២ ករណីបន្ថែមទៀតជាប្តីប្រពន្ធនឹងគ្នា ពាក់ព័ន្ធជាមួយស្ត្រីវៀតណាមម្សិលមិញ
យោងតាមការចេញផ្សាយពីក្រសួងសុខាភិបាល នៅថ្ងៃទី ០៨ ខែមេសា ឆ្នាំ ២០២០ បានឲ្យដឹងថា បានរកឃើញ ២ករណីថ្មីបន្ថែមទៀតលើកូវីដ ១៩ ដែលជាបុរសអាយុ ៤៧ ឆ្នាំ និងស្ត្រីអាយុ ៤៥ ឆ្នាំ។ អ្នកទាំងពីរជាប្ដីប្រពន្ធនឹងគ្នា រស់នៅក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ បានពិនិត្យឃើញថាមានលទ្ធផលតេស្តវិជ្ជមានលើកូវីដ ១៩។
ក្រសួងក៏បានធ្វើការបញ្ជាក់ដែរថា បុរសរូបនោះគឺជាមិត្តភក្កិបុរសជនជាតិចិនដែលចូលមកប្រទេសកម្ពុជា កាលពីថ្ងៃទី ២០ខែមីនាឆ្នាំ ២០២០ ទៅជនជាតិចិនរូបនោះជាអ្នកឧស្សាហ៍ធ្វើដំណើរឡើងចុះប្រទេសកម្ពុជា ហើយក៏បានចាកចេញពីកម្ពុជានៅថ្ងៃទី ៣ ខែមេសាឆ្នាំ ២០២០។ ក្រោយចាកចេញពីកម្ពុជាអាជ្ញាធរសុខាភិបាលចិនក៏បានរកឃើញថាបុរសជនជាតិចិនរូបនោះមានលទ្ធផលវិជ្ជមានលើកូវីដ ១៩។ លើសពីនេះបុរសជនជាតិចិនរូបនោះជាមិត្តប្រុសរបស់ស្ត្រីជនជាតិវៀតណាមដែលបានរកឃើញលទ្ធផលវិជ្ជមានកាលពីថ្ងៃម្សិលមិញ។ ពេលនេះ បុរស និងស្រ្តីជាជនជាតិខ្មែរ ២នាក់ប្តីប្រពន្ធបានដាក់ឲ្យសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែក្រោម។
គួរបញ្ជាក់ផងដែរថាគិតត្រឹមថ្ងៃទី ៨ ខែមេសា ឆ្នាំ ២០២០ នេះ អ្នកឆ្លងកូវីដ ១៩ សរុបនៅប្រទេសកម្ពុជា មានចំនួន ១១៧នាក់ ស្ត្រី ៣៤ នាក់និងបុរស ៨៣នាក់៕