សម្តេចតេជោ៖ ទោះជាកម្ពុជាមានអ្នកជាសះស្បើយច្រើន តែកុំសប្បាយភ្លេចខ្លួនមិនការពារ
គិតមកត្រឹមថ្ងៃទី ០៧ ខែមេសា ឆ្នាំ២០២០នេះ កម្ពុជាមានអ្នកជាសះស្បើយពីកូវីដ ១៩ សរុបចំនួន ៥៨នាក់ ក្នុងចំណោមអ្នកឆ្លងសរុបចំនួន ១១៥នាក់ ដែលអាចចាត់ទុកថាជាទិន្នន័យមួយល្អសម្រាប់កម្ពុជា។
នាព្រឹកថ្ងៃទី ០៧ ខែមេសា ឆ្នាំ២០២០ បានធ្វើសន្និសិទព័ត៌មានពិសេសមួយ ពាក់ព័ន្ធបច្ចុប្បន្នភាពនៃជំងឺកូវីដ ១៩ នៅកម្ពុជា នាវិមានសន្តិភាព សម្តេចបានមានប្រសាសន៍ថា៖ «ទោះជាមកទល់ពេលនេះមានកម្ពុជាមានអ្នកជាសះស្បើយពីកូវីដ ១៩ រហូតដល់ទៅ ៥៨នាក់ក្តី តែការប្រុងប្រយ័ត្នត្រូវតែបន្តធ្វើដោយមិនអាចធ្វេសប្រហែសបានឡើយ»។ សម្តេចក៏បានលើកឡើងបន្តទៀតថា កាលពី ៣ថ្ងៃមុននេះ កម្ពុជាពុំបានរកឃើញករណីឆ្លងណាមួយពីកូវីដ ១៩ទេ ពោលគឺថ្ងៃទី ០៤ ០៥ និង០៦ ខែមេសា ២០២០ ចំណែកថ្ងៃនេះមានអ្នកឆ្លងតែម្នាក់ប៉ុណ្ណោះជាស្ត្រីជនជាតិវៀតណាម។ កាលពីពេលដំបូងប្រជាជនខ្មែរមានការភ័យខ្លាចស្លន់ស្លោរចំពោះកូរ៉ូណា រហូតសម្តេចបានមានប្រសាសន៍ថា «ជំងឺដែលខ្មែរកំពុងជួបគឺជំងឺភ័យខ្លាច និងមែនជំងឺកូរ៉ូណាទេ» តែខ្មែរឆាប់ភ័យ ក៏័ឆាប់ភ្លេចខ្លួនដែរ ។ ទោះជាខ្មែរមានអ្នកជាសះស្បើយច្រើន ពិសេសមិនទាន់មានអ្នកស្លាប់ដោយសារកូវីដនេះក្តី តែ យើងមិនត្រូវសប្បាយរីករាយទេចំពោះសមរភូមិមួយនេះ ដែលនាំមកនូវហានិភ័យសម្រាប់ប្រទេសយើងទេ យើងត្រូវមានវិធានការការពារ៕
ដោយ៖ យ៉ាយ៉ា