រងលើ​ការបណ្តុះបណ្តាល ហើយពួកគេនឹងផ្តល់ហាងមួយដល់អ្នក ដូច្នេះអ្នកមិនចាំបាច់ត្រូវសន្សំប្រាក់ទេ» ។ (Winchell’s Donut House) ជាហាងនំដូណាត់មួយដែលត្រូវបានបង្កើតឡើងដោយ Verne Winchell នៅថ្ងៃទី៨ ខែតុលា ឆ្នាំ១៩៤៨ នៅទីក្រុង Temple រដ្ឋ California

នៅពេលចប់ពីការងារជាអ្នកបម្រើសេវាកម្មក្នុងស្ថានីយ៍នៅម៉ោង ៦ ព្រឹក គាត់បានស្នើសុំមិត្តភក្តិម្នាក់ឲ្យនាំគាត់ទៅទីស្នាក់ការកណ្តាលរបស់ Winchell។ ពីមុនមកក្រុមហ៊ុនមិនដែលទទួលបុគ្គលិកជាជនជាតិអាស៊ីទេ ប៉ុន្តែភាពទាក់ទាញ និងសេចក្តីក្លាហានរបស់ង៉ុយបានឈ្នះលើចិត្តអ្នកគ្រប់គ្រងទូទៅពិចារណា។ ការសម្ភាសន៍ត្រូវបានចាប់ផ្តើម៖ «គាត់បាននិយាយថា Ted អ្នកត្រៀមខ្លួនហើយឬនៅ? តាមពិតខ្ញុំមិនបានគេងទេព្រោះ​ខ្ញុំ​ទើបតែ​បញ្ចប់ការងាររួច ខ្ញុំបាននិយាយថា “ខ្ញុំបានត្រៀមខ្លួនរួចរាល់ហើយ!” ... ហើយគាត់បានឲ្យខ្ញុំទៅធ្វើការភ្លាមៗគឺសម្អាតបន្ទប់ទឹក។ ប៉ុន្តែដោយសារខ្ញុំចង់ធ្វើវា ខ្ញុំបានយកឈ្នះភាពនឿយហត់ និងធ្វើការ ៨ ម៉ោងបន្ថែមទៀត» ។

រូបភាពពី៖ Flickr ហាងនំដូណាត់ Winchell ក្នុងឆ្នាំ ១៩៨៨ 

បន្ទាប់ពីការបណ្តុះបណ្តាលរយៈពេល ៣ ខែក្នុងនាមជាអ្នកធ្វើនំ និងជាអ្នកគ្រប់គ្រង លោកង៉ុយត្រូវបានគេប្រគល់​ហាង​ឲ្យគាត់គ្រប់គ្រង និង​ដំណើរ។ បន្ទាប់ពីធ្វើការ​បាន​រយៈពេល​មួយឆ្នាំនៅពេលដែលគាត់សន្សំប្រាក់បានគ្រប់គ្រាន់ គាត់បានទិញហាងនំដូណាត់ផ្ទាល់ខ្លួនរបស់គាត់មួយ ហើយដាក់ឈ្មោះវាថា (Christy) ជាឈ្មោះក្មេងម្នាក់ដែលប្រពន្ធរបស់គាត់បានយកមកចិញ្ចឹម។

នៅឆ្នាំ ១៩៧៩ ង៉ុយមានហាងនំដូណាត់ ២៥ នៅជុំវិញរដ្ឋកាលីហ្វ័រញ៉ា។ នៅពេលនោះមានជនភៀសខ្លួនកម្ពុជាជាច្រើនបានមកដល់សហរដ្ឋអាមេរិក ហើយគាត់បានឧបត្ថម្ភជាង ១០០ គ្រួសារដែលអះអាងថាមានទំនាក់ទំនងជាមួយគាត់៖

«អ្នករាល់គ្នាមើលមកខ្ញុំ ព្រោះខ្ញុំជាអ្នកមានបំផុត ខ្ញុំទទួលបានជោគជ័យក្នុងការធ្វើជំនួញដូណាត់ ...ខ្ញុំអាចផ្តល់ការងារឲ្យពួកគេ ឬខ្ញុំអាចជួលហាងមួយសម្រាប់ពួកគេ ឬបង្វឹកពួកគេឲ្យធ្វើពាណិជ្ជកម្ម ដូច្នេះខ្ញុំមិនអាចនិយាយថាទេ»។

មកដល់ចំណុច​កំពូល​មួយ លោកង៉ុយមានហាងចំនួន ៦៥ ហើយទ្រព្យសម្បត្តិរបស់លោកត្រូវបានប៉ាន់ប្រមាណថាមានចំនួន ២០ លានដុល្លារអាមេរិក។ គ្រួសាររបស់គាត់បានផ្លាស់ប្តូរពីខុនដូទៅជាវិមាន ៣ ជាន់ដែលមានតម្លៃ ១ លានដុល្លារអាមេរិក។ បន្ទាប់ពីការខិតខំអស់រយៈពេលជាច្រើនឆ្នាំក្រុមគ្រួសារបានរៀបចំវិស្សមកាលដំបូងជាមួយគ្រួសារនៅ Las Vegas

