លោក បូរីស ចនសុន ត្រូវបញ្ជូនទៅកាន់ផ្នែកសង្រ្គោះបន្ទាន់ ខណៈស្ថានភាពកូវីដ១៩របសលោកកាន់តែធ្ងន់ធ្ងរ​



លោកនាយករដ្ឋមន្រ្តីអង់គ្លេស បូរីស ចនសុន (Boris Johnson) ត្រូវបានបញ្ចូនទៅកាន់ផ្នែកសង្រ្គោះបន្ទាន់ (ICU)នៅមន្ទីពេទ្យទីក្រុងឡុងដ៏ នាយប់ថ្ងៃចន្ទ បន្ទាប់ពីរោគសញ្ញាជំងឺកូវីដ១៩របស់លោកកាន់តែធ្ងន់ធ្ងរ។ នេះបើយោងតាមសេចក្ដីថ្លែងការណ៍មួយ ដែលចុះផ្សាយដោយកាសែត USATODAY។ 

ស្ថានភាពជំងឺរបស់លោក ចនសុន កាន់តែធ្ងន់ធ្ងរឡើង ហើយក្រោមការណែនាំពីក្រុមគ្រូពេទ្យ លោកត្រូវបានបញ្ជូនទៅកាន់ផ្នែកសង្រ្គោះបន្ទាន់ នៅក្នុងមន្ទីពេទ្យ St Thomas នាទីក្រុងឡុងដ៏។

នេះបើយោងតាមអ្នកនាំពាក្យ លោកនាយករដ្ឋមន្រ្តីនៅដឹងខ្លួននៅឡើយ ដោយលោកបានបន្ថែមទៀតថា លោកនាយករដ្ឋមន្រ្តី ចនសុន ត្រូវបានបញ្ជូនទៅកាន់បន្ទប់សង្គ្រោះបន្ទាន់ ICU ដើម្បីបម្រុងនៅពេលលោកត្រូវការឧបករណ៍ជំនួយដង្ហើមដើម្បីធ្វើការព្យាបាលជំងឺកូវីដ១៩ របស់លោក។

ខណៈជំងឺមានស្ថានភាពធ្ងន់ធ្ងរលោកនាយករដ្ឋមន្រ្តីអង់គ្លេសវ័យ ៥៥ឆ្នាំរូបនេះ បានស្នើសុំឲ្យលោក Dominic Raab លេខាធិការក្រសួងការបរទេស ទទួលខុសត្រូវការងារមួយចំនួនជំនួសលោក។ នេះបើយោងតាមសេចក្ដីប្រកាសរបស់វិមានរដ្ឋាភិបាល 10 Downing Street ។ 

លោក Raab ដែលពេលនេះមានភារៈកិច្ចទទួលបន្ទុកជំនួសលោកនាយករដ្ឋមន្រ្តី បានមានប្រសាសន៍ថា៖​ «លោក បូរីស ចនសុន ឥលូវនេះកំពុងស្ថិតនៅក្នុងផ្នែកសង្រ្គោះបន្ទាន់ ហើយលោកបានបន្ថែមទៀតថាលោកនារករដ្ឋមន្ត្រីកំពុងស្ថិតក្នុងកន្លែងសុវត្តិភាពជាមួយក្រុមគ្រូពេទ្យជំនាញៗ នៅក្នុងមន្ទីពេទ្យ St Thomas' Hospital»។

គួរបញ្ជាក់ផងដែរថា លោកនាយករដ្ឋមន្រ្តីអង់គ្លេស បូរីស ចនសុន បានធ្វើតេស្តវិជ្ជមានកូវីដ១៩ កាលពីថ្ងៃទី២៧ មីនា ២០២០ កន្លងទៅ៕

អត្ថបទទាក់ទង៖ 

 

X
5s