​Trump ព្រមាន​សងសឹក​ បើ​​​ឥណ្ឌា​​ដាក់​កម្រិត​លក់​ថ្នាំ​គ្រុនចាញ់​​ព្យាបាល​កូវីដ​ដល់​ខ្លួន​​



ភ្នាក់ងារ​សារព័ត៌មាន​អន្តរជាតិ​មាន​ការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​អំពី​ បញ្ហា​រវាង​ ឥណ្ឌា​ និង​ សហរដ្ឋអាមេរិក​ ជុំវិញ​រឿង​ថ្នាំ​គ្រុន​ចាញ់​ Hydroxychloquine អាច​ព្យាបាល​ជំងឺ​កូវីដ​១៩ បាន​ខណៈ​ឥណ្ឌា​មាន​បំណង​បន្ថយ​ការ​នាំ​ចេញ​ ដើម្បី​ទុក​សម្រាប់​ផ្គត់ផ្គង់​​ក្នុង​ស្រុក​របស់​ខ្លួន។

ការ​ប្រកាស​នាពេល​នេះ​ គឺ​ធ្វើ​ឡើង​បន្ទាប់​​ពី​ការ​ប្រកាស​ពី​​​លោក​ Narendra Modi ​កាល​ពី​ថ្ងៃ​អង្គារ​នេះ ថា​ ​ឥណ្ឌា​អាច​បន្ថយ​ការ​នាំ​ចេញ​ឱសថ​ព្យាបាល​ជំងឺ​គ្រុន​ចាញ់​ Hydroxychloquine ដែល​រដ្ឋបាល​ Trump ចាត់​ទុក​ថា​ ជា​អាវុធ​ដ៏​សំខាន់​​សម្រាប់​ប្រយុទ្ធ​ជា​មួយ​នឹង​កូវីដ​១៩។ ​ក្រៅ​ពី​ថ្នាំ​គ្រុនចាញ់​នេះ​ ឥណ្ឌា​ ក៏​គ្រោង​កាត់​បន្ថយ​ថ្នាំ​ Paracetamol ថ្នាំ​បន្ថយ​ការ​ឈឺចាប់​ ខណៈ​ស្តុក​ហាក់​​ស្រក​បន្តិច​ បន្ទាប់​ពី​ចង្វាក់​ផ្គត់ផ្គង់​ជួប​នូវ​តម្រូវ​ការ​ខ្ពស់។

ជុំវិញ​​បញ្ហា​ ភ្នាក់ងារ​ព័ត៌មាន​អន្តរជាតិ​ធំៗ​ បាន​រាយការណ៍​ថា​ ​លោក​ Trump បាន​និយាយ​ជា​មួយ​លោក​ Modi កាល​ពី​ចុង​សប្ដាហ៍​មុន​ ដោយ​សុំ​ឱ្យ​មាន​ការ​ផ្គត់ផ្គង់​​ឱ្យ​បាន​ច្រើន​ ហើយ​​ថែម​ទាំង​ពន្លយ​ពាក្យ​ផង​ថា​ ការ​សងសឹក​អាច​នឹង​កើត​មាន​ឡើង​ប្រសិន​បើ​​ឥណ្ឌា​ មិន​ព្រម​ដក​បម្រាម​លើ​ការ​នាំ​ចេញ​ឱសថ​នេះ​នោះ​ទេ។ ​

ឥណ្ឌា​ ដែល​ត្រូវ​​បាន​គេ​ចាត់​ទុក​ថា​ ជា​ប្រទេស​ដែល​មាន​ក្រុមហ៊ុន​ឱសថ​ជា​ច្រើន​ មិន​ត្រឹម​តែ​អាមេរិក​ទេ សូម្បី​តែ​ប្រទេស​ជិត​ខាង​ ក៏​បញ្ជា​ទិញ​ថ្នាំ​ប្រភេទ​ខាង​លើ​ច្រើន​ណាស់​ដែរ​ ក្នុង​នោះ​មាន​ នេប៉ាល់។ ​អ្នក​នាំពាក្យ​ក្រសួង​ការ​បរទេស​ឥណញឌា​លោក​ Anurag Srivastava ​បាន​អះអាង​​ដូច្នេះ​ថា​ ៖«យើង​​បាន​សម្រេច​ចិត្ត​ហើយ​ថា​ ឥណ្ឌា​នឹង​ផ្ដល់​អាជ្ញាប័ណ្ណ​បន្ត​ដល់​ការ​នាំ​ចេញ​ប៉ារ៉ាសេតាម៉ុល​ និង​ថ្នាំ​ Hydroxychloquine​ ក្នុង​បរិមាណ​ដែល​ត្រូវ​កំណត់​ ទៅ​កាន់​​ប្រទេស​ជិត​ខាង​របស់​យើង​ទាំង​អស់​ដែល​ពឹង​​លើ​សមត្ថភាព​របស់​យើង។ យើង​នឹង​ផ្គត់ផ្គង់​ថ្នាំ​ដែល​ចាំបាច់​ទាំង​នេះ​ទៅ​កាន់​ប្រទេស​មួយ​ចំនួន​ដែល​ទទួល​រង​គ្រោះ​ខ្លាំង​ដោយ​ជំងឺ​រាតត្បាត​នេះ»

ការ​ប្រើ​ប្រាស់​ថ្នាំ​គ្រុន​ចាញ់​​ Hydroxychloquine ​បាន​កើន​ឡើង​យ៉ាង​គំហុក​បន្ទាប់​ពី​អាមេរិក​បាន​ក្លាយ​ជា​​ប្រទេស​ដែល​មាន​អ្នក​ឆ្លង​ច្រើន​ជាង​គេ ហើយ​មាន​ការ​អះអាង​​ពី​អ្នក​ជំនាញ​ថា​ ​ឱសថ​ប្រភេទ​នេះ​​​មាន​ប្រសិទ្ធភាព​ព្យាបាល​​ Covid១៩ នេះ។ ​

គូស​បញ្ជាក់​ថា​ រហូត​មក​ដល់​ពេល​នេះ​ សហរដ្ឋអាមេរិក​មាន​អ្នក​ឆ្លង​សរុប​ ៣៦៨ ១៧៤​ករណី​ (ច្រើន​ជាង​​គេ​បំផុត) និង​មាន​អ្នក​ស្លាប់​ ១០ ៩៦៦​​ប្រកៀក​នឹង​អេស្ប៉ាញ​ដែរ៕​

ដោយ៖ រតនៈវិភូ
ប្រភព៖ CNBC, Reuter, New York Times

 

X
5s