អ្វី​ៗ​ត្រូវ​បាន​ចប់​ក្រោយង៉ុយ​លេង​ល្បែង នៅចុងទសវត្សឆ្នាំ ១៩៨០ លោកង៉ុយបានប្រមូលទ្រព្យសម្បត្តិរបស់គាត់យ៉ាងច្រើន ពីការលក់ហាងរបស់គាត់ទៅឲ្យ “ញាតិសន្ដាន” របស់គាត់នៅស្រុកខ្មែរ។ មួយទសវត្សរ៍ក្រោយមកគាត់បានបាត់បង់វិមាន និងវិលត្រឡប់មករស់នៅក្នុងប្រទេសកម្ពុជាវិញ។ ប្រពន្ធរបស់បានលែងលះជាមួយគាត់ ហើយទំនាក់ទំនងរបស់គាត់ជាមួយកូនៗក៏បានបែកបាក់គ្នាដែរ។

ក្រោយមកទៀតលោកង៉ុយបានក្លាយជាព្រះសង្ឃមួយរយៈពេលខ្លីនៅឯព្រះវិហារព្រះពុទ្ធសាសនាមួយនៅទីក្រុងវ៉ាស៊ីនតោន ប៉ុន្តែដោយលោកមិនអាចទាត់ចោលនូវការញៀននឹងល្បែង គាត់បានត្រឡប់ទៅលេងល្បែងដូចកាលពីមុនបន្ទាប់ពី ២ ឬ៣ខែក្រោយ។

ប្រភពរូប៖ SCMP

នេះជាសម្តីដែលគាត់បាននិយាយ៖ «នៅពេលអ្នកលេងល្បែង អ្នកមិនមានចេតនាបំផ្លាញជំនួញទេ។ អ្នកលេងល្បែងព្យាយាមរកលុយ ហើយបន្ទាប់មករត់ទៅ Las Vegas ។ ខ្ញុំបាត់បង់គំនិត ខ្ញុំមិនមែនជាមនុស្សដូចកាលពីមុនទៀតទេ ដូច្នេះខ្ញុំស្អប់ខ្លួនឯងណាស់»។

«ខ្ញុំមានអារម្មណ៍សោកស្តាយចំពោះកូនៗរបស់ខ្ញុំ ខ្ញុំចង់បញ្ឈប់ ប៉ុន្តែមានអ្នកលេងល្បែងពីរប្រភេទ៖ មួយពិតជាមិនចង់ឈប់ទេ ពីព្រោះពួកគេលេងល្បែងយ៉ាងសប្បាយ ហើយបន្ទាប់មក ខ្ញុំចង់បញ្ឈប់ ប៉ុន្តែខ្ញុំមិនដឹងថា​ឈប់​ដោយ​របៀបណាធ្វើទេ»។ ពាក្យថា (អ្នកលេងល្បែង) គឺគាត់ចង់សំដៅលើខ្លួនគាត់ផ្ទាល់។

Alice Gu មានអារម្មណ៍ថាហាង “The Donut King” ពិតជាមានសារៈសំខាន់សម្រាប់គាត់ខ្លាំងណាស់។ ដូច្នេះនាងបាននាំលោកង៉ុយត្រឡប់ទៅមើលខុនដូដំបូងរបស់គាត់ វិមានកម្ពស់ ៣ជាន់របស់គាត់ និងហាងដូណាត់ចាស់ៗជាច្រើន ដោយទៅលេងម្ចាស់ហាងដែលគាត់ធ្លាប់បានខ្ចីប្រាក់ដើម្បីលេងល្បែង។ ពេលនោះលោកបាននិយាយថា៖ «ខ្ញុំមានអារម្មណ៍សោកសៅ ព្រោះវារំលឹកខ្ញុំពីថ្ងៃដ៏រុងរឿងនៃការមានទ្រព្យស្តុកស្តម្ភ ហើយភ្លាមៗនោះខ្ញុំចាស់ទៅ …ខ្ញុំមានអារម្មណ៍សោកស្តាយចំពោះកំហុសឆោតល្ងង់ ខ្ញុំមិនអាចផ្លាស់ប្តូរអតីតកាលបានទេ ខ្ញុំមានវិប្បដិសារី»។

លោកង៉ុយ៖ «មនុស្សគឺជាមនុស្ស ពួកគេដឹងថាអ្វីខុសអ្វីត្រូវ ប្រសិនបើខ្ញុំបោកមនុស្សដោយចេតនា ខ្ញុំមិនគិតថាពួកគេនឹងអត់ទោសឲ្យខ្ញុំទេ ប៉ុន្តែដោយសារតែការលេងល្បែងរបស់ខ្ញុំ បានធ្វើឲ្យជីវិតរបស់ខ្ញុំ... ពួកគេនឹងបានយល់ហើយពួកគេទាំងអស់នឹងបានអភ័យទោសដល់ខ្ញុំ»។

កាលពី ២ ឆ្នាំមុនលោកង៉ុយបានបោះពុម្ពកំណត់ហេតុមួយដែលមានឈ្មោះថា «The Donut King» ជាភាសាអង់គ្លេស និងភាសាខ្មែរ។ គាត់កំពុងបកប្រែវាទៅជាភាសាថៃ ហើយប្រហែលជាក្រោយមកទៀតទៅជាភាសាចិន។

លោក Ted Bun Tek Ngoy៖ «ខ្ញុំចង់ប្រាប់ក្មេងៗជំនាន់ក្រោយអំពីកេរ្តិ៍តំណែលរបស់ខ្ញុំគឺជាជនភៀសខ្លួនពីកន្លែងមួយដែលបានទៅដល់ប្រទេសដែលមានអំណាច និងផ្លាស់ប្តូរទីផ្សារដូណាត់ពីនំដូណាត់អាមេរិកមកជាជនជាតិខ្មែរ។ នោះជាប្រវត្តិសាស្រ្ត។»

ដោយ៖​ Thearith Chea (Anthony)

ប្រភព៖ South China Morning Post

X
5s